ចំនួនមនុស្សស្លាប់ដោយសារព្យុះ Matthew នៅ Haiti កាលពីម្សិលមិញ បានកើនឡើងដល់ ជាង ៨០០នាក់។

/

យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ដែលយោងទៅលើសេចក្ដីរាយការណ៍របស់អាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ព្យុះខាងលើនេះបានសម្លាប់មនុស្សយ៉ាងតិច ៤៧៨នាក់ ប៉ុន្តែ មកដល់ពេលនេះ ទំព័រ sky.com បានឱ្យដឹងថា អ្នកស្លាប់បានកើតដល់ជាង ៨០០នាក់ ក្រៅពីនេះ ក៏មានមនុស្សចំនួន ៦១.៥០០នាក់ផ្សេងទៀត កំពុងលាក់ខ្លួននៅទីសុវត្ថិភាព។

/

ព្យុះ Matthew បានបំផ្លាញផ្ទះចំនួន ៣.២០០ខ្នង។ Pilus Enor ដែលជាអភិបាលខណ្ឌ Camp Perrin នៅភាគខាងត្បូងប្រទេស Haiti បានឱ្យដឹងថា “ការខូចខាត មាននៅគ្រប់ទីកន្លែង។ ផ្ទះណាក៏ត្រូវបាត់ដំបូល។ កសិដ្ឋានទាំងអស់ ត្រូវបានបំផ្លាញ”។

/

លោក Pilus Enor បន្តថា “នេះគឺជាលើកដំបូងហើយ ដែលយើងខ្ញុំបានជួបហេតុការណ៍ដូច្នេះ”។ ព្យុះនេះក្រោយមក បានចុះខ្សោយបន្តិច ប៉ុន្តែ វានៅតែជាព្យុះដែលមានកម្លាំងលំដាប់ទីបី ជាមួយនឹងល្បឿនខ្យល់ឡើងដល់ ១៩៣គីឡូម៉ែត្រ/ម៉ោង កំពុងឆ្ពោះទៅក្បែរភាគខាងកើតសហរដ្ឋអាមេរិក។ ប្រធានាធិបតីអាមេរិក Barack Obama បានប្រកាសអាសន្ននៅតាមបណ្ដារដ្ឋ Florida, Georgia, South Carolina។

/

Rick Scott ដែលជាអភិបាលរដ្ឋ Florida បានហៅព្យុះនេះថា “សត្វសាហាវ” ហើយយល់ថា Matthew អាចនឹងមានកម្លាំងខ្លាំង នៅពេលវាមកដល់អាមេរិក៕

ប្រែសម្រួល ៖ បុត្រាប្រភព ៖ Reuters/Sky