ក្រុមគ្រូពេទ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលប្រទះឃើញជ័រជាច្រើនក្នុងពោះរបស់ស្ដ្រីវ័យ ៥២ឆ្នាំម្នាក់ នៅក្នុងរដ្ឋ Himachal Pradesh ប្រទេសឥណ្ឌា។

យោងតាម Oddity Central ស្ដ្រីម្នាក់ដែលមានឈ្មោះថា Tara Devi ត្រូវបានអ្នកភូមិយកទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់ បន្ទាប់ពីមានអាការឈឺចាប់ខ្លាំង។

/

បន្ទាប់ពីបានពិនិត្យដោយការថតឆ្លុះអេកូ ក្រុមគ្រូពេទ្យបានឃើញក្នុងក្រពះរបស់អ្នកជម្ងឺនេះ មានរបស់មួយដុំធំដែលគេសង្ស័យថាជាសក់។ ក្រុមគ្រូពេទ្យក៏បានសម្រេចចិត្តធ្វើការវះកាត់ដើម្បីយករបស់នេះចេញ។

នៅពេលវះកាត់ ក្រុមគ្រូពេទ្យបានរកឃើញរបស់ចម្លែកដែលមិនមែនជាសក់ ប៉ុន្តែ វាជាស្រទាប់ជ័រក្រាស់ដែលមានប្រភពមកពីថង់ផ្លាស្ទិច។ ស្រទាប់ជ័រនេះ មានប្រវែងដល់ទៅ ២,១ម៉ែត្រ បណ្ដាលឱ្យស្ទះពោះវៀនរបស់អ្នកជម្ងឺ។

ដោយសារតែអ្នកជម្ងឺពិការភ្នែក និងថ្លង់ ដូច្នេះ ការស្វែងយល់អំពីមូលហេតុដែលនាំឱ្យមានស្រទាប់ជ័រនេះនៅក្នុងពោះ ជួបការលំបាក។

/

អ្នកភូមិដែលបាននាំអ្នកជម្ងឺ Tara Devi មកកាន់មន្ទីរពេទ្យ បាននិយាយថា អ្នកជម្ងឺនេះមានជីវភាពក្រីក្រ រស់នៅតែម្នាក់ឯងក្នុងរយៈពេលរាប់សិបឆ្នាំមកហើយ។

ប្រភពព័ត៌មានឱ្យដឹងថា អ្នកស្រី Tara Devi បានហូបទាំងថង់ជ័រក្នុងរយៈពេលច្រើនឆ្នាំមកនេះ។ ថ្មីៗនេះ ស្ដ្រីរូបនេះ បានជួបបញ្ហាសុខភាពធ្ងន់ធ្ងរ មិនមានអាការឃ្លានអាហារ ខណៈដែលដៃជើងឡើងហើម។

ទំព័រ The Tribute បានចុះផ្សាយថា ស្ដ្រីរូបនេះ ហាក់មិនបានហូបអ្វីទាំងអស់ក្រៅតែពីទឹក ចាប់ពីខែកក្កដាឆ្នាំ ២០១៦។

ការវះកាត់ខាងលើត្រូវបានធ្វើឡើងដោយជោគជ័យ។ ក្រុមគ្រូពេទ្យបានយកស្រទាប់ជ័រចេញពីក្រពះរបស់អ្នកជម្ងឺ។ ស្ថានភាពជម្ងឺរបស់អ្នកស្រី Tara Devi បានល្អប្រសើរឡើងវិញហើយ។

ប្រែសម្រួល ៖ តារាប្រភព ៖ Oddity Central