សាកសពមួយក្នុងចំណោមសាកសពពីររបស់អ្នកបើកបរយន្តហោះចម្បាំង Su-30MK2 របស់វៀតណាម ត្រូវបានគេរកឃើញហើយ កាលពីយប់ម្សិលមិញ។
ព័ត៌មានពីវៀតណាម ឱ្យដឹងថា អ្នកនេសាទវៀតណាមបានប្រទះឃើញសាកសពមួយ រួមនឹងឆត្រយោង អណ្ដែតនៅលើផ្ទៃសមុទ្រ ដែលស្ថិតនៅភាគអាគ្នេយ៍ ចម្ងាយពីកោះ Hon Me ប្រមាណជា ៧០គីឡូម៉ែត្រ និងមានចម្ងាយពីតំបន់យន្ដហោះចម្បាំងធ្លាក់ ប្រមាណជាជាង ៣០គីឡូម៉ែត្រ។

យន្ដហោះចម្បាំង SU-30MK2 ដែលវៀតណាមទិញពីរុស្ស៊ី
ក្រោយពីបានពិនិត្យ សមត្ថកិច្ចអះអាងថា នេះគឺជាសាកសពរបស់អ្នកបើកយន្តហោះ Tran Quang Khai អ្នកដែលបានបាត់ខ្លួនក្នុងករណីធ្លាក់យន្ដហោះចម្បាំង Su-30 ខណៈពេលកំពុងហ្វឹកហាត់ហោះហើរនៅលើសមុទ្រ។
ចំណែកអ្នកបើកយន្ដហោះម្នាក់ទៀតឈ្មោះ Nguyen Huu Cong ត្រូវបានសង្គ្រោះដោយអ្នកនេសាទ។
សូមបញ្ជាក់ថា SU-30MK2 គឺជាយន្ដហោះចម្បាំងផលិតដោយប្រទេសរុស្ស៊ី ដែលត្រូវបានចាត់ទុកថា ជាយន្តហោះទំនើបបំផុតនាបច្ចុប្បន្ន។
វៀតណាមបានចុះហត្ថលេខ ទិញយន្ដហោះខាងលើចំនួន ៣២គ្រឿង ពីរុស្ស៊ី។ក្រោយគ្រោះថ្នាក់យន្ដហោះនេះ ក្រសួងការពារជាតិវៀតណាម បានបញ្ជាឱ្យផ្អាករាល់សកម្មភាពហោះហើររបស់ SU-30MK2 ។
ប្រែសម្រួល ៖ បុត្រា