(វ៉ាស៊ីនតោន)៖ ស្ថាបនិកក្រុមអ្នកជិះម៉ូតូធំ ដែលហៅខ្លួនឯងថា «Biker for Trump ឬអ្នកជិះម៉ូតូធំដើម្បីត្រាំ» បានឱ្យដឹងថា ពួកគេបានត្រៀមខ្លួនរួចហើយ ក្នុងការចូលរួមក៏ដូចជា ការពារសន្តិសុខនៅអំឡុងពេល ពិធីចូលស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកជាផ្លូវការ របស់លោក ដូណាល់ ត្រាំ ដែល នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik​ នៅថ្ងៃអាទិត្យ ទី១៥ ខែមករា ឆ្នាំ២០១៧។

/

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ Fox​ News ស្ថាបនិកក្រុម Biker for Trump លោក គ្រីស ខុក (Chris Cox) បានបញ្ជាក់ថា សមាជិក ក្រុមអ្នកជិះម៉ូតូធំ ​របស់លោករាប់ពាន់នាក់ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារជនស៊ីវិល និងសន្តិសុខ នៅថ្ងៃលោក ដូណាល់ ត្រាំ ស្បថចូលកាន់ តំណែងជាប្រធានាធិបតីអាមេរិកទី៤៥ ដែលនឹងត្រូវធ្វើឡើងក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី២០ ខែមករា ខាងមុខនេះ។ លោក គ្រីស ខុក បានថ្លែងយ៉ាង ដូច្នេះថា «យើងនឹងចូលរួមក្នុងពិធីតែងតាំង ហើយយើងនឹងបង្កើត «ជញ្ជាំងមនុស្ស» ការពារសុវត្ថិភាព ព្រមទាំងប្រឈមមុខនឹងក្រុមមនុស្សទាំងឡាយណា ដែលចង់បង្កអំពើហឹង្សា ឬក៏បំបែករនំាងការពាររបស់ប៉ូលិស»

គួរបញ្ជាក់ថា ក្រុមម៉ូតូធំ Biker for Trump មានសមាជិករាប់ពាន់នាក់ នៅទូទាំងសហរដ្ឋអាមេរិក ក្នុងនោះមានដូចជារដ្ឋទិចសាស់, ផ្ល័រីដា, ភែនស៊ីលវ៉ា នៀ, អូហៃយ៉ូ, និងទីក្រុងញូយ៉ក។ ដោយឡែកក្រុមបាតុកររាប់ពាន់នាក់ ប្រឆាំងនឹងលោក ដូណាល់ ត្រាំ ក៏ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងបាតុកម្មតវ៉ាទ្រង់ទ្រាយធំមួយ នៅក្នុងថ្ងៃលោកត្រាំ ស្បថចូលកាន់តំណែងផងដែរ៕

/

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី