ព្រះសពនៃអតីតមហាក្សត្រអារ៉ាប៊ី សាអ៊ូឌីត ត្រូវបានគេគ្របពីលើដោយក្រណាត់ យ៉ាងសាមញ្ញ និងត្រូវបានបូជាដោយបញ្ចុះនៅក្នុងផ្នូរគ្មាន​ឈ្មោះមួយ ក្នុងទីបញ្ចុះសពសាធារណៈ Al Oud ក្នុងក្រុង Riyadh។

/

ទំព័រ NBC News ឱ្យដឹងថា ព្រះសពរបស់ព្រះបាទ Abdullah bin Abdulaziz កាលពីម្សិលមិញ ត្រូវបានគេគ្រប និងរុំដោយក្រណាត់ ស (ក្រណាត់ សម្រាប់អ្នកកាន់សាសនាអ៊ីស្លាម) និងត្រូវបានគេសែងដោយអង្រឹងស្នែង ទៅកាន់វាលបញ្ចុះសព Al Oud នៅរាជធានី Riyandh។

មុននេះ ព្រះសពរបស់អតីតមហាក្សត្រដែលធ្លាប់មានទ្រព្យប្រហែល ២០ពាន់លានដុល្លារអាមេរិកនេះ ត្រូវបានគេធ្វើពិធីលាងជម្រះព្រះកាយ ទៅតាមសាសនាអ៊ីស្លាម រួចដង្ហែតាមរថយន្ដសង្រ្គោះបន្ទាន់ទៅកាន់វិហារ Imam Turki Bin Abdullah ក្នុងរាជធានី ដើម្បីប្រារព្ធព្រះរាជបុណ្យតាមទំនៀមទម្លាប់។  មេដឹកនាំនៃប្រទេសមួយចំនួនដែលកាន់សាសនាអ៊ីស្លាម ដូចជាប្រធានាធិបតីទួគី Recep Tayyip Erdogan នាយករដ្ឋមន្ដ្រីប៉ាគិស្ថាន Nawaz Sharif  ក៏បានចូលរួមក្នុងពិធីខាងលើនេះ។

/

ពិធីសូត្រ​ធម៌ត្រូវ​បាន​ធ្វើឡើង មុនពេលដង្ហែទៅ​កាន់​ទី​បញ្ចុះ​សព

ទំព័រ Telegraph ឱ្យដឹងថា ព្រះសពរបស់អតីតមហាក្សត្រនេះ ត្រូវបានបញ្ចុះនៅក្នុងផ្នូរមិនមានឈ្មោះមួយ ក្នុងវាលផ្នូរ Al Oud ជាកន្លែងដែលមានផ្នូរជាច្រើននៃពលរដ្ឋសាមញ្ញ។ ការបញ្ចុះព្រះសពបែបសាមញ្ញទៅតាមសាសនាអ៊ីស្លាមនេះ បង្ហាញថា មនុស្សគ្រប់គ្នា សូម្បីតែស្ដេច គឺសុទ្ធតែទទួលបានភាពស្នើគ្នាក្នុងសេចក្ដីមរណៈ នៅចំពោះមុខព្រះ។

សូមរំលឹកថា មហាក្សត្រ អារ៉ាប៊ី សាអ៊ូឌីត Abdullah បានសោយទិវង្គត កាលពីព្រឹកម្សិលមិញ ក្នុងព្រះជន្មាយុ ៩០វស្សា បន្ទាប់ពីបានសម្រាកព្យាបាលជាច្រើនលើក ដោយរោគសួត។ នៅក្នុងរយៈពេល ១០ឆ្នាំនៃការឡើងសោយរាជ ព្រះអង្គបានបន្សល់ទុកនូវស្នាដៃផ្នែកនយោបាយដ៏សំខាន់ នោះគឺស្ថេរភាពនយោបាយ និងសន្ដិសុខរបស់ប្រទេស ក្នុងតំបន់ដែលកំពុងមានភាពចលាចល។

/

/

ព្រះសព​ត្រូវ​បាន​ដង្ហែចេញ​ពី​វិហារ ដើម្បី​ទៅកាន់​ទី​បញ្ចុះ​សព

អនុជរបស់ព្រះអង្គ ព្រះនាម Salman បានឡើងគ្រងរាជជំនួស។ ចំណែក Muqrin ដែលជាអនុជមួយអង្គផ្សេងទៀត ក៏ត្រូវបានតែងតាំងជាសម្ដេច ដើម្បីឡើងគ្រងរាជបន្ទាប់នៅពេលមហាក្សត្រ Salman ដាក់រាជ ឬសោយទិវង្គត។

/

មនុស្សម្នាយ៉ាង​ច្រើន បាន​ចូល​រួម​ក្នុង​ពិធី​បញ្ចុះព្រះសព

នៅក្នុងសេចក្ដីប្រកាសដំបូងរបស់មហាក្សត្រថ្មី សម្ដេច Salman ព្រះជន្ម ៧៩វស្សា សន្យាថា “ជាមួយនឹងកម្លាំងរបស់ព្រះ យើងនឹងរក្សាផ្លូវត្រង់ដែលប្រទេសបានធ្វើដំណើរ ចាប់តាំងពីត្រូវបានបង្កើតឡើង”។ មហាក្សត្រថ្មីនេះ អំពាវនាវឱ្យអ្នកកាន់សាសនាអ៊ីស្លាមទាំងអស់ មាន “ការរួបរួម និងសាមគ្គីគ្នា” ហើយទ្រង់ក៏បានប្រកាសថា នឹង “ការពារប្រទេសជាតិ”៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ NBCNews/Susris