ពោធិ៍សាត់៖ រថយន្តក្រុង ដឹកអ្នកដំណើរ របស់ក្រុមហ៊ុន រិទ្ធមុនី បានបង្កគ្រោះថ្នាក់ ចរាចរណ៍ជាថ្មីទៀត ទៀតហើយ ដោយបានបើកបុក រថយន្តកាម៉ារី បាឡែន ពេញមួយទំហឹងបណ្តាលឲ្យ អ្នកបើករថយន្តកាម៉ារី បាឡែន ស្លាប់ភ្លាមៗ នៅកន្លែង កើតហេតុ កាលពីវេលាម៉ោង ១១៖៣០នាទី យប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣ ស្ថិតនៅលើកំណាត់ ផ្លូវជាតិលេខ៥ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមានស្រុកកំណើតស្រុកព្រែកប្រសព ខេត្តក្រចេះ ។ សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុខណៈជនរងគ្រោះ បានបើករថយន្តតែម្នាក់ឯង តាមបណ្តោយផ្លូវជាតិលេខ៥ ពីជើងទៅត្បូង ពោលចេញមកពី ខេត្តពោធិ៍សាត់ឆ្ពោះ មករាជធានីភ្នំពេញ ស្រាប់តែដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្តក្រុងរបស់ក្រុមហ៊ុនរិទ្ធមុនី បើកបុកពេញមួយទំហឹងបណ្តាលឲ្យអ្នកបើក រថយន្តគាបជាប់ ស្លាប់តែម្តង។

ក្រោយកើតហេតុ ទាំងរថយន្តបង្ក របស់ក្រុមហ៊ុន រិទ្ធមុនី និងរថយន្តជនរងគ្រោះ ត្រូវសមត្ថកិច្ច យកទៅរក្សាទុក ដើម្បីរង់ចាំការដោះសា្រយបន្តទៀត៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល