ភ្នំពេញៈ ថ្ងៃនេះគឺជា ថ្ងៃកំណត់ របស់សាលារាជធានី ភ្នំពេញ ក្នុងការលែងអនុញ្ញាត ឲ្យគេយក ចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ព្រះមុនីវង្ស ទៅធ្វើអាជីវកម្ម ជាកន្លែងចតយានយន្ត តទៅទៀតហើយ ។ ក្នុងករណីនរណានៅតែល្មើស និងសេចក្តី ជូនដំណឹងរបស់សាលារាជធានីនោះ អាជ្ញាធរ សមត្ថកិច្ច នឹងចាត់វិធានការ តាមផ្លូវច្បាប់ដោយ មិនលើកលែង និងទទួល ខុសត្រូវ នូវរាល់ការខូចខាតទ្រព្យសម្បត្តិ ទាំងឡាយដែលកើតមាន ក្នុងការអនុវត្តវិធានការនេះឡើយ ។
យោងតាមសេចក្តីជូនដំណឹង របស់សាលារាជធានីភ្នំពេញ ដែលចេញកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២ ស្តីពីការបញ្ឈប់ ការយកចិញ្ចើមផ្លូវ និងទ្រូងផ្លូវប្រើប្រាស់ ជាទីតាំងអាជីវកម្ម និងចំណត រថយន្តរបស់អាជីវកម្មដ្ឋាននានា តាមដងមហាវិថី ព្រះមនីវង្ស បានឲ្យដឹងថា សាលារាជធានីភ្នំពេញ បានជម្រាបជូនដំណឹង ដល់សាធារណជននិងម្ចាស់អាជីវកម្ម ទាំងអស់ដែល មានទីតាំងនៅតាម ដងមហាវិថីព្រះមនីវង្ស ឲ្យបានជ្រាបថា កន្លងមកដោយ សង្កេតឃើញថា មានការប្រើប្រាស់ចិញ្ចើមផ្លូវ សម្រាប់ប្រកបអាជីវកម្ម និងទ្រូងផ្លូវសម្រាប់ ចតរថយន្ត យានយន្ត ដោយឥតសណ្តាប់ធ្នាប់ បណ្តាលឲ្យមានការកកស្ទះ ព្រមទាំងបង្កឲ្យ កើតមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ។
ដើម្បីរក្សាបាននូវសុវត្ថិភាពសណ្តាប់ធ្នាប់របៀបរៀបរយ និងសម្រួលដល់ការធ្វើ ចរាចររបស់ ប្រជាពលរដ្ឋ នៅរាជធានីឲ្យ សក្តិសមជាប្រជាពលរដ្ឋថ្លៃថ្នូរ មានសីលធម៌រស់នៅក្នុងសង្គម ស៊ីវីល័យ ទីក្រុងរីកចម្រើន មានការអភិវឌ្ឍន៍ ។
សាលារាជធានីកំណត់ឲ្យម្ចាស់អាជីវកម្មទាំងអស់ដែលមានទីតាំងនៅសង្ខាងដងផ្លូវ មហាវិថី ព្រះមុនីវង្ស បញ្ឈប់ការ ប្រើបា្រស់ ចិញ្ចើមផ្លូវ និងទ្រូងផ្លូវធ្វើជាទីតាំងអាជីវកម្ម ចំណតរថយន្ត និងយានយន្តគ្រប់ប្រភេទ ដោយគិតចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១២ នេះតទៅ ។
ក្នុងករណីមិនគោរពតាម ការណែនាំខាងលើនេះ សាលារាជធានីនឹងចាត់វិធានការ រដ្ឋបាល តាមច្បាប់ និងមិនទទួលខុសត្រូវ ចំពោះការខាតបង់និងខូចខាត ទ្រព្យសម្បត្តិទាំងឡាយ ដែលកើតមានក្នុងពេលអនុវត្ត វិធានការឡើយ ។ ក្នុងនោះ សាលារាជធានី ក៏ស្នើឲ្យម្ចាស់យានយន្ត ម្ចាស់អាជីវកម្ម ទាំងអស់ ស្ថិតនៅទីតាំង