Candy Law (羅 霖/ Luo Lin) បានទទួលស្គាល់ថា នាងមិនមានសំណាងនឹងមានជីវិភាពល្អ សោយសុខទ្រព្យសម្បត្តិ។ ការធ្វើជាកូនប្រសារអ្នកមានទ្រព្យច្រើន គឺមិនមែនអ្វីក៏គ្រប់គ្រាន់នោះទេ នាងត្រូវទិញ តាំងពីរបស់របរតូចតាចបំផុតសម្រាប់ខ្លួន។បវរកញ្ញាអាស៊ី ឆ្នាំ ២០១១ នាង Candy Law (羅 霖) បានទទួលស្គាល់ថា ខ្លួន និងស្វាមី (Lau Kwan Ming) បានបែកបាក់គ្នា កាលពីឆ្នាំទៅ ហើយមួយរយៈពេលចុងក្រោយនេះ ពួកគេបានបំពេញបែបបទលែងលះ។ Candy Law បង្កើតបានកូនប្រុស ៣នាក់ ឱ្យ Lau Kwan Ming ។ កូនប្រុសច្បង ២នាក់ នៅជាមួយពុក ចំណែកកូនប្រុសពៅ ទៅនៅជាមួយម្ដាយ។
បវរកញ្ញាអាស៊ីឆ្នាំ ១៩៩១ នាង Candy Law (羅 霖/ Luo Lin)
យោងតាមប្រភពព័ត៌មាននៅលើទំព័រ Ifeng ក្រោយពេលលែងលះ Lau Kwan Ming ក៏បានទាមទារ យកមកវិញនូវទ្រព្យសម្បត្តិដែលបានប្រគល់ឱ្យ Candy Law កាលពីមុន។ ការលែងលះនេះ បានធ្វើឱ្យម្ដាយរបស់អតីតបវរកញ្ញាឆ្នាំ ១៩៩១ នេះ ខឹងយ៉ាងខ្លាំង ហើយក្រោយមកអ្នកស្រីក៏បានធ្លាក់ខ្លួនឈឺ។ នៅក្នុងកិច្ចសម្ភាសកាលពីពេលថ្មីៗនេះ Candy Law បានបង្ហើប អំពីពេលវេលាដ៏ជូរចត់នៅក្នុងឋានៈជាកូនប្រសារបស់អ្នកមាន។
Candy Law ថ្លែងថា ៖ “នាងខ្ញុំមិនដែលបានសោយសុខទ្រព្យសម្បត្តិ នៅពេលបានឈានជើងចូលផ្ទះអ្នកមាន។ អតីតស្វាមីរបស់នាងខ្ញុំ ចំណាយប្រាក់ឱ្យកូនៗ ចំណែកនាងខ្ញុំនៅតែត្រូវប្រើប្រាស់លុយដែលរកបានដោយខ្លួនឯង សម្រាប់ទិញរបស់របរផ្ទាល់ខ្លួន។ សូម្បីតែកាបូប ក៏ជាប្រាក់ដែលនាងខ្ញុំត្រូវចំណាយដើម្បីទិញ”។
Candy Law និង Lau Kwan Ming កាលពីមិនទាន់បែកគ្នា
បវរកញ្ញាអាយុ ៤៨ឆ្នាំរូបនេះ បន្ដនិយាយដោយទឹកមុខស្រពូនថា ៖ នាងខ្ញុំយល់ថា ស្ដ្រីមិនចាំបាច់មានសម្រស់ស្អាតធ្វើអ្វីនោះទេ សំខាន់គឺសុភមង្គល។ ហេតុអ្វីក៏ទំនាក់ទំនងរវាងនាងខ្ញុំ និងអតីតស្វាមី បែរក្លាយជាបែបនេះទៅវិញ? ដំបូងឡើយ នាងខ្ញុំនឹងគាត់ និយាយចុះសម្រុងគ្នាណាស់ ប៉ុន្ដែក្រោយមក បន្ទាប់ពីមានកូន យើងក៏តែងនិយាយមិនត្រូវគ្នាអំពីរឿងប្រៀនប្រដៅកូនៗ នាងខ្ញុំជាមនុស្សតឹងរឹងចំពោះកូនៗ ចំណែកគាត់ចេះតែបណ្ដោយតាមចិត្តកូនៗទៅវិញ។ ប៉ុន្មានឆ្នាំមកនេះ យើងមានបញ្ហាជាច្រើន នាងខ្ញុំចង់ដោះស្រាយ និងសម្របសម្រួលដោយសេចក្ដីស្នេហា ប៉ុន្ដែ Lau Kwan Ming កាន់តែមិនចូលចិត្ដ។ នាងខ្ញុំខំប្រឹងអត់ធ្មត់ ប៉ុន្ដែមិនមានប្រយោជន៍។ ចុងក្រោយ គាត់ក៏បាននាំយករឿងទាំងអស់ ឡើងតុលាការ។ គ្រួសាររបស់នាងខ្ញុំ ត្រូវចំណាយប្រាក់មិនតិចនោះទេ ទៅឱ្យមេធាវី។ ប្រហែលជានាងខ្ញុំ មិនមានអ្វីសល់ទៀតនោះទេ។
Candy Law ត្រូវបានកាសែតចុះផ្សាយថា មានប្រុសនៅឯចិនដីគោក
គួររំឭកថា Luo Lin ធ្លាប់ដណ្ដើមបានមកុដបវរកញ្ញាឯកអាស៊ី ឆ្នាំ ១៩៩១ បន្ទាប់មក នាងចូលធ្វើការនៅស្ថានិយទូរទស្សន៍ ATV, TVB ។ Luo Lin បានរៀបការជាមួយលោក Lau Kwan Ming កាលពីឆ្នាំ ១៩៩៦ និងមានកូនប្រុសជាមួយ ចំនួន ៣នាក់។ កាលពីឆ្នាំ ២០១២ ស្រីស្អាតរូបនេះ ត្រូវបានគេនិយាយថា មានប្រុសក្មេងនៅចិនដីគោក។ បន្ទាប់ពីរឿងនេះ បានត្រូវចុះផ្សាយនៅលើសារព័ត៌មាន Lau Kwan Ming ខឹងខ្លាំងណាស់ ហើយក៏បានដេញនាងចេញពីផ្ទះ។ Candy Law ក៏វិលត្រឡប់ទៅរស់នៅជាមួយម្ដាយនាង នៅឯស្រុកកំណើត៕
ដោយ ៖ តារា ប្រភព ៖ tvblife/ve