ប្រភពពត៌មានរបស់ប្រទេស Bhutan កាលពីថ្ងៃទី 20 ឧសភា សប្តាហ៍មុនបានអោយដឹងថា
មហាក្សត្រនៃប្រទេសនេះព្រះនាម Jigme Khesar Namgyel Wangchuck ព្រះជន្ម 31 វស្សា
បានធ្វើសេចក្តីប្រកាសជាទូទៅនៅចំពោះមុខប្រជារាស្រ្ត របស់ខ្លួនថាព្រះអង្គនឹងប្រារព្ធ
ពិធីអភិសេកជាមួយសិស្សស្រីម្នាក់ អាយុ 20 ឆ្នាំ នៅកំឡុងខែ តុលាខាងមុខនេះ ។

អនាគតមហេសីរបស់ព្រះមហាក្សត្រ Jigme Khesar Namgyel Wangchuck គឺជានារីស្ថិត
ក្នុងត្រកូលរាស្រ្តធម្មតា ឈ្មោះ Jetsun Pema ដែលសព្វថ្ងៃគឺជាសិស្សនៃសាកលវិទ្យាល័យ
មួយនៃទីក្រុង Thimphu ដែលព្រះអង្គ បានស្គាល់នាងមានរយៈកាលពេលយូរណាស់មក
ហើយដែរ ។
មហាក្សត្រ Jigme Khesar Namgyel Wangchuck អោយដឹងដែរថាទោះបី Jetsun Pema
មានអាយុក្មេងតែនាងគឺជាមនុស្សម្នាក់ដែល ល្អ ស្មោះត្រង់ និង មានគំនិតជ្រៅជ្រះ ។
ព្រះអង្គក៏បានបន្ថែមថាដើម្បីក្លាយជាមហេសីដ៏ល្អ និង ក្សត្រដ៏ល្អរបស់ប្រជារាស្រ្ត គឺត្រូវ
មានលក្ខណៈសម្បត្តិមួយចំនួនដូចជា មានព្រះទ័យល្អ ស្រលាញ់ប្រជារាស្ត្រ និង ធ្វើកិច្ចការ
ផ្សេងៗសំរាប់ប្រទេសជាតិ ជាដើម... ។
តាមប្រភពពត៌មានពីព្រះមហាក្សត្រនៃប្រទេស Bhutan បានអោយដឹងដែរថាទោះបីនេះជា
ពិធីរៀបអភិសេករបស់មហាក្សត្រក៏ដោយ តែពិធីនឹងមិនត្រូវបានប្រារព្ធក្នុងទ្រង់ទ្រាយធំនិង
អធិកអធមប៉ុន្មានទេ ។
មហាក្សត្រ Jigme Khesar Namgyel Wangchuck បានបញ្ចប់ការសិក្សាថ្នាក់ក្រោយឧត្តម
សិក្សាផ្នែក នយោបាយនៅសាកលវិទ្យាល័យ Oxford និង ទទួលកេរតំណែលពីព្រះបិតា
របស់ព្រះអង្គ នៅឆ្នាំ 2006 និងនៅឆ្នាំ 2008 ក៏ឡើងសោយរាជ្យបន្តពីព្រះបិតា ៕
(ប្រភពពី Chinanews)
ដោយ៖ រដ្ឋា