កាលពីខែ មេសាកន្លង គេហទំព័រ globalfirepower.com បានប្រកាសចេញនូវបញ្ជីចំណាត់ថ្នាក់ និងបណ្ដាទិន្នន័យទាក់ទិននឹងកម្លាំងទ័ពរបស់ប្រទេសចំនួន ១០៦ ក្នុងពិភពលោក ក្នុងនោះ កម្ពុជា ឈរនៅលើលំដាប់លេខរាងទី ៨៤។

/

ទំព័រ Business Insider របស់អាមេរិក បានបញ្ចេញនូវបញ្ជីចំណាត់ថ្នាក់ស្ដីពីប្រទេសចំនួន ៣៩ ដែលមានកម្លាំងទ័ព ខ្លាំងបំផុត ក្នុងពិភពលោក ដោយយោងទៅលើតួលេខ Global Firepower Index (តួលេខស្ដីពីកម្លាំងទ័ពទូទាំងពិភពលោក ដែលហៅកាត់ថា GFI) នៅលើគេហទំព័រ globalfirepower.com ។ កាលពីខែ មេសាកន្លង គេហទំព័រនេះ បានប្រកាសនូវបញ្ជីចំណាត់ថ្នាក់ និងបណ្ដាទិន្នន័យទាក់ទិននឹងកម្លាំងទ័ពរបស់ប្រទេសចំនួន ១០៦ ក្នុងពិភពលោក ក្នុងនោះ កម្ពុជា ឈរនៅលើលំដាប់លេខរាងទី ៨៤។

យោងតាមវិធីគិតរបស់ Global Firepower បណ្ដាតួលេខ ត្រូវបានគិតចេញជាពិន្ទុ(PwrIndx) ។ ពិន្ទុ “PwrIndx” ដែលល្អបំផុត គឺ 0,0000 ដែលត្រូវបានវាយតម្លៃដោយយោងទៅលើកត្តាចំនួន ៥០ ដូចជា កត្តាទាក់ទិននឹងធនធានធម្មជាតិ ហិរញ្ញវត្ថុ កម្លាំងទ័ពជើងទឹក ចំនួនប្រជាជន និង ភ័ស្ដុភារ ។ល។

ប៉ុន្ដែ បណ្ដាកត្តាធំៗ ដូចជា អាវុធនុយក្លេអែរ ឬកាំជ្រួចផ្លោងឆ្លងទ្វីបជាដើម ថ្វីបើត្រូវបានគេលើកឡើង ប៉ុន្ដែមិនត្រូវបានគិតជាពិន្ទុក្នុងតារាង Global Firepower នោះទេ។ មូលហេតុគឺដើម្បីធ្វើឱ្យមានតុល្យភាពក្នុងការប្រៀបធៀប រវាងប្រទេសតូច ប៉ុន្ដែមានបច្ចេកវិទ្យាទំនើបៗ ជាមួយប្រទេសធំ ប៉ុន្ដែមិនចំណាយច្រើនទៅលើវិស័យការពារជាតិ។

/

យោងទៅលើលក្ខណៈវិនិច្ឆ័យ ចំនួន ៥០ ដែលបានមកពី CIA និងបណ្ដារបាយការណ៍សារព័ត៌មាន គេហទំព័រ Global Firepower វាយតម្លៃថា អាមេរិក គឺជាប្រទេសនាំមុខគេ ក្នុងវិស័យការពារជាតិ ដោយមានពិន្ទុ “PwrIndx” ០,២២០៨។ បន្ទាប់មកគឺប្រទេស រុស្ស៊ី ជាប់លេខ ២ (ពិន្ទុ“PwrIndx” ០,២៣៥៥) និងទី ៣ គឺចិន ដែលមានពិន្ទុ “PwrIndx” គឺ ០,២៥៩៤។ បណ្ដាប្រទេស ចាប់បីលេខ ៤ ដល់លេខ ១០ រួមមាន ឥណ្ឌា អង់គ្លេស បារាំង អាល្លឺម៉ង់ ទួរគី កូរ៉េខាងត្បូង និងជប៉ុន។

ចំណែកតំបន់អាស៊ានវិញ ប្រទេស កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ ៨៤ ក្នុងពិភពលោក ដោយមានពិន្ទុ ២,៥៧៩៨ គឺឈរនៅលើប្រទេសឡាវ ក្នុងតំបន់អាស៊ាន។ ប្រទេស ឥណ្ឌូនេស៊ី ជាប់លេខ ១៩ , វៀតណាម លេខ ២៣ , ថៃ លេខ ២៤, ហ្វីលីពីន លេខ ៣៧, ម៉ាឡេស៊ី លេខ ៣៨ , សឹង្ហបុរី ៤៤ និងប្រទេសឡាវ ជាប់លេខ ១០២។

ដោយឡែក បើគេគិតតែក្នុងតំបន់អាស៊ីអាគ្នេយ៍ គេឃើញថា ប្រទេសដែលនាំមុខគេក្នុងវិស័យយោធា គឺ ឥណ្ឌូនេស៊ី បន្ទាប់មកគឺ វៀតណាម ចំណែកថៃជាប់លេខ ៣ ប្រទេសហ្វីលីពីន ជាប់លេខ ៤ ប្រទេសម៉ាឡេស៊ីលេខ ៥ ប្រទេសសឹង្ហបុរីជាប់លេខ ៦ ចុងក្រោយគឺកម្ពុជា លេខ ៧ ប្រទេសឡាវ លេខ ៨។ ប្រទេសព្រុយណេ និងភូមា មិនត្រូវបានប្រភពព័ត៌មានលើកឡើងនោះទេ។

/

រីឯ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានសរុប ២៨ ប្រទេស ត្រូវបាននាំមុខដោយរុស្ស៊ី ចិន ឥណ្ឌា។ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ កម្ពុជា ជាប់លេខទី ២៥ ឈរនៅពីលើប្រទេស ញូវស៊ីឡែន ស្រីឡាំងកា និងឡាវ។

ប្រភពព័ត៌មានបន្ថែមថា នេះគ្រាន់តែជាទិន្នន័យមួយដែលមិនអាចយកជាការបាន ១០០% នោះទេ គឺវាគ្រាន់តែជាព័ត៌មានសម្រាប់ថ្លឹងថ្លែងទៅនឹងភាពជាក់ស្ដែងប៉ុណ្ណោះ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Globalfirepower/Business Insider