ភ្នំពេញ ៖ សពបុរសវ័យ ចំណាស់ជនជាតិអាមេរិកម្នាក់ ត្រូវបានបុគ្គលិកនៅសណ្ឋាគារ ហង្សនាគ ដែលមានទីតាំង ស្ថិតនៅខាងលិច ផ្សារអូឡាំពិក លើកំណាត់ ផ្លូវលេខ២០១ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ បង្ក ឱ្យមានការភ្ញាក់ផ្អើលនិងរាយការណ៍ជូន សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ ។
យោងតាមប្រភពព័ត៌មានពីសាក្សីនៅ ក្បែរកន្លែងកើតហេតុបានឱ្យដឹងថា នៅវេលា ម៉ោងប្រហែល៨និង៣០នាទីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ បុគ្គលិកដែល បម្រើការងារ នៅក្នុងសណ្ឋាគារខាងលើនេះ ដោយមានការ សង្ស័យនៅក្នុងបន្ទប់លេខ៣១៧ ជាន់ទី៣ ជាបន្ទប់ដែលជនរងគ្រោះជួលស្នាក់នៅនោះ ក៏បើកទ្វារ បន្ទប់រួចហើយ ឃើញសពជនរងគ្រោះនៅក្នុងបន្ទប់តែម្ដង ប៉ុន្ដែមិនដឹងថា ស្លាប់ ពីពេលណានោះឡើយ ហើយក៏មិនដឹងពី មូលហេតុពិតប្រាកដនៃការស្លាប់ដែរ ខណៈ ដែលក្រុមមន្ដ្រី សមត្ថកិច្ចជំនាញ និងក្រុម មន្ដ្រីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានចុះ ទៅធ្វើកោសល្យវិច័យលើសពជនរងគ្រោះ ។
យ៉ាងណាក៏ដោយប្រភពព័ត៌មានខ្លះបាន ដាក់ការសង្ស័យថា ករណីស្លាប់របស់ជនរងគ្រោះអាចជាអំពើឃាតកម្ម ។ ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានដែល បានចូលរួមត្រួតពិនិត្យមើលសពជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ KEY ES THO MAS CHARLES អាយុ៧៥ឆ្នាំ ជាជនជាតិអាមេរិក កាន់លិខិតឆ្លងដែនលេខ ៤៥០៥៣៨៨ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះបានចូលមកស្នាក់នៅក្នុងសណ្ឋា គារខាងលើ កាលពី៣ខែមុន ប៉ុន្ដែនៅព្រឹក ថ្ងៃទី១៤ ខែធ្នូនេះ ក៏ស្រាប់តែប្រទះឃើញ ជនរងគ្រោះដេកស្លាប់ក្នុងបន្ទប់តែម្ដង ។
ចំពោះករណីនេះ គេសង្កេតឃើញម្ចាស់ សណ្ឋាគារបានចេញមករារាំង មិនឱ្យក្រុមអ្នក កាសែតចូលទៅក្នុងនោះឡើយ ក្នុងគោល បំណងលាក់បាំងនៃការស្លាប់របស់ជនរង គ្រោះ ។
មន្ដ្រីនគរបាលមូលដ្ឋានមួយរូបបានឱ្យដឹង ថា មូលហេតុពិតប្រាកដនៃការស្លាប់របស់ជន រងគ្រោះ មិនទាន់ដឹងនៅឡើយទេ ខណៈដែល ក្រុមសមត្ថកិច្ចជំនាញ និងមន្ដ្រីស្ថានទូតបាន នឹងកំពុងធ្វើកោសល្យវិច័យទៅលើសពជន រងគ្រោះ៕

ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល