(ហាណូយ)៖ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានថ្លែងថា លោកនឹងសម្រេចចិត្ត បញ្ចប់ការធ្វើសមយុទ្ធយោធារួមគ្នាជាមួយនឹង សហរដ្ឋអាមេរិកក្នុងពេលឆាប់ៗនេះ ដែលនេះអាចនឹង ក្លាយជាឆ្អឹងទទឹងកនៃទំនាក់ទំនងជាមួយទីក្រុង វ៉ាស៊ីនតោន ត្បិតការធ្វើសមយុទ្ធយោធារួមគ្នាគឺជា មូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់សម្ព័ន្ធភាពរវាងប្រទេសទំាងពីរ គិតចាប់តំាងពីឆ្នាំ ១៩៥១មក។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៦។

/

ការលើកឡើងបែបនេះរបស់លោក Duterte ធ្វើឡើងនៅក្នុងឱកាសបំពេញដំណើរទស្សនកិច្ច រយៈពេលពីរថ្ងៃ ទៅកាន់ប្រទេសវៀតណាម និងបន្ទាប់ពីលោកផ្ទាល់បានបង្ហាញកាន់តែច្បាស់ពី ចេតនាបង្កើតសម្ព័ន្ធភាពថ្មី មួយជាចិននិងរុស្ស៊ី។ ថ្លែងទៅកាន់ពលរដ្ឋហ្វីលីពីន រាប់រយនាក់នៅ វៀតណាម ដែលបានទទួលស្វាមន៍រូបលោក ដូចជាតារាចម្រៀងរ៉ុកមួយរូបនោះ ប្រធានាធិបតី ហ្វីលីពីនរូបនេះ បាននិយាយថា «ខ្ញុំនឹងប្រាប់អ្នករាល់គ្នា នៅពេលនេះ ថាសមយុទ្ធយោធាលើកនេះ នឹងក្លាយជាសមយុទ្ធយោធារួមគ្នាលើកចុងក្រោយ រវាងហ្វីលីពីន និង សហរដ្ឋអាមេរិក»

សមយុទ្ធយោធារួមគ្នា The Philippine-US Amphibious Landing Exercises (Phiblex) នឹងចាប់ផ្ដើមធ្វើឡើងពីថ្ងៃទី០៤ ដល់ថ្ងៃទី១២ ខែតុលា នៅក្នុងប្រទេសហ្វីលីពីន ក្រោយពេលសមយុទ្ធ យោធាប្រចំាឆ្នាំ កាលពីខែមេសាកន្លងទៅ យោធានៃប្រទេសទំាងពីរជាង ៨,០០០នាក់ បានចូលរួម។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងហ្វីលីពីន និង សហរដ្ឋអាមេរិក បានជួបភាពតានតឹងលើសពេលណាៗ ទំាងអស់ ក្រោយពីលោក Duterte បានជេរប្រមាជប្រធានាធិបតីសហរដ្ឋអាមេរិក លោក​ បារ៉ាក់ អូបាម៉ា ព្រមទំាងបាន បង្ហាញពីគំរោងចង់បណ្ដេញកងទ័ពសហរដ្ឋអាមេរិកចេញពីហ្វីលីពីន ដោយចោទថា បានបង្កភាពស្មុគស្មាញដល់ កងកម្លាំងហ្វីលីពីន ក្នុងការប្រយុទ្ធប្រឆំាងនឹងក្រុមឧទ្ទាមនៅភាគខាងត្បូង នៃប្រទេស។

លោក Duterte នៅថ្ងៃ ព្រហស្បតិ៍នេះ នឹងជួបជាមួយនឹងថ្នាក់ដឹកនំាកំពូលវៀតណាម ដើម្បីពិភាក្សាគ្នា ស្ដីពី សេរីភាពនៅតំបន់សមុទ្រ ការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនិង វិស័យការពារជាតិ ខណៈទីក្រុង ហាណូយ នឹង ទីក្រុងម៉ានីល កំពុងមានជម្លោះ ដែនទឹកជាមួយនឹងចិននៅសមុទ្រចិនខាងត្បូង៕

/

ប្រភព ៖ CNA