ភ្នំពេញ៖ស្ត្រីវ័យក្មេង ស្រស់ស្អាតម្នាក់ ត្រូវបាននិស្សិតប្រុស ដែលទើបនឹងស្គាល់គ្នា បាន៣ថ្ងៃ វាយទម្លាក់ ពីលើរថយន្ត ធ្វើឲ្យរងរបួស រួចហើយប្លន់យករថយន្ត របស់នាង ជិះទៅបាត់ តែសំណាងល្អ ត្រូវបានសមត្ថកិច្ច ប្រដេញ និងស្ទាក់ចាប់បានមកវិញ ទាំងរថយន្តទាំងជនសង្ស័យ ដោយករណីវាយប្លន់ យករថយន្តខាងលើ បានកើតឡើង កាលពីវេលាម៉ោង ២៣និង២០នាទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៣កន្លងទៅនេះ នៅតាម បណ្តោយផ្លូវលេខ៥២៨ កែងនិងផ្លូវលេខ៣១៧ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។

ជនរងគ្រោះនៅក្នុងអំពើវាយប្លន់យករថយន្តខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះ ឆើត ធាវី ហៅស្រីពេជ្រ អាយុ ២៦ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ចំណែករថយន្តដែល ចោរប្លន់ យកមិនបានសម្រេច ម៉ាកកាមរីឆ្លាម ពាក់ស្លាកលេខកំពង់ចាម 2A-1628 ជាកម្មសិទ្ធិរបស់នារីរងគ្រោះ ខាងលើនេះ ។ ដោយឡែកជនសង្ស័យ ត្រូវបានគេស្គាល់ឈ្មោះ សុកាន សុបណ្ណកា ភេទប្រុស អាយុ២៣ឆ្នាំ ជានិស្សិតផ្នែកអក្សរសាស្ត្រ អង្គគ្លេសឆ្នាំទី៣ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ ស្នាក់នៅផ្ទះលេខ១៦៦Yb ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ពាក់ព័ន្ធទៅនឹងអំពើប្លន់មិនបានសម្រេចខាងលើនេះ យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈនារីរងគ្រោះបើករថយន្តនៅតាមផ្លូវតែម្នាក់ឯង ស្រាប់តែជនសង្ស័យខាងលើនេះ ដែលជាមនុស្សទើបនឹងស្គាល់គ្នាបាន៣ថ្ងៃ បានទូរស័ព្ទទៅនាង សុំខ្ចីរថយន្តជិះទៅទារលុយគេ ។ ពេលនោះនារី រងគ្រោះបានបើករថយន្តទៅជួបតែដោយសារមិនទុកចិត្ត ក៏មិនឲ្យខ្ចីរថយន្តនោះទេ ហើយសុខចិត្តជូនទៅ ដោយឲ្យជនសង្ស័យ ជាអ្នកបើកហើយស្ត្រីម្ចាស់រថយន្ត អង្គុយនៅខាងមុខជាមួយ ។ ពេលជិះទៅដល់កន្លែង កើតហេតុជនសង្ស័យ បានឈប់រថយន្តរួចហើយប្រាប់ឲ្យនារីរងគ្រោះទៅជិះនៅខាងក្រោយវិញ  ពេលនោះនារី រងគ្រោះ ក៏បើកទ្វារ រកចុះស្រាប់តែជនសង្ស័យ បានវាយនារីរងគ្រោះ រួចហើយរុញទម្លាក់ពីលើរថយន្តតែម្តង តែនារីរងគ្រោះដែលមានស្មារតីរឹង បានតោងនឹងទ្វាររថយន្តជាប់ ហើយជនសង្ស័យបានបើករថយន្តអូស នារីរងគ្រោះទៅជាមួយ បានប្រមាណ៤-១០ម៉ែត្រក៏របូតដៃធ្លាក់ចេញ ពីរថយន្តបណ្តាឲ្យរងររបួស យ៉ាងដំណំ ហើយក៏មានការភ្ញាក់ផ្អើលឡើង ។ ក្នុងនោះក្រោយពីដឹងថាមានករណីប្លន់យករថយន្ត សមត្ថកិច្ចក៏បាន ប្រដេញតាមរក ហើយប្រមាណជិតកន្លះម៉ោងក្រោយមក ទើបគេទទួលបានព័ត៌មានថារថយន្តខាងលើនេះ ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នូល ដែលដាក់គោលដៅត្រួតពិនិត្យនៅលើផ្លូវជាតិលេខ៤ ស្ទាក់ចាប់បាន រួចហើយប្រគល់មកឲ្យអធិការដ្ឋាននគរបាលខណ្ឌទួលគោក ជាអ្នកចាត់ការវិញ ៕

Photo

Photo

Photo

Photo

Photo

Photo

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល