ស្ថាបនិកនៃក្រុមហ៊ុនបច្ចេកវិទ្យាអវកាស SpaceX បានប្រកាសថា លោកចង់នាំមនុស្ស ១លាននាក់ ឡើងទៅរស់នៅលើភពព្រះអង្គារ ក្នុងសតវត្សទី ២១នេះ ព្រោះថា នេះគឺជាដំណោះស្រាយមួយ ជួយឱ្យមនុស្សលោក គេចចេញពីគ្រោះផុតពូជ។

លោក Elon Musk មានបំណង បញ្ជូនមនុស្ស ១លាននាក់ ទៅកាន់ក្រហមនេះ ក្នុងទសវត្សឆ្នាំ ២១០០
ទីភ្នាក់អវកាសជាច្រើន បានប្រឹងប្រែង ដើម្បីនាំមនុស្សពីរបីនាក់ ឡើងទៅកាន់ភពព្រះអង្គារ មុនឆ្នាំ ២០៣០។ ប៉ុន្ដែ គោលដៅនេះ គឺហាក់ដូចជាតូចខ្លាំងណាស់ ធៀបនឹងមហិច្ឆតារបស់ Elon Musk ដែលជាស្ថាបនិករបស់ក្រុមហ៊ុនបច្ចេកវិទ្យាអវកាស SpaceX ។ លោក Elon Musk មានបំណង បញ្ជូនមនុស្សចំនួន ១លាននាក់ ទៅកាន់ក្រហមនេះ ក្នុងទសវត្សឆ្នាំ ២១០០។ Elon Musk ជឿថា ការនាំមនុស្សទៅរស់នៅលើភពអង្គារ គឺជាវិធីតែមួយគត់ ដែលអាចជួយការពារមនុស្សលោក មិនឱ្យដាច់ពូជ នេះបើតាមការចុះផ្សាយរបស់ទស្សនាវដ្ដី AEON ។
កាលពីឆ្នាំទៅ នៅអាមេរិក ក្នុងសិក្ខាសាលមួយ ស្ដីអំពីបច្ចេកវិទ្យាអវកាស លោក Elon Musk ប្រកាសថា មនុស្សលោក មានតែពីរជម្រើសគត់ ក្នុងអនាគត ៖ ទៅគ្រប់គ្រងភពផ្សេង ឬផុតពូជ។ លោកសង្កត់ធ្ងន់ថា ៖ “ការផុតពូជ គឺជាលទ្ធផលដែលយើងមិនអាចជៀសបាន ប្រសិនយើងនៅតែបន្តរស់នៅលើភពផែនដី”។
សាស្ដ្រាចារ្យ Brian Cox អ្នកវិទ្យាសាស្ដ្រវ័យក្មេង ដែលមានឈ្មោះល្បីម្នាក់ នៅអង់គ្លេស ក៏មានការយល់ឃើញដូច Elon Musk។ លោក Brian Cox អះអាងថា ភាពល្ងង់ខ្លៅរបស់របស់មនុស្សលោក នឹងបញ្ចប់វត្តមានរបស់ខ្លួន។

លោក Elon Musk នឹងយានអវកាស SpaceX
ថ្មីៗនេះ អាមេរិកប្រកាសថា ខ្លួននឹងប្រើប្រាស់អាវុធនុយក្លេអែរ ដើម្បីទប់ទល់នឹងអាចម៍ផ្កាយដែលនឹងហោះមកបុកផែនដី។ ក៏ប៉ុន្ដែ សួរថា នៅពេលមានភពព្រះគ្រោះដ៏ធំមួយ ហោះតម្រង់មកផែនដី ហើយអាវុធនុយក្លេអែរ មិនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីកំទេច ឬបង្វែរគន្លងគោចររបស់វា ឱ្យងាកចេញពីផែនដី តើមនុស្សនឹងទៅជាយ៉ាងណា?
ម្យ៉ាងទៀត ជីវិតដែលលែងមានវត្តមាននៅលើបណ្ដាភពផ្សេងៗ បង្ហាញថា ពេលវេលាដែលមនុស្ស រស់នៅលើភពផែនដី គឺមានកំណត់។ ប្រសិនគេមើលទៅលើចំណេះដឹងផ្នែកបច្ចេកវិទ្យាបច្ចុប្បន្ន របស់មនុស្ស គេដឹងថា ព្រឹត្តិការណ៍ខុសធម្មតាមួយនឹងកើតនៅលើផែនដី។
លោក Elon Musk អធិប្បាយថា ៖ “ក្រុមមនុស្សដំបូង ដែលនឹងឡើងទៅកាន់ភពអង្គារ គឺត្រូវបង់ប្រាក់ សម្រាប់ដំណើរហោះហើររបស់ពួកគេ។ ដំណើរនេះ គឺដូចទៅនឹងការដែលជនជាតិអឺរ៉ុប ធ្វើដំណើរទៅកាន់ទ្វីបអាមេរិក កាលពីប៉ុន្មានរយឆ្នាំមុន”។

ការបញ្ជូនមនុស្ស ទៅភពអង្គារ គឺដើម្បីគេចពីគ្រោះផុតពូជ ដោយសារអាចម៍ផ្កាយ
គួររំលឹកថា ប៉ុន្មានខែមុន លោក Elon Musk ធ្លាប់បានបង្ហើបឱ្យដឹងថា SpaceX កំពុងតែទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ ទាក់ទិននឹងគម្រោងបង្កើតសហគមន៍របស់មនុស្ស នៅលើភពព្រះអង្គារ មុនអំឡុងឆ្នាំ ២០២០។
លោក Elon Musk ក៏ធ្លាប់អះអាងថា លោកបង្កើត SpaceX គឺមានគោលដៅតែមួយគត់ នោះគឺបង្កើត ប្រភេទកាំជ្រួចដែលមានសមត្ថភាពនាំមនុស្សទៅដល់ភពអង្គារ។ លោក គិតថា សំបុត្រសម្រាប់មនុស្សម្នាក់ ដែលធ្វើដំណើរទៅកាន់ភពក្រហមនេះ គឺមានតម្លៃ ៥០០.០០០ ដុល្លារសហរដ្ឋ អាមេរិក/ជើង។

Mars One ក៏មានគម្រោងបញ្ជូនមនុស្សទៅកាន់ភពអង្គារ
សូមរំលឹកដែរថា Mars One ដែលជាក្រុមហ៊ុនមួយ មានគោលដៅដូចទៅនឹង SpaceX កាលពីឆ្នាំ ២០១៣ បានប្រកាសថា មានមនុស្សជាង ៧៨.០០០នាក់ បានដាក់ពាក្យប្រកួតប្រជែង ដើម្បីមានឱកាសទៅរស់នៅលើភពអង្គារ ក្រោមការដឹកនាំរបស់ Mars One ។ ឆ្នាំ ២០២២ Mars One នឹងបញ្ជូនមនុស្ស ៤នាក់ទៅកាន់ភពអង្គារ ហើយពួកគេនឹងទៅដល់ភពនេះ ក្នុងឆ្នាំ ២០២៣។ គម្រោងរបស់ Mars One នឹងត្រូវបានធ្វើឡើងជាបន្តបន្ទាប់ រហូតដល់ឆ្នាំ ២០៣៣ នឹងបង្កើតបានសហគមន៍មួយនៅលើភពអង្គារ ដែលមានមនុស្ស ២០នាក់។

មនុស្សអាចបង្កើតផ្ទះកញ្ចក់ធំៗ លើភពអង្គារ ដែលក្នុងផ្ទះនេះ មានទឹក រុក្ខជាតិ ។ល។
Mars One មិនមានគម្រោង សម្រាប់នាំមនុស្សត្រឡប់ពីភពអង្គារមកកាន់ផែនដីនោះទេ ពួកគេត្រូវរស់នៅលើភពក្រហមនេះ ដែលមានកំដៅជាមធ្យម ឡើងដល់ ៦៣អង្សា។ សហគមន៍មនុស្សនៅលើភពអង្គារ ក៏នឹងត្រូវស្វែងរកទឹកក្រោមដី និងអ៊ុកស៊ីហ្សែន ក៏ដូចជាដាំដុះ ដើម្បីជាអាហារចិញ្ចឹមជីចិត៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Daily Mail/ RT