ប្រធានាធិបតីអាមេរិក Barack Obama ឈរនៅលើឆាក ក្បែរក្រុមតន្ត្រីល្បីឈ្មោះ ច្រៀងជូនពរថ្ងៃខួបកំណើតលើកទី ១៨របស់កូនស្រីច្បង គឺនាង Malia ។
Telegraph ដកស្រង់សំដីរបស់លោក Barack Obama និយាយលេងសើចនៅក្នុងពិធីខួបកំណើតកូនស្រីរបស់ខ្លួន នៅឯសេតវិមានថា “ខ្ញុំនៅមានកិច្ចការមួយទៀតដែលត្រូវធ្វើ។ ថ្ងៃបុណ្យឯករាជជាតិ បែរជាចំថ្ងៃកំណើតរបស់កូនស្រីខ្ញុំ។ ហើយតទៅនេះគឺជាបទចម្រៀងជូនពរថ្ងៃខួបកំណើតសម្រាប់កូនស្រី Malia”។
ភ្លាមនោះ ប្រធានាធិបតីអាមេរិក ក៏បានចាប់ផ្ដើមច្រៀង ហើយក៏ទទួលបានការអបអរយ៉ាងខ្លាំងក្លាពីអ្នកដែលបានចូលរួមក្នុងពិធីនេះ។ ទីបញ្ចប់នៃចម្រៀង នាង Malia ក៏បានឡើងលើឆាក ហើយស្រវាឱបពុករបស់ខ្លួន។
សូមរំលឹកថា កាលពីថ្ងៃទី ៤កន្លងទៅ អាមេរិក បានប្រារព្ធពិធីអបអរថ្ងៃបុណ្យឯករាជជាតិ ជាមួយនឹងអតីតទាហាន និងគ្រួសាររបស់ពួកគេ។ ព្រឹត្តិការណ៍នេះ តាមគម្រោងនឹងត្រូវធ្វើឡើងនៅឯវាយស្មៅភាគខាងត្បូង ប៉ុន្តែ ដោយសារមេឃភ្លៀង ទើបគេរើទៅធ្វើនៅក្នុងសាលភាគខាងលិចនៃសេតវិមាន។
Malia Obama ទើបតែបានបញ្ចប់ការសិក្សាពីវិទ្យាល័យ Sidwell Friends នៅ Washington។ នាងត្រូវបានគេទទួលឱ្យចូលសិក្សានៅឯសកលវិទ្យាល័យ Harvard ប៉ុន្តែ នាងសម្រេចចិត្តចំណាយពេលមួយឆ្នាំដើម្បីសម្រាក មុននឹងចាប់ផ្ដើមជីវិតជានិស្សិត។
លោក Obama កន្លងមក ល្បីឈ្មោះខាងយកចិត្តទុកដាក់ទៅលើគ្រួសារ ពិសេសគឺកូនស្រីទាំងពីររបស់ខ្លួន។ បើទោះជារវល់នឹងការងារយ៉ាងណាក៏ដោយ លោកនៅតែចំណាយពេលសម្រាប់កូនៗ និងខិតខំប្រឹងប្រែងដើម្បីក្លាយជាឪពុកដ៏ឆ្នើមម្នាក់។
ប្រែសម្រួល ៖ បុត្រា