បុរសជនជាតិអង់គ្លេសម្នាក់ត្រូវបានចាប់ខ្លួននៅប្រទេសថៃ ជាមួយនឹងសាកសពទារកដែលត្រូវ បានគេជឿថាសម្រាប់ប្រើប្រាស់ក្នុង វិជ្ជាបីសាច ដែលបុរសនេះបានយកតាមខ្លួន។
Chow Hok Kuen អាយុ ២៨ឆ្នាំ ជាជនជាតិអង់គ្លេសដើមកំណើតហុងកុង ត្រូវបានចាប់ខ្លួននៅក្នុងតំបន់ដែលមានប្រជាជនចិនរស់នៅច្រើន ស្ថិតក្នុងក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ១៨ឧសភា ខណៈដែលកំពុងស្ពាយប្រអប់ដែលមានផ្ទុកសាកសពទារក។ នគរបាលបានអោយដឹងថា បុរសនេះកំពុងត្រូវបានសង្ស័យថា មានគម្រោងនាំយកទំនិញដែលជាសាកសពទារកទៅកាន់តៃវ៉ាន់។
ចំណែកអ្នកគ្រប់គ្រងស្ថាប័នការពារស្ដ្រី និងកុមាររបស់នគរបាលថៃបានថ្លែងថា ៖ សាកសពដែលត្រូវបានរកឃើញនេះគឺជាទារកមានអាយុ ពី ២ ទៅ ៧ខែ។ សាកសពមួយចំនួនត្រូវបានគេស្រោបមាស។
ក្រុមនគរបាលបានអោយដឹងថា ពួកអ្នករត់ពន្ធបានឆ្លាក់យ័ន្ដនៅលើសាកសពដ៏គួរអោយអាណិតទាំងនេះ។ នៅប្រទេសថៃ គេនៅតែឃើញមានពិធីមួយដែលគេហៅថា Guman Thong(កូនក្រក)គឺជាពិធីប្រើមន្ដអាគមដោយកូនក្រក។

ក្រុមនគរបាលបានរកឃើញបណ្ដាញផ្គត់ផ្គង់សាកសពទារកទៅអោយអតិថិជនជាអ្នកមានតាមរយៈគេហទំព័រផ្សាយពាណិជ្ជកម្មសេវាវិជ្ជាងងឹត។
ទារកក្នុងផ្ទៃត្រូវបានគេទិញក្នុងតម្លៃ ២០០.០០០បាត(៦.៤០០ដុល្លារ) និងអាចលក់ចេញបានក្នុងតម្លៃគុណជា ៦ នៅតៃវ៉ាន់។

នៅប្រទេសថៃ ពិធីប្រើមន្ដអាគមងងឹតនៅតែត្រូវបានគេនិយមធ្វើ នៅទីនោះក្រុមគ្រូទាយ គ្រូខ្មោច តែងតែស្នើអោយធ្វើពិធីបណ្ដេញគ្រោះចង្រៃដោយប្រើកូនក្រក។
Kuen នឹងត្រូវប្រឈមនឹងការជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ និងត្រូវពិន័យជាប្រាក់ ៦៤ដុល្លារប្រសិនគេរកឃើញថាមានកំហុស៕
ដោយ ៖ សូរីយ៉ាប្រភព ៖ Zing