ខាងលើ យោគយល់និងចូលរួម អនុវត្ត ខ្លឹមសារ នៃសេចក្តីជូនដំណឹងនេះ ហើយស្នងការដ្ឋាន នគរបាល បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រួមទាំង អភិបាលខណ្ឌដូនពេញ ៧មករា អភិបាលខណ្ឌចំការមន និងអាជ្ញាធរសមត្ថកិច្ច ពាក់ព័ន្ធត្រូវចូលរួមសហការ ថែរក្សា សណ្តាប់ធ្នាប់តាមដងមហាវិថី ព្រះមុនីវង្សធ្វើជាគំរូនិងបទពិសោធន៍ សម្រាប់បន្តអនុវត្ត នៅវិថីដទៃទៀត ។
ពាក់ព័ន្ធទៅនឹងសេចក្តីជូនដំណឹង ខាងលើរបស់សាលារាជធានីភ្នំពេញ បានធ្វើឲ្យអ្នកទីក្រុង ភាគច្រើនសាទរ ប្រសិនបើ ចំណាត់ការ ខាងលើនេះសាលារាជធានីភ្នំពេញ អនុវត្តមាន ប្រសិទ្ធិភាពនិង ទទួលបានជោគជ័យ ។ ប៉ុន្តែរហូតមក ដល់ថ្ងៃ ឱសានុវាទ ចុងក្រោយនេះ មតិមួយចំនួននៅមិនទាន់មានជំនឿ ថាសាលារាជធានី នឹងអនុវត្តមានប្រសិទ្ធិភាព នៅឡើយ នោះទេ ព្រោះតែគេដឹងថា នៅតាមដងមហាវិថីព្រះមុនីវង្ស ភាគច្រើនលើសលប់ សុទ្ធតែ ជាកន្លែង ប្រកបអាជីវកម្ម ហើយកន្លែង ប្រកបអាជីវកម្ម ទាំងអស់នោះ ជាពិសេសទីតាំង បើកអាជីវកម្ម ភោជនីយដ្ឋាន តែម្តងភាគច្រើន មិនមានចំណតឯកជន សម្រាប់ ឲ្យភ្ញៀវ ចតយានយន្ត នៅឡើយនោះទេ ។ ចិញ្ចើមផ្លូវ ទ្រូងផ្លូវ ត្រូវបានម្ចាស់អាជីវកម្ម និងភោជនីយដ្ឋានខ្លះ អនុញ្ញាតឲ្យភ្ញៀវ ចតយានយន្ត នៅលើទ្រូងផ្លូវ ២ជួរ៣ជួរទៀតផង ។ ចំណែកសន្តិសុខយាមរថយន្តភ្ញៀវ បានក្លាយទៅជា នគរបាលចរាចរ គ្មានជំនាញ បញ្ជាចរាចរ ចេញចូល សម្រាប់រថយន្តភ្ញៀវ ចូលហាងរបស់ខ្លួន ធ្វើឲ្យកកស្ទះជាច្រើនម៉ោងក៏មានដែលភោជនីយដ្ឋាន ទាំងអស់នោះ គេសង្កេតឃើញមាននៅម្តុំហាងមុខពេទ្យកាល់ម៉ែត្រម្តុំតាយតាយ ស៊ាវស៊ាវ និងបណ្តាល ហាងមួយចំនួនទៀត នៅខាងក្រោមភ្លើងស្តុបពេទ្យចិន ជាដើមជាពិសេសភោជនីយដ្ឋាន ប៉ោកី តែម្តង ។
ពាក់ព័ន្ធទៅនឹងសេចក្តីជូនដំណឹងខាងលើនេះ លោក ឡុងឌីម៉ង់ អ្នកនាំពាក្យ សាលារាជធានី ភ្នំពេញ បានប្រាប់ដើមអម្ពិល តាមទូរស័ព្ទនៅវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី១៤ ខែធ្នូថា លោកនៅមិនទាន់ ហ៊ានអះអាងថា នឹងប្រើប្រាស់វិធានការ យ៉ាងណានៅឡើយទេ ។ ប៉ុន្តែប្រសិនបើមានម្ចាស់ អាជីវកម្មធ្វើខុសពីគោលការណ៍ របស់សាលារាជធានីមែនសាលារាជធានី នឹងមានវិធានការទៅតាមសេចក្តីជូនដំណឹងហើយ ។
