ក្រុមហ៊ុនពហុផលិតផល Samsung Group របស់កូរ៉េខាងត្បូង គ្រោងនឹងវិនិយោគទឹកប្រាក់ ២២ ពាន់លានដុល្លារ នៅរយៈពេល ៣ ឆ្នាំបន្ទាប់ ចូលក្នុងវិស័យរីកចម្រើនថ្មីៗ ដែលនាំមុខដោយក្រុមហ៊ុនសាំសុងអេឡិចត្រូនិច(Samsung Electronics)។

ក្រុមហ៊ុននេះ បាននិយាយកាលពីថ្ងៃពុធថា ការវិនិយោគទាំងនោះ នឹងអនុវត្ដលើវិស័យសំខាន់ៗចំនួន ៤ គឺ៖ បច្ចេកវិទ្យាម៉ាស៊ីនវៃឆ្លាត(Artificial Intelligent(AI)) បច្ចេកវិទ្យាបណ្ដាញទូរសព្ទចល័តជំនាន់ទី៥(5G) ធាតុផ្សំអេឡិចត្រូនិចសម្រាប់រថយន្ដនាពេលអនាគត និងផលិតផលអមវេជ្ជសាស្រ្ដបែបជីវសាស្រ្ដ(bio-pharmaceuticals)។

ដើម្បីពង្រីកសមត្ថភាពម៉ាស៊ីនវៃឆ្លាត ក្រុមហ៊ុនសាំសុង នឹងបង្កើនបុគ្គលិកផ្នែកស្រាវជ្រាវបន្ថែមឱ្យបានរហូតដល់ ១០០០ នាក់ដើម្បីឱ្យបម្រើការ នៅទូទាំងមជ្ឈមណ្ឌលផលិតម៉ាស៊ីនវៃឆ្លាតរបស់ខ្លួន នៅចក្រភពអង់គ្លេស កាណាដា រុស្ស៊ី សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។

/

បច្ចុប្បន្ន ក្រុមហ៊ុនសាំសុងអេឡិចត្រូនិច គឺជាសហគ្រាសផលិតទូរសព្ទស្មាតហ្វូនដ៏ធំបំផុតនៃពិភពលោក  ហើយក្រុមហ៊ុននេះ ក៏បាននិយាយអួតពីអាជីវកម្មផលិតផលពាក់កណ្ដាលចំលង(semi-conductor) របស់ខ្លួនផងដែរ ដែលផ្គត់ផ្គង់បន្ទះឈីបទៅឱ្យក្រុមហ៊ុនជាច្រើនដូចជា ក្រុមហ៊ុន Apple ជាដើម។

សរុបសេចក្ដីមក ក្រុមហ៊ុនពហុផលិតផលមួយនេះ បាននិយាយថា ខ្លួនបានគ្រោងធ្វើការវិនិយោគទឹកប្រាក់សរុប ១៦១ ពាន់លានដុល្លារ នៅរយៈពេល ៣​ ឆ្នាំបន្ទាប់ ដែលនឹងរួមបញ្ចូលទាំងទុនចំណាយលើអចលនទ្រព្យ និងទុនលើការស្រាវជ្រាវ និងអភិវឌ្ឍផលិតផលពាក់កណ្ដាលចម្លង និងការផ្សព្វផ្សាយពាណិជ្ជកម្មផងដែរ។  ទុនវិនិយោគមួយចំនួនធំប្រហែល ១៣០ ទ្រីលានវ៉ុន នឹងចំណាយ នៅកូរ៉េខាងត្បូង។

ក្រុមហ៊ុនសាំសុងក៏បាននិយាយផងដែរថា ខ្លួនរំពឹងថា នឹងបង្កើតការងារបានប្រហែល ៤០,០០០ កន្លែង នៅរយៈពេល ៣ ឆ្នាំបន្ទាប់នេះ។ កាលពីសប្ដាហ៍មុន ក្រុមហ៊ុនសាំសុងអេឡិចត្រូនិច បានផ្សាយកំណើនប្រាក់ចំណេញប្រចាំត្រីមាសទាបបំផុតរបស់ខ្លួនសម្រាប់រយៈពេលជាងមួយឆ្នាំ ក្រោយពីការធ្លាក់ចុះកំណើនលក់ស្មាតហ្វូនសកល។ ប៉ុន្ដែក្រុមហ៊ុននេះ បាននិយាយថា អាជីវកម្មបន្ទះឈីបរបស់ខ្លួន នៅតែបន្ដដំណើរការបានល្អប្រសើរ ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ ស៊ីអិនប៊ីស៊ី