ភ្នំពេញ ៖ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានអំពាវនាវដល់មាតាបិតា និងអ្នកពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ការពារ និងថែទាំកុមារ កុំឲ្យរងគ្រោះថ្នាក់ដោយសារអាកាសធាតុក្តៅខ្លាំង។

សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាកម្ពុជាដើម្បីកុមារ ដែលបានផ្សព្វផ្សាយនៅថ្ងៃនេះ បានលើកឡើងថា ដោយសារឆ្នាំនេះ កម្ពុជានឹងទទួលរងដោយប្រយោលពីបាតុភូតអែលនីណូ (ELNino) ដែលបង្កឲ្យអាកាសធាតុនារដូវប្រាំង ជាពិសេសក្នុងខែមេសា និងឧសភាមានសភាពក្តៅខ្លាំង និងមានភ្លៀងកក់ខែតិច រួមនឹងខ្យល់កន្ត្រាក់កើតឡើងច្រើន។

សេចក្តីប្រកាសព័ត៌មានបន្តថា ស្ថានភាពអាកាសធាតុបែបនេះ នឹងអាចងាយបណ្តាលឲ្យមានផលប៉ះពាល់ដល់សុខភាព និងអាយុជីវិតកុមារដោយសារជំងឺបេះដូង សួត ជំងឺឆ្លង និងជំងឺផ្សេងៗទៀត ដែលករណីនេះ ទាមទារឲ្យអាណាព្យាបាល គ្រូបង្រៀន អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងអង្គការដៃគរពាក់ព័ន្ធ ត្រូវសហការ និងយកចិត្តទុកដាក់ក្នុងការការពារ និងថែទាំងកុមារពីផលប៉ះពាល់ដោយសារអាកាសធាតុក្តៅខ្លាំងនេះ។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សង្ឃឹមថា គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ នឹងសហការដោះស្រាយបញ្ហាខ្វះខាតទឹក និងបញ្ហាឡើងកម្តៅ ដែលបានបង្កផលប៉ះពាល់ដល់កុមារ និងផ្តល់សេវាសមស្របដល់កុមារក្នុងករណីដែលមានកុមាររងគ្រោះជាយថាហេតុ ដោយសារគ្រោះធម្មជាតិនេះឲ្យបានទាន់ពេលវេលា»។

អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ លោកស្រី ញ៉េប សុភាព បានថ្លែងកាលពីថ្ងៃម្សិលមិញថា ការថែរក្សាសុខមាលភាពរបស់កុមារទូទៅ នៅក្នុងរដូវក្តៅនេះ គឺមានភាពចាំបាច់ខ្លាំង ដោយសារតែកុមារកំពុងស្ថិតក្នុងភាពលូតលាស់ និងនៅពុំទាន់មានកាយសម្បទានរឹងម៉ាំដូចមនុស្សពេញវ័យនៅឡើយ។

លោកស្រីថា៖ «មនុស្សចាស់យើងអាចមានសុខភាព កម្លាំងម៉ាំមួន និងអាចគិតគូរការពារសុវត្ថិភាពបានខ្លួនឯង ប៉ុន្តែក្មេងៗគ្នានៅតូច គ្នាអត់ដឹង ហើយងាយទទួលរងនូវជំងឺផ្សេងៗ អីចឹងដើម្បីចៀសវាងការគ្រោះថ្នាក់ដល់កុមារ ទាមទារឲ្យមាតាបិតាយកចិត្តទុកដាក់ប្រុងប្រយ័ត្ន និងការពារជាមុន តាំងពីការទទួលទានចំណីអាហារ បរិយាកាសនៅជុំវិញខ្លួន និងអនាម័យជាដើមសម្រាប់កុមារ»។

ប្រជាពលរដ្ឋរស់នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ អ្នកស្រី ឆាយ មួយគាង ដែលមានកូនតូចចំនួនពីរនាក់ បានគាំទ្រចំពោះការអំពាវនាវឲ្យការពារកុមារ ក្នុងរដូវក្តៅនេះ ខណៈដែលពួកគេងាយប្រឈមខ្លាំងនឹងបញ្ហាសុខភាព។

/

អ្នកស្រីថា៖ «ដូចកូនស្រីរបស់ខ្ញុំចឹង ពេលអាកាសធាតុក្តៅ ឬក៏ត្រជាក់ពេក គាត់ចេះតែមានអារម្មណ៍មិនស្រួលខ្លួន ពេលខ្លះគ្រុនក្តៅ ពេលខ្លះរាគ និងខ្វះជាតិទឹក អីចឹងក្នុងនាមអាណាព្យាបាលត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាពពួកគេ និងត្រូវឲ្យពួកគាត់ទទួលទានទឹកឲ្យបានច្រើន»។

កាលពីថ្ងៃទី១៥មិនានេះ ក្រសួងសុខាភិបាល ក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ អនុវត្តនូវវិធានការមួយចំនួន ដើម្បីចូលរួមបង្ការសុខភាពដែលអាចកើតមាននៅក្នុងអំឡុងពេលអាកាសធាតុក្តៅផងដែរ ដូចជា ពិសារទឹកឆ្អិនឲ្យបានច្រើននិងញឹកញាប់ ជៀសវាងទទួលទានទឹកដែលមានជាតិអាល់កុលឬជាតិស្ករច្រើនពេកដែលនាំឲ្យបាត់បង់ជាតិទឹកច្រើន និងត្រូវបង្គ្រប់ជាតិអំបិលនិងសារធាតុរ៉ែវិញនៅពេលដែលបែកញើសច្រើន ព្រមទាំងត្រូវស្លៀកសំលៀកបំពាក់ស្តើងៗឬមានពណ៌ស្រាលនិងស្លៀកពាក់រលុងជាដើម។ ក្រៅពីនោះ ត្រូវព្យាយាមសម្រាកឲ្យបានញឹកញាប់នៅកន្លែងម្លប់ក្នុងករណីនៅក្រៅផ្ទះអំឡុងពេលក្តៅ និងហាមទុកកុមារនៅក្នុងរថយន្តដែលចត។

ការណែនាំឲ្យរក្សាសុខភាពនៅរដូវក្តៅនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រសួង ធនធានទឹក និងឧតុនិយម កាលពីពេលថ្មីៗនេះ បានប្រកាសថា នៅឆ្នាំ២០១៩នេះ កម្ពុជានឹងទទួលរងឥទ្ធិពលបាតុភូត «El Nino» ដោយប្រយោល ដែលនឹងបង្កឲ្យអាកាសធាតុនៅកម្ពុជា នារដូវប្រាំងនេះ ជាពិសេសខែមេសា និងឧសភា មានសភាពក្តៅខ្លាំង ដែលពេលខ្លះអាចឡើងដល់៤០ទៅ៤២អង្សាសេ ៕

/

ប្រភព ៖ khmertimes