ព័ត៌មានអន្តរជាតិ ៖ យោងតាមអត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ គូសបញ្ជាក់អោយដឹងថា យ៉ាងហោចណាស់ មនុស្ស ៣ នាក់ បានស្លាប់បាត់បង់ជីវិត ខណៈ ៤៣នាក់ផ្សេងទៀត រងរបួសធ្ងន់ បន្ទាប់ពីមានករណីបាក់រលំសំណង់អាគារ កំពុងតែសាងសង់មួយកន្លែង នៅប្រទេសអាហ្រ្វិកខាងត្បូង។

មិនត្រឹមតែបានបណ្តាលអោយមនុស្សរងរបួស និងស្លាប់បាត់បង់ជីវិតប៉ុណ្ណោះទេ តែក៏បានធ្វើអោយមនុស្សជាង ២០ នាក់ផ្សេងទៀត ត្រូវបានគេជឿថា ជាប់នៅក្រោមគំនរថ្មសំណង់អាគាររដែលបានបាក់រលំមួយនេះ ។ ប្រភពសារព័ត៌មានដដែលបន្ថែមថា ករណីបាក់រលំសំណង់អាគារកំពុងសាងសង់លើកនេះ បានកើតឡើងនៅឯតំបន់ទីប្រជុំជន Tongaatចម្ងាយប្រមាណ ៤០ គ.ម ភាគខាងកើតក្រុង Durban ប្រទេសអាហ្រ្វិកខាងត្បូង ។

គួររំឭកផងដែរថា ភ្លាមៗនោះ ក៏មានកិច្ចអន្តរាគមន៍ពីសំណាក់ក្រុមជួយសង្គ្រោះផងដែរដោយបានបញ្ជូន ជនរងគ្រោះ ទៅសម្រាកព្យាបាល ក៏ដូចជា សង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យក្នុងស្រុកមួយកន្លែង ដែលមានទីតាំងនៅក្បែរនោះ។

យ៉ាងណាមិញ កិច្ចសហប្រតិបត្តិការ ក្នុងការចុះជួយសង្គ្រោះនៅតែបន្តមាន ដោយនៅក្នុងនោះ ក៏មានក្រុមសត្វសុនក ហិតខ្លួនមនុស្សផងដែរ រួមគ្នា ក្នុងការបន្តរុករកអ្នកដែលបានបាត់ខ្លួន ។ គួរបញ្ជាក់ផងដែរថា មូលហេតុដែលនាំអោយសំណង់អាគារកំពុងតែសាងសង់ កំពស់ ៣ ជាន់មួយនេះ បាក់រលំនោះ មិនទាន់បានដឹងច្បាស់នៅឡើយនោះទេ តែបើតាមការអះអាងជាជំហានដំបូង អោយដឹងថា ទំនងជាការសាងសង់ខុសទៅនឹងបទដ្ឋានបច្ចេកទេស៕

ប្រែសម្រួល ៖ កុសលប្រភព ៖ ស្កាយ