បើតាមប្រភពសារព៍ត៌មានបរទេសមួយចំនួន ដែលបានចេញផ្សាយកាលពីម្សិលមិញបានអោយដឹងថា Christian Bale ដែលជាតារាសម្តែងប្រុស ដើរតួជាបុរសប្រចៀវ Batman នៅក្នុងខ្សែភាពយន្តរឿង The Dark Knight Rises បានទៅសួរសុខទុក្ខអ្នករងគ្រោះនៅឯមន្ទីរពេទ្យ ក្រោយពីមានការបាញ់ប្រហារមកលើទស្សនិកជន ស្របពេលដែលបានដាក់បញ្ជាំងខ្សែភាពយន្តនោះ កាលពីសប្តាហ៍មុននៅរដ្ឋ Colorado ។

គួររំឮកផងដែរថា បើយោងតាមអ្នកនាំពាក្យប្រចាំមន្ទីរពេទ្យដែលនៅក្នុងតំបន់នោះ បានបញ្ជាក់អោយដឹងថា តារាសម្តែងប្រុសរូបនេះ បានមកសួរសុខទុក្ខអ្នករងគ្រោះ នៅឯមន្ទីរពេទ្យ កាលពីរសៀល ថ្ងៃអង្គារ បន្ទាប់ពីបានកើតមានឡើងនូវសោកនាដកម្មមួយនោះ។
លើសពីនេះទៅទៀត បើយោងទៅតាមអ្នកចាត់ការទូទៅ នៃមជ្ឈមណ្ឌលវិជ្ជសាស្រ្តមួយនេះ ក៏បានបញ្ជាក់បន្ថែមដល់ភ្នាក់ងារសារព៍ត៌មាន The Denver Post អោយដឹងថា ៖ តារាសម្តែងតួ Batman មួយនេះ បានចំណាយពេលវេលាប្រមាណជិត 3 ម៉ោង ក្នុងការចុះសួរសុខទុក្ខអ្នកជម្ងឺ 5 នាក់ដែលកំពុងសំរាកព្យាបាលជម្ងឺនៅក្នុងមន្ទីរពេទ្យ។

គួរបញ្ជាក់ផងដែរថា លោក Christian Bale ដែលជាតារាសម្តែងប្រុស ដើរតួជាបុរសប្រចៀវ Batman អាចធ្វើការចុះទៅសួរសុខទុក្ខអ្នកជម្ងឺទៅបានក៏ដោយសារតែ កាលពីសប្តាហ៍មុនបានកើតមានឡើងនូវរឿងសោដនាដកម្មមួយ ដោយបុរសខ្មាន់កាំភ្លើងម្នាក់បានបើកការវាយប្រហារទៅលើទស្សនិកជន ដោយបានបណ្តាលអោយមនុស្ស 12 នាក់បានស្លាប់បាត់បង់ជីវិត នឹង 58 នាក់ផ្សេងទៀតបានរងរបួស ក្នុងអំឡុងពេលដែលដាក់បញ្ជាំងរឿង The Dark Knight Rises នៅរដ្ឋ Colorado សហរដ្ឋអាមេរិក៕
ដោយ ៖ រិទ្ធីប្រភព ៖ asiaone