(ភ្នំពេញ)៖ លោក Lee Tae Hoon គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែ​កញ្ញា​នេះ បាន​ដឹក​នាំ​កូន​ក្រុម​ចេញ​ដំណើរ​ទៅ​ប្រទេស​សិង្ហ​បុរី​ហើយ ដើម្បី​បោះ​ជំរុំ​ហ្វឹក​ហាត់​រយៈ​ពេល ១០​ថ្ងៃ​នៅ​ទី​នោះ​ចាប់​ពី​ថ្ងៃ​ទី​២១ ដល់ថ្ងៃទី៣០ ខែកញ្ញានេះ សម្រាប់​ត្រៀម​ធ្វើ​ម្ចាស់​ផ្ទះ​វគ្គ​ជម្រុះ​ពាន​រង្វាន់ AFF Suzuki Cup 2016 នា​ពាក់​កណ្ដាល​ខែ​តុលា​ខាង​មុខ​។

លោក ឆាំង ពិសិដ្ឋ អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជានេះបានឲ្យដឹងថា បេសកកម្មបោះជំរុំហ្វឹកហាត់ក្រៅ​ប្រទេស​នេះ គឺ​ជា​ឱកាស​ដ៏​ពិ​សេស ដើម្បី​ជំរុញ​ស​មត្ថ​ភាព​កីឡា​ករ​ឲ្យ​បាន​ល្អ សម្រាប់ត្រៀមប្រកួតប្រជែងដណ្ដើមកៅអី​វគ្គ​បន្ដ​នៃ​ពាន​រង្វាន់ AFF Suzuki Cup 2016 ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ ចាប់​ពី​ថ្ងៃ​ទី​១៥-២១ ខែ​តុលា​ខាង​មុខ​នៅ​ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ​។

លោកបន្ដថា ក្នុងឱកាសនោះដែរ ក្រុមជម្រើសជាតិកម្ពុជា ក៏នឹងមានការប្រកួតកម្ដៅសាច់ជាមួយក្រុមម្ចាស់ផ្ទះសិង្ហបុរីប្រមាណ ៣​ប្រកួត​ផង​ដែរ មុន​នឹង​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ដើម្បីត្រៀមប្រកួតមិត្តភាពផ្លូវការជាមួយក្រុមហុងកុង នៅថ្ងៃទី០៦ ខែ​តុលា និង​បន្ដ​ជួប​ក្រុម​ជម្រើស​ជាតិ​ស្រី​លង្កា នៅ​ថ្ងៃ​ទី​០៩ ខែ​តុលា ឆ្នាំ​២០១៦​​។

ចំពោះគូប្រជែងនៃវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 របស់ក្រុមគោព្រៃកម្ពុជា រួមមានប្រ៊ុយណេ ទីម័រខាងកើត និង​ឡាវ ដោយ​ត្រូវ​ដណ្ដើម​កៅ​អី​ជុំ​ផ្ដាច់​ព្រ័ត្រ​ពូល B ដែល​មាន​ក្រុម​ខ្លាំង ៣ក្រុមកំពុងរង់ចាំ មានដូចជាក្រុមជម្រើសជាតិវៀតណាម មីយ៉ាន់ម៉ា និងក្រុមជម្រើសជាតិម៉ាឡេស៊ី ខណៈការប្រកួតជុំផ្ដាច់ព្រ័ត្រ ចាប់ពីថ្ងៃទី១៩ ខែវិច្ឆិកា ដល់ថ្ងៃទី១៧ ខែធ្នូខាងមុខនេះ៕

width=730

width=730

width=730

width=730

width=730

គ្រូបង្វឹកកម្ពុជា លោក Lee Tae Hoon

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង