មន្ត្រីអាមេរិចបានបង្ហើបឲ្យដឹងថាសព Osama bin Laden ត្រូវបានបញ្ចុះតាមប្រពៃណីរបស់
សាសនាម៉ូស្លីមដោយចោលនៅក្នុងសមុទ្រ ដើម្បីចៀសវាងការបង្កើតទីធ្វើសក្ការបូជា
Bin Laden ពីសំណាក់អ្នកគាំទ្រ។
អាមេរិចនិយាយថា ការបញ្ចុះសពនៅសមុទ្រនេះ គឺអនុវត្តន៍តាមច្បាប់របស់សាសនា
ម៉ូស្លីម។ សាកសពត្រូវបានលាងជូតស្អាតបាត រុំបាំងជិតឈឹង ហើយត្រូវបានបញ្ចុះសព
ក្នុងរយះពេល 24ម៉ោង។
តាមប្រភពរបស់មន្រ្តីការពារជាតិបានឲ្យដឹងថា សាកសពរបស់ Bin Laden ត្រូវបានដឹក
ដោយនាវា USS Carl Vinson ហើយបានបញ្ចុះសាកសពនៅសមុទ្រអារ៉ាបខាងជើង
ក៏ប៉ុន្តែមិនបងើ្ហបពីទីតាំងច្បាស់លាស់នៅឯណាទេ។
ការរៀបចំសំរាប់វិធីបញ្ចុះសពនៅសមុទ្រចាប់ផ្តើមតាំងពីម៉ោង 1:10 ព្រឹកថ្ងៃទី2 ខែឧសភា (ម៉ោងនៅអាមេរិច) បញ្ចប់ក្នុង 50នាទី។ សាកសពរបស់ Bin Laden ត្រូវបានរុំក្នុងក្រណាត់
ពណ៌.ស ហើយដាក់ចូលក្នុងថង់មួយ។ ទាហានម្នាក់សូត្រធម៌ដែលត្រូវបានត្រៀមមុន (មានអ្នកបកប្រែទៅភាសាអារ៉ាប)ហើយចុងក្រោយ សាកសពត្រូវបានបញ្ចុះក្នុងសមុទ្រ។

ការសម្រេចចិត្តបញ្ចុះសពរបស់ Bin Laden នៅសមុទ្រ បានធ្វើឲ្យលេចឡើងនូវការឆ្ងល់
របស់បណ្តាអ្នកវិភាគ ដែលចង់ដឹងហេតុអ្វីបានជាសាកសពរបស់ Bin Laden មិនបានរក្សា ហើយបង្ហាញចំពោះសាធារណះដើម្បីចញ្ជាក់ថាអាមេរិចពិតជាបានសម្លាប់ Bin Laden
មែនទេន។ ក៏មានអ្នកបព្វជិតខ្លះបាននិយាយថា ការសម្រេចចិត្តនេះរបស់អាមេរិចគឺការ បន្ថោកបន្ទាបសាសនាម៉ូស្លីម។

មន្ត្រីការពារជាតិនោះក៏មិនមានយោបល់អ្វីអំពីព័ត៌មានថាអារ៉ាប ដែលជាប្រទេសកំណើត
របស់ Bin Laden ប៉ុន្តែបានច្រានចោលមិនទទួលសាកសពរបស់ Bin Laden ។ សេតវិមាន
ក៏យល់ច្បាស់ថាគេនឹងជួបការលំបាក ក្នុងការស្វេងរកប្រទេសណាហានទទួលសាកសព
របស់ Bin Laden។

ការបញ្ចុះសពយ៉ាងប្រញាប់ប្រញាល់នេះ បានធ្វើអោយមានការសង្ស័យជាច្រើនពីព្រោះ
អាមេរិចមិនមែនជាប្រទេសដែលពេលណាក៏ធ្វើរការបញ្ចុះសព 24ម៉ោងសំរាប់អ្នកកាន់
សាសនាម៉ូស្លីមនោះទេ។ ឧទាហរណ៍ នាឆ្នាំ2003 សាកសពរបស់កូនប្រុសទាំងពីររបស់
Saddam Hussein គឺ Uday និង Qusay តូ្រវបានរក្សារក្នុងអំឡុងពេល 11ថ្ងៃមុនពេលយក
ទៅចញ្ចុះ។
អ្នកជំនាញអះអាងថា អាមេរិចបារម្ភចិត្ត ហើយចង់ចៀសវាងការបញ្ចុះសាកសពនៅលើ
គោក ពីព្រោះ ខ្លាចផ្នូររបស់មេភេរវករនេះ អាចក្លាយទៅជាកន្លែង ប្រមូលផ្តុំរបស់កងទ័ព
ភេរវកម្ម។ ទោះបីជាផ្នូរមិនមានថ្មក្បាលក៏ដោយ។

បព្វជិតបាននិយាយថា តាមសាសនាម៉ូស្លីម ការបញ្ចុះសពនៅសមុទ្រដូចករណីរបស់
Bin Laden នេះអាចត្រូវបានអនុញ្ញាត ប្រសិនបើគេស្លាប់នៅពេលកំពុងធ្វើដំណើរនៅ
លើសមុទ្រ ដែលឆ្ងាយពីដីគោក មិនអាចយកទៅបញ្ចុះសពធម្មតាបាន។ ក៏ប៉ុន្តែ Bin
Laden ស្លាប់នៅលើដីគោក ដូច្នេះសាកសពរបស់បុរសនេះគួរបញ្ចុះនៅលើដីគោក ហើយ
ក្បាលបែរទៅទិសខាង Mecca។

ប៉ុន្តែតាមមន្ត្រីជាន់ខ្ពស់អំពីច្បាប់សាសនារបស់ប្រទេសDubai Mohammed al-Qubaisi បាន
និយាយថា៖ ការបញ្ចុះសពមនុស្សកាន់សាសនាម៉ូស្លីមម្នាក់នៅសមុទ្រអាចអនុវត្តន៍បានក្នុង
ករណីពិសេស។ មានន័យថាអាមេរិចអាចបញ្ចុះសព Bin Laden នៅសមុទ្របាន ក៏ប៉ុន្តែ​មិន​
អាចនិយាយថាគេធ្វើអញ្ចឹងគឺធ្វើតាមច្បាប់សាសនាម៉ូស្លីមឡើយ។


(ដោយ៖ មិនា)