នៅក្នុងករណីលែងលះគ្នារវាងប្ដី និងប្រពន្ធ គេតែងឃើញមានបញ្ហាមិនចុះសម្រុងគ្នាជាច្រើន ទាក់ទិននឹងរបៀបរស់នៅ ការយល់ឃើញ ឬបុគ្គលិកលក្ខណៈ ជាដើម ដែលជាមូលហេតុសំខាន់នាំឱ្យមានការបែកបាក់គ្រួសារ ប៉ុន្ដែ សម្រាប់លោក John Devaney អាយុ ៦៤ឆ្នាំ ជាអ្នកស្រុក Narragansett រដ្ឋ Rhode Island អាមេរិក វិញ ឫសគល់នៃការព្រ័ត្រគ្នារវាងខ្លួន និងប្រពន្ធ បែរជា កើតឡើងដោយសារតែសម្លេងជួងរបស់វិហារ St Thomas More ដែលនៅទល់មុខផ្ទះរបស់គាត់ទៅវិញ។
លោក John Devaney យល់ថា ជួងរបស់ព្រះវិហារនេះ គឺជាមូលហេតុដែលនាំឱ្យប្ដីប្រពន្ធខ្លួនបែកបាក់គ្នា។
លោក John Devaney បានឡើងតុលាការដើម្បីពឹងច្បាប់ ស្នើឱ្យវិហារនេះ កាត់បន្ថយការវាយជួង ដើម្បីទុកឱ្យគ្រួសាររបស់ខ្លួន រស់នៅបានសុខស្រួលបន្ដិច។ បុរសវ័យ ៦៤ឆ្នាំរូបនេះ អះអាងថា ជួងរបស់វិហារមួយនេះ បានរួមចំណែកក្នុងការធ្វើឱ្យប្ដីប្រពន្ធរបស់លោក ឈានដល់ការបែកបាក់។លោក John Devaney ប្រាប់ឱ្យដឹងថា ជួងរបស់វិហារនេះ ឈប់ដំណើរការជាយូរមកហើយ។ ប៉ុន្ដែរហូតដល់គ្រួសាររបស់គាត់ ទិញផ្ទះនៅក្បែរនេះ កាលពី ១៨ឆ្នាំមុន ហើយមុននេះ ៦ឆ្នាំ ជួងរបស់វិហារនេះ ត្រូវបានគេធ្វើឱ្យវាដំណើរការដោយស្វ័យប្រវត្តឡើងវិញ។ប្រភពព័ត៌មាន ឱ្យដឹងថា ជួងនេះ រោទ៍ជាសម្លេងខ្លាំងៗរហូតដល់ ៧០០ដងក្នុងមួយសប្ដាហ៍ និង ៣៦,០០០ដងក្នុងមួយឆ្នាំ។ ប្រការនេះ បានក្លាយជាមូលហេតុនាំឱ្យលោក John Devaney តែងមានអារម្មណ៍ថាតានតឹងក្នុងចិត្ត ពិបាកទ្រាំ និងតែងឈ្លោះប្រកែកជាមួយប្រពន្ធ។ឆ្លើយបតទៅនឹងការចោទប្រកាន់របស់ John Devaney សម្ដេចសង្ឃ Francis ភាគីខាងចុងចោទ ឱ្យដឹងថា កាលបរិច្ឆេទនៃការរោទ៍របស់ជួងក្នុងវិហារនោះ គឺសមហេតុសមផល និងស្ថិតក្នុងកម្មសិទ្ធិរបស់វិហារ។ ក្រៅពីនេះ ភាគីខាងវិហារយល់ថា ក្នុងសង្គម មានមនុស្សជាច្រើន ចូលចិត្តស្ដាប់សម្លេងជួងរបស់វិហារផងដែរ។បច្ចុប្បន្ន លោក John Devaney កំពុងទាមទារឱ្យភាគីវិហារ សងជម្ងឺចិត្តជាប្រាក់ ដោយសារតែបានបង្កបញ្ហាមកលើគ្រួសារលោក។ ប៉ុន្ដែ ចំនួនទឹកប្រាក់សំណងជម្ងឺចិត្តនេះ មិនទាន់ត្រូវបានគេបង្ហើបឱ្យដឹងនៅឡើយ។
ដោយ ៖ តារាប្រភព ៖ metro