រូបភាពពីផ្កាយរណបបង្ហាញថា មានជណ្ដើរដ៏ធំមួយក្នុងតំបន់គ្មានមនុស្សរស់នៅ នៅប៉ូលខាងត្បូងរបស់ភពផែនដី។

/

រូបភាព​ទាំងនេះ ត្រូវបាន​គេ​សង្ស័យ​ថាជាមូលដ្ឋាន​របស់​មនុស្សភព​ផ្កាយ ឬ​តំបន់​របស់មនុស្សសម័យ​បុរាណ

ទំព័រ Daily Star បានឱ្យដឹងថា រូបថតមួយសន្លឹកដែលថតបាន “សំណង់” មួយកន្លែងមានរូបរាងដូចជណ្ដើរ ធ្វើឱ្យមានការលើកឡើងថា វាជាកន្លែងចុះចតរបស់មនុស្សភពផ្កាយ ឬសំណង់ជាពីរ៉ាមីត។

សមាជិកនៅលើក្លិប Godlike Productions ដ៏ល្បីឈ្មោះ យល់ថា នេះគឺជាសំណង់ពីរ៉ាមីត។ សមាជិកមួយចំនួនផ្សេងទៀត ជឿថា វាគឺជាកន្លែងចុះចតរបស់មនុស្សភពផ្កាយ។

សម្មតិកម្មអំពីតំបន់ដែលគ្មានមនុស្សរស់នៅនេះ រួមមាន មូលដ្ឋានសម្ងាត់របស់ពួកណាស៊ី តំបន់របស់មនុស្សសម័យបុរាណ ឬកន្លែងរស់នៅរបស់មនុស្សភពផ្កាយ ដែលបានរស់ក្រោមដីនៅទីនេះអស់រយៈពេលជាច្រើនទសវត្សរ៍។ យ៉ាងនេះក្ដី គេមិនទាន់ឃើញមានប្រតិកម្មណាមួយពីក្រុមអ្នកវិទ្យាសាស្ដ្រនៅឡើយ អំពីបាតុភូតនេះ។

គួររំលឹកថា កាលពីចុងខែវិច្ឆិកា ឆ្នាំ ២០១៦ “សំណង់ពីរ៉ាមីតទឹកកក” មួយ បានបង្ហាញខ្លួននៅប៉ូលខាងត្បូង បណ្ដាលឱ្យមានពាក្យចចាមអារ៉ាមជាច្រើន។ អ្នកខ្លះថា នេះគឺជាភ័ស្តុតាងបង្ហាញអំពីអរិយធម៌នៃមនុស្សកាលពី ១២.០០០ឆ្នាំមុន។ ប៉ុន្តែ អ្នកវិទ្យាសាស្ដ្រអះអាងថា នេះគឺគ្រាន់តែជាកំពូលភ្នំថ្មធម្មតាមួយ មិនមែនជាសំណង់របស់មនុស្ស ឬទីតាំងរបស់មនុស្សភពផ្កាយនោះទេ៕

ប្រែសម្រួល ៖ តារាប្រភព ៖ dailystar