ព័ត៌មានអន្តរជាតិ ៖ ពលរដ្ឋប្រមាណ ៨០,០០០នាក់ ត្រូវបានអាជ្ញាធរចេញសេចក្តីប្រកាសអោយធ្វើ ការភៀសខ្លួនចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ទៅកាន់កន្លែងមានសុវត្ថិភាព ខណៈអំណាចនៃ ភ្លើងឆេះព្រៃ បានរាលដាល ឆេះដល់ទីក្រុង Haifa ដែលជាទីក្រុងធំ លំដាប់ទី ៣ របស់ប្រទេស អ៊ីស្រាអែល ។ 

/

រូបភាព តូច ខាងឆ្វេង នាយករដ្ឋមន្រ្តី អ៊ីស្រាអែល Benjamin Netanyahu​​ និង ខាងស្តាំ លោក Mahmoud Abbas ប្រធានាធិបតី ប៉ាឡេស្ទីន/

ប្រភពពីប៊ីប៊ីស៊ី បញ្ជាក់ឲ្យដឹងថា គ្រោះធម្មជាតិនៃភ្លើងឆេះព្រៃលើកនេះ បានកើតឡើង ក្រោយពី ប្រទេសអ៊ីស្រាអែល រងនូវគ្រោះរាំងស្ងួតរយៈពេល ២ខែមកនេះ ខណៈភាគខាងជើងទីក្រុងវិញ រង នូវកម្លាំងខ្យល់បក់ជាខ្លាំង ក៏បានពាំនាំ មកនូវការរាលដាលនៃភ្លើងឆេះព្រៃតែម្តង ។ ច្រើនជាងនេះ ទៅទៀត បើតាមសេចក្តីរាយការរណ៍បញ្ជាក់ឲ្យដឹងថា ភ្លើងឆេះព្រៃដ៏សាហាវលើកនេះ អំណាចដ៏ ក្តៅគគុករបស់វា បានគម្រាមគំហែងបណ្តាផ្ទះសម្បែងនៅតំបន់ Jerusalem និងតំបន់ West Bank ជាដើម ។ 

ស្នងការប៉ូលីស ប្រទេសអ៊ីស្រាអែលឲ្យដឹងថា គ្រោះអគ្គីភ័យឆេះព្រៃលើកនេះ គឺមានមន្ទិលសង្ស័យ ច្រើនទៅលើមូលហេតុផ្សេងៗពីគ្នា ខណៈនាយករដ្ឋមន្រ្តីលោក Benjamin Netanyahu ក៏បានគូស បញ្ជាក់ដោយដាក់បន្ទុកទៅលើការវាយប្រហារ ភារវកម្ម ផងដែរ ។ លោកបញ្ជាក់ក្តែងៗឲ្យដឹងថា នរណាម្នាក់ក៏ដោយចុះ ដែលព្យាយាមដុតរដ្ឋប្រទេសអ៊ីស្រាអែលនោះ នឹងត្រូវរងការដាក់ទណ្ឌកម្ម កម្រិតធ្ងន់ ។ ទន្ទឹងនឹងនេះ ស្នងការប៉ូលីស លោក Roni Alsheich បន្តឲ្យដឹងថា ប្រសិនបើករណី ភ្លើងឆេះព្រៃ បានឆាបឆេះដោយជនណាម្នាក់ បង្កដោយមានបំណងនោះ ច្បាស់ណាស់ វាគឺជា ការ ជាប់ពាក់ព័ន្ធទៅនឹងនយោបាយ។ 

/

ដោយឡែក រដ្ឋមន្រ្តីក្រសួងអប់រំ លោក Naftali Bennett ដែលជាមេដឹកនាំគណបក្ស Jewish Home Party ផងដែរនោះ ដែលធ្លាប់បានលើកឡើងថា អារ៉ាប់ និង ប៉ាឡេស្ទីន អាចជាប់ពាក់ព័ន្ធនឹងការ ដុតភ្លើងឆេះព្រៃលើកនេះ បានលើកឡើងតាមបណ្តាញ Twitter ឲ្យដឹងថា មានតែជនដែលមិនជាប់ ពាក់ព័ន្ធនឹងក្នុងប្រទេសនោះទេ ដែលបានដុតបំផ្លាញព្រៃរបស់យើងរហូតរាលដាលដល់ទីក្រុង ។ 

ការលើកឡើងដូច្នេះហើយ បានបណ្តាលឲ្យផ្ទុះប្រតិកម្មខឹងសម្បារជាខ្លាំង ពីប្រធានាធិបតី ប្រទេស ប៉ាឡេស្ទីន លោក Mahmoud Abbas ដោយលោកតបទៅវិញថា មានតែមន្រ្តីអ៊ីស្រាអែលដែលបាន ដុតព្រៃឲ្យឆាបឆេះរួចចាប់ផ្តើមចោទប្រកាន់ និងទម្លាក់កំហុសមកលើ ជនជាតិ ប៉ាឡេស្ទីន។ ប្រធានាធិបតី ប៉ាឡេស្ទីន គូសបញ្ជាក់តាមរយៈសេចក្តីថ្លែងការណ៍ឲ្យដឹងថា អ្វីដែលកំពុងតែឆាប ឆេះនោះ គឺកំពុងតែឆេះព្រៃរបស់ពួកយើង ដីរបស់ពួកយើងនៃប្រវត្តិសាស្រ្ត ប៉ាឡេស្ទីន ។ 

ការ​បង្ហូរ​ឈាម​គ្នា​រវាង​ប៉ា​ឡេ​ស្ទី​ន និង​អ៊ីស្រាអែល​ក្នុង​តំបន់ West Bank នៅ​តែ​បន្ត​កើត​មាន​​ ​​ចាប់តាំងពី​ថ្ងៃទី​២៨ ខែតុលាមកជនជាតិ​អ៊ីស្រាអែល និងពលរដ្ឋ​អាមេរិកកាំង​មួយចំនួន​ត្រូវ​បានសម្លាប់ ក្នុង​ការ​វាយប្រហារនៅ​តាម​ដងផ្លូវដោយពលរដ្ឋប៉ា​ឡេ​ស្ទី​ន​។​ ជាការ​ឆ្លើយតបកងកម្លាំងអ៊ីស្រាអែលបាន​សម្លាប់ពលរដ្ឋ  ប៉ា​ឡេ​ស្ទី​ន យ៉ាងហោចណាស់ ១៨៧នាក់​។​ ​ការកញ្ជ្រោល​ឡើងក្នុងអំពើ​ហិង្សា បាន​ដុត​រោលជា​ផ្នែក​ដោយការ មិន​ពេញចិត្ត​ពី​សំណាក់ពលរដ្ឋប៉ា​ឡេ​ស្ទី​ន ការ​បរាជ័យដំណើរការជជែក​ស្វែងរក​សន្តិភាព ក្រោមការ​សម្រប​សម្រួលដោយសហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​2014 ,​ កំណើន​នៃ​ការ​សាងសង់លំនៅដ្ឋានរបស់​ជនជាតិជ្វីស នៅ​លើដី ដែលពួកគេ​ស្វែងរក ការប្រកាស​ជា​រដ្ឋ​ឯករាជ​នា​ពេល​អនាគត និងពួក​អ៊ីស្លាម​ជ្រុលនិយមអំពាវនាវ​រក​ការ​បំផ្លិច​បំផ្លាញប្រទេសអ៊ីស្រាអែល៕

/

/

/

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី