អន្តរជាតិ ៖ មិនទាន់បានមួយថ្ងៃស្រួលបួលផងបន្ទាប់ពីការវាយប្រហារ ដោយអំពើភេរវកម្មនៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេសនោះ ប៉ូលិសអង់គ្លេសបានប្រមាញ់ជនសង្ស័យចំនួន០៧នាក់ហើយ ដោយក្នុងនោះ​ប៉ូលិសបានធ្វើការចុះឆែកឆេរចំនួន០៦ទីតាំងដែលត្រូវបានកំណត់។ នេះបើតាមការចេញផ្សាយនៅមុននេះ​បន្តិចដោយសារព័ត៌មាន BBC ។ លោក Mark Rowley ប្រធានទីភ្នាក់ងារ​ប្រឆាំងភេរវកម្មរបស់អង់គ្លេស​បាននិយាយថា ប៉ូលិសបានកំណត់​ជនសង្ស័យ​ជាច្រើននាក់​ចាប់តាំងពីការវាយប្រហារ​កើតឡើង រហូតដល់ពេល​យប់ថែមទៀត ដោយជន​សង្ស័យ​ដែលត្រូវបាន​ចាប់ខ្លួនមានចំនួន ០៧នាក់ជាជនចំរុះជាតិសាសន៍​​ក្នុងនោះមានទាំងស្រី​អាយុខ្ទង់ ៤០ឆ្នាំ និងបុរសវ័យខ្ទង់ ៥០ឆ្នាំផងដែរ​ដើម្បីរង់ចាំការ​សួរចម្លើយ។ សម្រាប់អ្នករង​របួសទាំង ៤០នាក់នៅក្នុងអំពើភេរវកម្មនោះ គឺមាន០៧នាក់កំពុងសម្រាកព្យាបាល​​នៅមន្ទីរពេទ្យ​នៅឡើយ ដោយសារមានស្ថានភាព​ធ្ងន់ធ្ងរ។

/

/

យោងតាមប៉ូលិស​អង់គ្លេស បុរសម្នាក់បានដឹកនាំ​សកម្មភាពវាយប្រហារ​ភេរវកម្ម​តែម្នាក់ឯង ដោយដំបូង​ឡើយរូបគេបានបើក​រថយន្ដបំបុកសម្លាប់​មនុស្ស០២នាក់ និងជាច្រើននាក់​ទៀតរងរបួស នៅឯស្ពាន Westminster Bridge ស្ថិតនៅក្បែរសភា​ក្នុងទីក្រុងឡុងដ៏។ បន្ទាប់មកបុរសនេះដដែល​ បានចុះពីលើ​រថយន្ដរត់តម្រង់ទៅកាន់សភា ហើយបានចាក់សម្លាប់​ប៉ូលិសម្នាក់ មុនត្រូវបានប៉ូលិស​ដទៃបាញ់សម្លាប់ ខណៈប៉ូលិសអង់គ្លេស​មិនទាន់បានបញ្ជាក់​ពីអត្តសញ្ញាណ ភេរវកររូប​នេះនៅឡើយទេ។ គួរបញ្ជាក់ថា​នៅក្នុងចំណោមជន​រងគ្រោះទាំង០៥ខាងលើ មានប៉ូលិសម្នាក់ឈ្មោះ Keith Palmer អាយុ៤៨ឆ្នាំរួមទាំងភេរវករម្នាក់ផងដែរ ហើយការវាយប្រហារនេះកើតឡើងតែប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ ក្រោយអង់គ្លេស​ហាមឃាត់អ្នកដំណើរ​មកពី​អាកាសយានដ្ឋាន​ នៃបណ្ដាប្រទេសមជ្ឈិម​បូព៌ាមួយចំនួន នំាយកគ្រឿង​អេឡិចត្រូនិច មានទំហំធំជាងទូរស័ព្ទឡើងលើ​យន្ដហោះ៕

/

/

ប្រភព ៖ ប៊ីប៊ីស៊ី