កាលពីម្សិលម៉ិញយ៉ាងហោចណាស់មានមនុស្ស 9នាក់បានស្លាប់នៅក្នុងឧប្បត្តិហេតុធ្លាក់
យន្តហោះមួយក្នុងប្រទេសឥណ្ឌា ខណៈពេលដែលយន្តហោះនោះបានដឹកអ្នកជំងឺយកទៅ
សង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យមួយ ។

កាលពីថ្ងៃទី 25 ឧសភា 2011 ម្សិលម៉ិញនៅវេលាម៉ោង 10 និង 40នាទី ម៉ោងក្នុងតំបន់មាន យន្តហោះធុនតូចប្រភេទ Pilatus PC-12 មួយគ្រឿងបានធ្លាក់ក្នុងតំបន់ឈ្មោះ Faridabad ជាទីប្រជុំជនមួយស្ថិតនៅក្រៅទីក្រុង New Delhi បានបង្កអោយលំនៅដ្ឋានមួយចំនួនរងការ
ខូចខាត និង បង្កអោយមានការផ្ទុះមួយយ៉ាងធំផងដែរ ។

ការស្រង់សំដីរបស់ AFP ពីសមត្ថកិច្ចនៅ Faridabad បានអោយដឹងថាក្រុមសមត្ថកិច្ចបាន
រកឃើញសាកសពចំនួន 9នាក់ ដែលសព 7នាក់នៅលើយន្តហោះនិង សពពីរនាក់ទៀត
នៅលើដី ។

បើតាមប្រភពពត៌មានពី NDTV បានអោយដឹងថាយន្តហោះនោះបានធ្វើដំនើរពីក្រុង Patna
ឆ្ពោះមកកាន់ទីក្រុង New Delhi ដែលមានដឹកអ្នកជំងឺត្រូវទទួលការសង្គ្រោះបន្ទាន់ម្នាក់ ។
ក្នុងចំនោមសាកសព 7 នាក់នោះក៏មានសាកសពរបស់គ្រូពេទ្យក្នុងនោះផងដែរ ។ ចំពោះ
គ្រោះថ្នាក់នេះគេពុំទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយទេ តែមានមតិខ្លះថាមកពីការ
អាក់ដំនើរការរបស់ម៉ាស៊ីន មតិខ្លះបាននិយាយថាខ្យល់ក៏ជាមូលហេតុមួយដែរដែលធ្វើ
អោយយន្តហោះជួបនូវបញ្ហា ៕
ដោយ ៖ រដ្ឋា