បណ្ដារូងកំអែភ្លំភ្លើងដែលស្ថិតក្រោមដីនៅលើឋានព្រះចន្ទ ដែលមានអង្កត់ផ្ចិតឡើងដល់ ៥គីឡូម៉ែត្រ អាចការពារមនុស្សពីកំដៅ វិទ្យុសកម្ម និងអាចម៍ផ្កាយ។

រូងកំអែភ្នំភ្លើងនៅលើឋានព្រះចន្ទ អាចជាកន្លែងស្នាក់នៅរបស់អ្នកអវកាស
ក្រុមអ្នកវិទ្យាសាស្ដ្រមកពីសកលវិទ្យាល័យ Purdue អាមេរិក យល់ថា នៅក្រោមដីនៃឋានព្រះចន្ទអាចនឹងមានរូងធំៗរាប់គីឡូម៉ែត្រ ជាកន្លែងដែលមនុស្សអាចយកធ្វើជាមូលដ្ឋានក្នុងពេលអនាគតនេះបើតាម Science News ចុះផ្សាយកាលពីថ្ងៃទី១៥ធ្នូ។
រូងនេះត្រូវបានកើតឡើងនៅពេលកំអែភ្នំភ្លើងហូរកាត់ ហើយបន្សល់ទុកនូវរន្ធដ៏ធំក្នុងដីរបស់ឋានព្រះចន្ទ។
រូងបែបនេះនៅលើផែនដី មានអង្កត់ផ្ចិតធំបំផុតប្រហែល ៣០ម៉ែត្រ។ ប៉ុន្តែរូងនៅលើឋានព្រះចន្ទ អាចនឹងធំជាង។ បន្ទាប់ពីវាយតម្លៃទៅលើភាពរឹងមាំរបស់រូងកំអែភ្នំភ្លើងក្រោមកម្លាំងទំនាញរបស់ព្រះចន្ទ ក្រុមអ្នកវិទ្យាសាស្ដ្រយល់ថា រូងនេះអាចមានអង្កត់ផ្ចិតឡើងដល់ ៥គីឡូម៉ែត្រ។
បណ្ដារូងធំៗទាំងនេះនឹងក្លាយជាកន្លែងស្នាក់នៅដ៏សំខាន់សម្រាប់អ្នកអវកាសដំបូងដែលទៅរស់នៅលើឋានព្រះចន្ទ។ រូងទាំងនេះអាចការពារមនុស្សពីសីតុណ្ហភាពដ៏សែនត្រជាក់ វិទ្យុសកម្មដ៏កំណាច និងគ្រោះថ្នាក់ដែលបង្កឡើងដោយអាចម៍ផ្កាយ ទៅលើឋានព្រះចន្ទ។ល។
ប្រែសម្រួល ៖ តារាប្រភព ៖ airspacemag