បវរកញ្ញាក្នុងរដ្ឋមួយរបស់ Mexico បានបាត់បង់ជីវិត នៅក្នុងការប្រយុទ្ធគ្នាមួយរវាងទាហាននិងក្រុមជួញគ្រឿងញៀន ទិដ្ឋភាពនេះដូចទៅនឹងឈុតឆាកសំដែងនៅក្នុងខ្សែភាពយន្ដដែល មានមនុស្សទស្សនាច្រើន គឺរឿង បវរកញ្ញាគ្រាប់កាំភ្លើង ដែលនិយាយពីទំនាក់ទំនងរវាងក្រុមសង្គមងងឹត ជាមួយនឹងបវរកញ្ញាមួយចំនួនរបស់ប្រទេសនេះ។
សាកសពរបស់ស្រីស្អាត Maria Susana Flores Garmez ដែលមានអាយុ ២០ឆ្នាំ ត្រូវបានរកឃើញ កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា កន្លងទៅ នៅក្បែរកន្លែងប្រយុទ្ធគ្នា នៅក្នុងតំបន់ភ្នំមួយ នៃរដ្ឋ Sinaloa ។ ទីនេះ ត្រូវបានគេដឹងថា ជាកន្លែងដែលមានការប្រយុទ្ធគ្នាច្រើនបំផុត រវាងកងកម្លាំងរដ្ឋាភិបាល និងឧក្រិដ្ឋជន នៅ Mexico ។

ការស្រាវជ្រាវ បានឱ្យដឹងថា Flores Garmez មានវត្តមាននៅក្នុងរថយន្ដមួយដែលប្រឈមមុខជាមួយនឹងទាហាន នៅក្នុងការប្រយុទ្ធនៅឯក្រុង Guamuchil រដ្ឋ Sinaloa ដែលជាស្រុកកំណើតរបស់នាង និងជាមូលដ្ឋានធំបំផុតរបស់ក្រុមសង្គមងងឹត។
ការប្រយុទ្ធគ្នាខាងលើ បានចាប់ផ្ដើមឡើង នៅពេលដែលក្រុមជួញដូរថ្នាំញៀន បានបាញ់ទៅលើរថយន្ដត្រួតពិនិត្យរបស់ទាហាន។ ក្រុមទាហានក៏បានបាញ់តបត និងដេញតាមពីក្រោយ រួចបង្ខំក្រុមសង្ស័យឱ្យចូលក្នុងផ្ទះមួយរបស់ភ្នាក់ងារសម្ងាត់ មានទីតាំងនៅខណ្ឌ Mocoritoប៉ុន្ដែ ពួកវាបានរត់រួច។ ការប្រយុទ្ធគ្នាក៏បានបន្ដ នៅតាមដងផ្លូវក្បែរនោះ។ ចុងក្រោយ ក្រុមទាហានក៏បានរឹបអូសយករថយន្ដចំនួន ៦គ្រឿង ថ្នាំញៀន និងអាវុធ។ល។

នេះគឺជាករណីទីបី ដែលមានបវរកញ្ញា ឬ បេក្ខភាពបវរកញ្ញាមានជាប់ពាក់ព័ន្ធទៅនឹងក្រុមជួញដូរថ្នាំញៀនប្រដាប់ដោយអាវុធ របស់ប្រទេស Mexico ៕
ដោយ ៖ សីហាប្រភព ៖ VE