ដោយ​ប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាខ្ពស់ ក្រុមអ្នកវិទ្យាសាស្ដ្រ បានរកឃើញភព​​មួយដែល​មានរូបរាងប្រហាក់ប្រហែលនឹងភពព្រហស្បតិ៍ មានចម្ងាយពីផែនដីប្រមាណជា ៩៧ឆ្នាំពន្លឺ និងទើបតែមានអាយុត្រឹមតែ ២០លានឆ្នាំ។

ប្រភពពី Sci-news ឱ្យដឹងថា ក្រុមតារាវិទូ ប្រើប្រាស់ម៉ាស៊ីនថតរកភព ដែលហៅថា Gemini Planet Imager បានរកឃើញភពខាងលើនេះ កំពុងគោចរជុំវិញផ្កាយមេមួយនៅក្បែរនោះ។ ភពនេះត្រូវបានគេដាក់ឈ្មោះថា 51 Eridani b (51 Eri b)។

/

51 Eridani b មានចម្ងាយប្រហែល ៩៧ឆ្នាំពន្លឺ ពិផែនដី ស្ថិតក្នុងកញ្ចុំផ្កាយ Eridanus។ តាមការគន់គូរ ភពនេះ ទើបតែមានអាយុ ២០លានឆ្នាំ ហើយបើយោងតាមស្ដង់ដាតារាសាស្ដ្រ វាគឺជាភពមួយដែលទើបនឹងកកើត។

ភពខាងលើនេះ វិលជុំវិញផ្កាយមេរបស់វា ដែលមានឈ្មោះថា​ c Eridani គឺហៅថា HD 29391 ហើយចម្ងាយពី ភព 51 Eridani b ទៅផ្កាយមេ c Eridani គឺប្រមាណជា ១៣ AU (ឯកតាតារាសាស្ត្រ) ពោលគឺប្រហែលចម្ងាយពី ភពព្រះសៅរ៍ (Saturn)ទៅភព អុយរ៉ានុស (Uranus)នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់មនុស្ស។ ភព 51 Eridani b មានទំហំធំជាងភព ភពព្រហស្បតិ៍ (Jupiter)។

នេះគឺជាភពទីមួយហើយដែលត្រូវបានរកឃើញដោយម៉ាស៊ីន Gemini Planet Imager។ Gemini Planet Imager ត្រូវបានគេផលិតឡើងដើម្បីស្វែងរក និងវិភាគទៅលើបណ្ដាភពដែលទើបមានអាយុតិច មានពន្លឺខ្សោយ វិលជុំវិញផ្កាយទាំងឡាយដែលនៅក្បែរៗនោះ។

តាមការិវភាគ ភពនេះ​ក៏មានវត្តមានរបស់ទឹក ដូច្នេះ វាក៏មានលក្ខណៈប្រហាក់ប្រហែលនឹងបណ្ដាភព នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់មនុស្ស។ អ្នកវិទ្យាសាស្ដ្រឱ្យដឹងថា ភព 51 Eridani b មានកំដៅប្រហែល ៤២៧អង្សាសេ ល្មមនឹងរំលាយសំណ ប៉ុន្តែវានៅតែត្រជាក់ បើប្រៀបធៀបនឹងភពឧស្ម័នដទៃ។

 

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Sci-News