នាវេលាម៉ោង ៩ និង២០នាទីយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១២ ហេតុការណ៍គ្រោះថ្នាក់ចរាចរមួយដ៏រន្ធត់ បានកើតឡើង តាមបណ្តោយផ្លូវព្រះមុនី រ៉េត ខាងលិចផ្សារស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលរថយន្តក្រុងយីហោ «អូរឡាំពិកដឹក អ្នកដំណើរភ្នំពេញ-វៀតណាម» បានកិនបុរសពីរនាក់ បែកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណៈដែលជនរងគ្រោះទាំង២នាក់ បានព្យាយាម ជិះម៉ូតូជែងម៉ូតូកង់បី ហើយជ្រុលទៅបុកជាមួយរថយន្តក្រុង។

/

យោងតាមប្រភពព័ត៌មានពីកាសែតដើមអម្ពិលនាំពាក្យមន្រ្តីនគរបាលនៅកន្លែងកើតហេតុ បានឲ្យដឹងថានៅវេលាម៉ោងកើតហេតុខាងលើគេ ឃើញជនរងគ្រោះទាំងពីរនាក់ បានជិះម៉ូតូម៉ាកវ៉េវ ពាក់ស្លាក់លេខ ភ្នំពេញ 1BI-6817 ឌុបគ្នាក្នុងទិសដៅ ពីផ្សារស្ទឹងមានជ័យ ឆ្ពោះទៅចំការដូង លុះដល់ចំណុចកើតហេតុជនរងគ្រោះទាំងពីរ បានព្យាយាមជិះម៉ូតូ ជែងនឹងម៉ូតូកង់៣ ហើយក៏ទៅបុកជាមួយរថយន្តក្រុងដឹកអ្នកដំណើរ ភ្នំពេញ-វៀតណាម ពាក់ស្លាកលេខ ភ្នំពេញ 3B-1583 ដួលបោកក្បាលទៅនឹងថ្នល់ បែកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង។

/

យោងតាមសាច់ញាតិនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ ខាងលើ ទី១. ឈ្មោះ ភក្ត្រា អាយុ ២៦ឆ្នាំ ស្នាក់នៅខណ្ឌដង្កោ និងទី២. ឈ្មោះ ដូច អាយុ ២៥ ឆ្នាំ ស្នាក់ នៅចំការដូង ជនរងគ្រោះទាំងពីរមានស្រុកកំណើតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល។ យោងតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា ក្រោយពេលកើតហេតុភ្លាមៗ គេសង្កេត ឃើញតំណាងភាគីរថយន្តក្រុង លោក ទៀង សុវណ្ណរិទ្ធ អាយុ ២៩ឆ្នាំ បានចុះមកសម្របសម្រួល រីឯអ្នក បើកបរបានរត់គេចខ្លួនបាត់ហើយ។ ដោយឡែកសពជនរងគ្រោះទាំងពីរ ត្រូវបានក្រុមសាច់ញាតិហៅ រថយន្តពេទ្យដឹកទៅស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី។

/

 

ដោយ៖ ណាវីប្រភព៖ ដើមអម្ពិល