ចៅហ្វាយក្រុង Corsica នៃប្រទេសបារាំង កាលពីម្សិលមិញ បានសម្រេចចិត្តហាមស្ដ្រីស្លៀកឈុតហែលទឹកបែបអ៊ីស្លាម បន្ទាប់ពីមានករណីវាយតប់គ្នា ដែលនាំឱ្យគ្រោះថ្នាក់ដល់ប្រជាជន។

យុវវ័យមួយក្រុមដែលមានគ្នាប្រហែល ១០នាក់ កាលពីចុងសប្ដាហ៍កន្លង បានខឹងសម្បាយ៉ាងខ្លាំង នៅពេលបុរសកាន់សាសនាអ៊ីស្លាមម្នាក់ បានរអូរទាំថា មានគេលួចថតរូបប្រពន្ធខ្លួន នៅលើឆ្នេរសមុទ្រ នេះបើតាមទំព័រ Guardian។

/ឈុត​ហែលទឹកបែប​អ៊ីស្លាម ត្រូវបានហាមឃាត់​នៅ​ឯទីក្រុង Cannes និង​ទីក្រុង Corsica  

មិនត្រឹមតែប៉ុណ្ណោះ ក្រុមយុវវ័យខាលើ បានទូរស័ព្ទហៅពុកម្ដាយរបស់ពួកគេមកកាន់កន្លែងកើតហេតុ ដែលបណ្ដាលឱ្យមានភាពតានតឹង ជាមួយនឹងក្រុមអ្នកកាន់សាសនាអ៊ីស្លាមចំនួន ៤គ្រួសារ។ ភាគីទាំងសងខាង បានយកដប ដុំថ្ម គប់ទៅវិញទៅមក ហើយរថយន្តចំនួន ៣គ្រឿងត្រូវបានដុតបំផ្លាញ។ ករណីនេះ បានបណ្ដាលឱ្យមានមនុស្ស ៤នាក់ ត្រូវដេកពេទ្យ ក្នុងនោះមានស្ដ្រីមានផ្ទៃពោះម្នាក់ផងដែរ។

Le Monde បានឱ្យដឹងថា នគរបាលប្រមាណជា ១០០នាក់ បានមកដល់កន្លែងកើតហេតុ និងបានដំឡើងរបងការពារបណ្ដាគ្រួសារអ្នកកាន់សាសនាអ៊ីស្លាម។

នគរបាលកំពុងតែធ្វើការស្រាវជ្រាវដើម្បីឱ្យដឹងអំពីមូលហេតុដែលនាំឱ្យមានការប៉ះទង្គិចគ្នានេះ។ បើទោះបីគេនៅមិនទាន់ដឹងថា បញ្ហាបានកើតឡើងដោយមានការគេស្លៀកពាក់ឈុតហែលទឹកបែបអ៊ីស្លាម ដែលហៅថា Burkini ដែរឬអត់ ប៉ុន្តែចៅហ្វាយក្រុង គឺលោក Ange-Pierre Vivoni នៅតែប្រកាស ហាមមិនឱ្យស្លៀកឈុត Burkini ដើម្បីការពារសុវត្ថិភាពដល់ប្រជាជន។ Burkini គឺជាឈុតងូតទឹកសម្រាប់ស្ដ្រី អ្នកកាន់សាសនាអ៊ីស្លាម។ ឈុតនេះបង្ហាញតែមុខ និងចុងដៃចុងជើងប៉ុណ្ណោះ។

/នគរបាលបំបែកក្រុមអ្នកតវ៉ា នៅតំបន់ Lupino ក្រុង Corsica បន្ទាប់ពីមានករណីប្រើអំពើហឹង្សា ទាក់ទឹននឹងឈុតហែលទឹកបែបអ៊ីស្លាម

គួររំលឹកថា មុននេះ កាលពីថ្ងៃទី ១២សីហា ចៅហ្វាយក្រុង Cannes លោក David Lisnard ក៏បានប្រកាសហាមមិនឱ្យស្លៀកឈុតហែលទឹកដែលមានលក្ខណៈជាសាសនា នៅតំបន់លំហែកាយ Riviera ផងដែរ។

ប្រែសម្រួល ៖ បុត្រា