លោក សាន ជាមន្ត្រីរាជការមួយរូបហើយឧស្សាហ៍ធ្វើដំណើរតាមមហាវិថីព្រះមុនីវង្ស បានបញ្ចេញ ជាមតិថា លោក សូមគាំទ្រ វិធានការរបស់សាលារាជធានីខាងលើនេះ បើមិនដូច្នេះចម្ងាយផ្លូវ៣គីឡូពីផ្ទះទៅកន្លែងធ្វើការលោក ត្រូវប្រើពេលជាង កន្លះម៉ោង ក្នុងការបើកបររថយន្ត លើផ្លូវព្រះមុនីវង្ស ហើយបើចេញពីធ្វើការ ពេលល្ងាច ហ៊ានតែបើកលើ ផ្លូវព្រះមុនីវង្ស លោកត្រូវ ប្រើពេលជាង១ម៉ោងទើបដល់ផ្ទះព្រោះហាង ភាគច្រើន គាត់ឲ្យរថយន្ត ភ្ញៀវចត២ជួរ នៅលើទ្រូងផ្លូវ សូម្បីតែផ្លូវកែង ក៏រថយន្ត អាចចតបានដែរ ។ លោក សាន បានបន្តថា បើសាលារាជធានីមិនប្រញាប់ រៀបចំសណ្តាប់ធ្នាប់ទេ ផ្ទះបើក ភោជនីយដ្ឋាន ភាគច្រើន គាត់មិនគិតគូរៀបចំកន្លែងចំណត រថយន្តភ្ញៀវនោះទេ ព្រោះពួកគាត់អាង យកចិញ្ចើមផ្លូវ យកទ្រូងផ្លូវ ធ្វើជាចំណត ហើយពេលខ្លះយកកៅអី យកស្លាកហាមអ្នកដទៃចត ទៅដាក់ហាមនៅកណ្តាលថ្នល់ទៀត ក្រៅពីរថយន្តចូល ហាងរបស់គាត់ គឺហាមរថយន្ត អ្នកផ្សេង ចូលចតថែមទៀត ។
ដោយឡែកលោក ម៉ាប់ ដែលជាអ្នករត់ម៉ូតូកង់បីវិញ ពេលដើមអម្ពិលជួបសម្ភាសន៍ កាលពី យប់ថ្ងៃទី១៣ធ្នូ កន្លងទៅ ខណៈលោក ឈប់ចាំដឹកម៉ូយ នៅមុខហាងចិនស៊ាវស៊ាវ នោះត្រូវ បានលោកអះអាងថា ចំណាត់ការរបស់សាលាក្រុង នេះគឺវាល្អហើយ ខ្លាចតែអនុវត្តមិនបាន ចុងក្រោយគ្រាន់តែ ជាវិធីគោះទឹកបង្អើលត្រីតែប៉ុណ្ណោះ ។
លោក ម៉ាប់ បានបន្តថា បើសាលាក្រុងអនុវត្តតាមសេចក្តីជូនដំណឹង របស់ខ្លួនបាន១០០ ភាគរយមែន គឺមានន័យថា ហាងបាយ ហាងផឹកស៊ី ហាងចិន ហាងបបរស នៅតាមផ្លូវ ព្រះមុនីវង្ស ៨០ភាគរយ នឹងបិទទ្វារព្រោះគ្មានភ្ញៀវចូល ដោយសារមិនមាន ចំណតសម្រាប់ ភ្ញៀវចតនោះឡើយ ។
ទោះបីជាមន្ត្រីសាលារាជធានីអះអាងថា នឹងប្រើវិធានការបើម្ចាស់អាជីវកម្ម មិនអនុវត្តតាម ហើយ មតិប្រជាពលរដ្ឋខ្លះ មាន ជំនឿថា នឹងអនុវត្តបានក៏ដោយ ក៏រហូតមកដល់ពេលនេះ ឱសានុវាទ នៅមិនទាន់ផុតនៅឡើយនោះទេ ។
ដូច្នេះគេគួរតែនាំគ្នា រងចាំមើលពីរបីថ្ងៃទៀត ថាតើសេចក្តីជូនដំណឹងរបស់សាលារាជធានី គេអនុវត្តតាម បានកម្រិតប៉ុណ្ណា ហើយ សាលារាជធានីនឹងមានវិធានការបន្តយ៉ាងណា ? ជោគជ័យ! ឬបរាជ័យ គេនៅមិនទាន់កំណត់បាននៅឡើយទេ តែអ្នក ភ្នំពេញសង្ឃឹមលើ សមត្ថភាព លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ ដែលកាន់តំណែង អស់រយៈពេល ជិត១០ឆ្នាំ មកហើយនោះ ៕


ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល