ខ្ញុំគិតថា ម៉ាញ៉េស្យូមចំនួន ២០គីឡូក្រាម គឺអាចរុញច្រានយានអវកាសមួយទម្ងន់ ១០០គីឡូក្រាម ទៅដល់ភពព្រះអង្គារ និងត្រឡប់មកវិញ។ រយៈពេលនៃការហោះហើរ គឺប្រហែលពី ៣ ទៅ ៥ឆ្នាំ។

/

Patrick Neumann ជាមួយនឹងម៉ាស៊ីនពិសេសរបស់គាត់

នេះគឺជាគំនិតរបស់បុរសម្នាក់ មិនដឹងថា លោកអ្នកយល់យ៉ាងណាចំពោះបញ្ហានេះ។ ប៉ុន្តែបុរសជនជាតិអូស្ដ្រាលីរូបនេះអះអាងថា ម៉ាស៊ីនដែលគាត់ច្នៃ អាចនាំយានអវកាសមួយទៅដល់ភពអង្គារ ហើយវិលត្រឡប់មកវិញ ដោយប្រើប្រាស់ប្រេងឥន្ធនៈត្រឹមតែមួយធុង។

សូមបញ្ជាក់ថា នេះមិនមែនជាដំណឹងកំប្លែងនោះទេ។ Patrick Neumann ដែលជានិស្សិតម្នាក់ កំពុងស្រាវជ្រាវ បន្ទាប់ពីបានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ Sydney ទទួលបានប័ណ្ណកម្មសិទ្ធិបញ្ហាស្ដីអំពីម៉ូដែលម៉ាស៊ីន ion ដែលគាត់កំពុងច្នៃ។ ម៉ាស៊ីននេះ ខ្លាំងក្លាជាងម៉ាស៊ីនដែល NASA ធ្លាប់បានច្នៃមុននេះ។

បុរសខាងលើបញ្ជាក់ថា ម៉ាស៊ីនរបស់ NASA គឺប្រើ Xenon ដែលជាវត្ថុធាតុកម្រ នៅលើផែនដី។ ចំណែកម៉ាស៊ីនរបស់គាត់វិញ គឺអាចប្រើអាលុយមីញូម titan ឬវត្ថុធាតុផ្សេងៗដែលមានច្រើននៅលើផែនដី ដើម្បីបម្លែងឱ្យទៅជាប្រេងឥន្ធនៈ។ បែបនេះហើយយានអវកាស អាចនឹង ស៊ីសាកសព ផ្កាយរណបមួយនៅលើគន្លងគោចរ ដើម្បីទទួលបានថាមពលបន្ថែម។ ប្រការនេះ មិនត្រឹមតែជួយបង្កើនប្រេងឥន្ធនៈដល់ម៉ាស៊ីននោះទេ តែវាក៏ជួយសំអាតសំរាមអវកាសផងដែរ។

/

ប្លង់គោលនៃម៉ាស៊ីនរបស់ Patrick Neumann

ការធ្វើដំណើរទៅកាន់ភពអង្គារ និងវិលមកវិញដោយប្រើម៉ាស៊ីនរបស់ Neumann វាហាក់ដូចនៅឆ្ងាយ ប៉ុន្តែ នៅចំពោះមុខ និងនៅអនាគតដ៏ខ្លីខាងមុខ ម៉ាស៊ីននេះ អាចនឹងត្រូវបានគេបំពាក់នៅលើផ្កាយ រណបដែលហោះជុំវិញផែនដី៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Iflscience