ជនជាតិឥណ្ឌូនេស៊ីម្នាក់ត្រូវបានចាប់ខ្លួន ក្រោមបទចោទប្រកាន់ថា បានលួចចូលទៅក្នុងប្រព័ន្ធអេឡិចត្រូនិចផ្សាយពាណិជ្ជកម្ម រួចចាក់បញ្ចាំងភាពយន្ដសិចក្នុងម៉ោងដែលមានមនុស្សច្រើន នៅលើដងផ្លូវក្នុងក្រុង Jakarta។

/

AFP ដកស្រង់ប្រភពពីនគរបាល បានឱ្យដឹងថា ខ្សែភាពយន្តសិចមួយរបស់ជប៉ុន បានត្រូវបញ្ចាំងរយៈពេល ១០នាទី នៅលើអេក្រង់ផ្សាយពាណិជ្ជកម្មនៅផ្លូវបំបែកធំមួយរបស់ Jakarta កាលពីថ្ងៃទី ៣០កញ្ញា ធ្វើឱ្យអ្នកដំណើរមានការភ្ញាក់ផ្អើល។

ផ្ទាំងអេក្រង់ផ្សាយពាណិជ្ជកម្មនោះ ក្រោយមក ត្រូវបានគេបិទ ប៉ុន្តែ អ្នកដំណើរទាំងឡាយបានថតរូបភាព និងចែករំលែកនៅលើបណ្ដាញសង្គម។

នគរបាលបានចាប់ផ្ដើមស៊ើបអង្កេត ហើយកាលពីថ្ងៃទី ៤តុលា បានចាប់ខ្លួនអ្នកជំនាញខាងបច្ចេកវិទ្យាម្នាក់អាយុ ២៤ឆ្នាំ នៅក្នុងការិយាល័យរបស់ជននេះ។

ជនសង្ស័យខាងលើបានសារភាពថា ខ្លួននៅពីក្រោយហេតុការណ៍ និងបានចូលទៅក្នុងប្រព័ន្ធអេឡិចត្រូនិច បន្ទាប់ពីបានរកឃើញឈ្មោះ និងលេខកូដសម្ងាត់ដែលអាចចូលទៅកាន់ប្រព័ន្ធម៉ាស៊ីនផ្សាយពាណិជ្ជកម្មនេះ។

ជនសង្ស័យបានឱ្យដឹងថា ខ្លួនធ្វើសកម្មភាពតែម្នាក់ឯង ប៉ុន្តែ នគរបាលកំពុងតែស្រាវជ្រាវបន្ថែមដើម្បីរកជនល្មើសដែលជាប់ពាក់ព័ន្ធ។

Hacker ម្នាក់នេះ ត្រូវប្រឈមនឹងការចោទប្រកាន់ពីបទបញ្ចាំងភាពយន្តសិច ហើយអាចនឹងជាប់ពន្ធនាគាររយៈពេល៦ឆ្នាំ៕

ប្រែសម្រួល ៖ តារាប្រភព ៖ AFP