លោកស្ដ្រីរដ្ឋមន្ដ្រីក្រសួងការពារជាតិជប៉ុន Tomomi Inada កាលពីម្សិលមិញ បានដាក់បញ្ជាឱ្យបាញ់ទម្លាក់អ្វីៗទាំងអស់ដែលហោះឆ្ពោះមកកាន់ប្រទេសនេះ ដែលជាសកម្មភាពមួយដើម្បីទប់ស្កាត់កាំជ្រួចរបស់កូរ៉េខាងជើង។/

លោកស្រី Tomomi Inada ត្រួតពល កាលពី​ថ្ងៃទី ៤សីហា​

ទីភ្នាក់ងារសារព័ត៌មាន Kyodo បានរាយការណ៍ថា បទបញ្ជារបស់លោកស្រី Tomomi Inada ត្រូវបានធ្វើឡើងដើម្បីធានាថា កម្លាំងការពារ (SDF) ត្រៀមខ្លួនជាស្រេចដើម្បីទប់ស្កាត់នូវវត្ថុទាំងឡាយណា ទោះជានៅពេលណា ខណៈការបាញ់កាំជ្រួចរបស់កូរ៉េខាងជើង ពិបាកត្រូវបានគេឃ្លាំមើល ដោយសារតែប្រទេសនេះ ប្រើប្រាស់ប្រព័ន្ធបាញ់បង្ហោះចល័ត។រដ្ឋាភិបាលជប៉ុន ធ្លាប់បានដាក់បទបញ្ជាឱ្យបាញ់ទម្លាក់វត្ថុដែលហោះឆ្ពោះមកកាន់ប្រទេសនេះ ដោយយោងទៅលើករណីនិមួយៗ បន្ទាប់ពីរកឃើញថា កូរ៉េខាងជើង មានសញ្ញាត្រៀមបាញ់បង្ហោះកាំជ្រួច។កូរ៉េខាងជើង កាលពីថ្ងៃទី ៣សីហា បានបាញ់កាំជ្រួចផ្លោងចូលទៅក្នុងតំបន់ដែលជប៉ុនយល់ថា ជាតំបន់ឯកសិទ្ធិសេដ្ឋកិច្ចពិសេសរបស់សមុទ្រជប៉ុន។ ក្រុងតូខ្យូ បានថ្កោលទោសសកម្មភាពរបស់ក្រុងព្យុងយ៉ាងដែលមិនអើពើនឹងបំរាមរបស់អង្គការសហប្រជាជាតិ។ ជប៉ុនយល់ថា សកម្មភាពនេះបានគំរាមកំហែងដល់សន្ដិសុខជប៉ុន។កាលពីខែមុន កូរ៉េខាងជើង បានបាញ់កាំជ្រួចចំនួនបីដើម។ ក្រុមអ្នកជំនាញការយល់ថា នោះគឺជាកាំជ្រួចខ្នាតមធ្យម Rodong ចំនួនពីរដើម និងកាំជ្រួចរយៈចម្ងាយខ្លី Scud មួយដើម ដែលអាចបាញ់ទៅដល់គ្រប់ទីតាំង នៅកូរ៉េខាងត្បូង។

ប្រែសម្រួល ៖ បុត្រា