Blincam គឺជាម៉ាស៊ីនថតរូបខ្នាតតូចដែលត្រូវបានភ្ជាប់ទៅនឹងវ៉ែនតា អនុញ្ញាតឱ្យអ្នកប្រើប្រាស់ថតរូបដោយគ្រាន់តែធ្មេចភ្នែកម្ខាង។ នេះគឺជាដំណោះស្រាយដ៏ល្អមួយ សម្រាប់អ្នកមិនសូវមានពេលវេលាដើម្បីកាន់កាមេរ៉ាថតរូប។

ដើម្បីថតរូប អ្នកគ្រាន់តែធ្មេចភ្នែកម្ខាងជាការស្រេច
Blincam ជាវ៉ែនតាកាមេរ៉ាមួយប្រភេទដែលត្រូវបានបង្កើតឡើងដោយក្រុមអ្នកសិក្សាស្រាវជ្រាវជប៉ុន។ វ៉ែនតាកាមេរ៉ានេះនឹងដំណើរការដោយស្វ័យប្រវត្ត នៅពេលវាបានឃើញអ្នកប្រើប្រាស់ធ្មេចភ្នែក។ ដើម្បីធ្វើបានបែបនេះ អ្នកវិទ្យាសាស្ដ្របានបំពាក់សេនសឺរពិសេសមួយ ទៅឱ្យវ៉ែនតា ដោយវាមានសមត្ថភាពស្គាល់ថា មួយណាជាការធ្មេចភ្នែកធម្មតា ហើយមួយណាជាការធ្មេចភ្នែកដោយចេតនា។

Blincam អាចបំពាក់នៅលើវ៉ែនតាគ្រប់ប្រភេទ
ទន្ទឹមនឹងនេះ បច្ចេកវិទ្យា Bluetooth ក៏ត្រូវបានបំពាក់ទៅឱ្យ Blincam ដែលអនុញ្ញាតឱ្យវាផ្ញើរូបថតមកកាន់ស្មាតហ្វូន នៅពេលមានការតភ្ជាប់។

Blincam មានច្រើនពណ៌សម្រាប់ជ្រើសរើស
ក្រុមអ្នកផលិតកាមេរ៉ាពិសេសខាងលើ បានធ្វើការរៃអង្គាសប្រាក់វិនិយោគនៅលើទំព័រ Makuake របស់ជប៉ុន ហើយទទួលបានប្រាក់ ៩.៤០០ដុល្លារអាមេរិក។ នៅខែវិច្ឆិកាខាងមុខ ក្រុមនេះនឹងចាប់ផ្ដើមរៃអង្គាសប្រាក់វិនិយោគនៅលើទំព័រ Kickstarter ។ បើសិនការប្រមូលទុននេះទទួលជោគជ័យ ពួកគេនឹងចាប់ផ្ដើមផលិតសម្រាប់អតិថិជនទូទាំងពិភពលោក។
ថ្វីបើមានការរៃអង្គាសទុន ប៉ុន្តែ មកដល់ពេលនេះ Blincam មិនត្រូវបានគេឱ្យដឹងអំពីតម្លៃរបស់វានៅឡើយ។
ប្រែសម្រួល ៖ បុត្រា