ព័ត៌មានអន្តរជាតិ ៖ សមាជិកព្រឹទ្ធសភាសម្លេងភាគតិចលោក Chuck Schumer  បានបង្ហើបឱ្យដឹងថា លោកបានប្រាប់លោកប្រធានាធិបតី Trump ថា ការសម្រេចចិត្តរបស់លោក ក្នុងការបណ្ដេញលោក James Comey នាយកការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) ចេញពីតំណែង គឺជា«កំហុសដ៏ធំមួយ»។

លោក Schumer បានប្រាប់អ្នកកាសែត កាលពីថ្ងៃអង្គារថា៖ «កាលពីរសៀលម្សិលម៉ិញនេះ លោកប្រធានាធិបតី Trump បានហៅទូរស័ព្ទមកខ្ញុំ ហើយបានប្រាប់ខ្ញុំថា លោកបានបណ្ដេញលោកនាយក Comey  ចេញពីតំណែងហើយ ។ «ខ្ញុំបានប្រាប់លោកប្រធានាធិបតីថា៖ លោកប្រធាន ជាទីគោរព លោកកំពុងសាងកំហុសដ៏ធំមួយ»។

លោកបានបន្ថែមថា លោក Trump ពុំបាន ឆ្លើយតប ចំពោះមតិយោបល់របស់គាត់ឡើយ។លេខាធិការទទួលបន្ទុកផ្នែកសារព័ត៌មានប្រចាំសេតវិមាន លោក Sean Spicer បានប្រាប់អ្នកកាសែតថា លោក Trump បានបណ្ដេញលោក Comey ចេញពីតំណែង កាលពីថ្ងៃអង្គារ ដោយផ្អែកលើអនុសាសន៍នៃសម័យប្រជុំរបស់អគ្គមេធាវី លោក Jeff និងអគ្គមេធាវីរងរបស់លោក គឺលោក Rod Rosenstein ។ លោក Trump បានសរសេរ នៅក្នុងលិខិតមួយទៅកាន់លោក Comey ថា FBI ត្រូវស្តារ ជំនឿទុកចិត្ដរបស់សាធារជនឡើងវិញ។

សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋ បានរារាំងមិនឱ្យបញ្ចប់មុខតំណែង របស់លោក Comey ឡើយ។ សមាជិកព្រឹទ្ធសភាសម្លេងភាគច្រើន លោក Whip John Cornyn  បានចង្អុលបង្ហាញថា ប្រធាន FBI អាចបាត់បង់មុខតំណែង នៅពេលណាមួយ ដោយសារប្រធានាធិបតី។

/

លោក Schumer បាននិយាយថា សំណួរដំបូង ដែលចោទសួររដ្ឋបាលរបស់លោក Trump គឺថា ហេតុអ្វីបានជា លោកប្រធានាធិបតី សម្រេចចិត្តបណ្ដេញលោក Comey ចេញពីតំណែងនាពេលឥឡូវនេះ។ FBI កំពុងស៊ើបអង្កេត ចំពោះការជ្រៀតជ្រែករបស់រុស្ស៊ី នៅក្នុងការប្រណាំងបប្រជែងតំណែងសេតវិមាន និងទំនាក់ទំនងណាមួយរវាងយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ ២០១៦  និងទីក្រុងម៉ូស្គូ ។

លោក Schumer បានភ្ជាប់ការបណ្ដេញលោក Comey ចេញពីតំណែង ទៅនឹងការបណ្តេញអតីតអគ្គមេធាវីរងអ្នកស្រី Sally Yates និងបានរំលឹកឡើងវិញពីការអំពាវនាវរបស់លោកឱ្យក្រសួងយុត្តិធម៌តែងតាំងរដ្ឋរាជអាជ្ញាពិសេស ដើម្បីស៊ើបអង្កេត ចូលទៅក្នុងការបោះឆ្នោតឆ្នាំ ២០១៦។

/

លោក Schumer បានឱ្យដឹងថា៖  នេះគឺជាផ្នែកមួយនៃលំនាំបញ្ហាយ៉ាងជ្រាលជ្រៅ ពីរដ្ឋបាលរបស់លោក Trump ។ «នេះហាក់ដូចជាមិនមែនជារឿងចៃដន្យនោះទេ។

គណបក្សប្រជាធិបតេយ្យ បានអំពាវនាវរយៈពេលជាច្រើនខែមកហើយ ដើម្បីឱ្យក្រសួងយុត្តិធម៌ តែងតាំងទីប្រឹក្សាពិសេសមួយរូប ដោយអះអាងថា មន្រ្ដីណាម្នាក់ ដែលត្រូវបានតែងតាំង ដោយលោកប្រធានាធិបតី នឹងប្រឈមមុខនឹងសម្ពាធនយោបាយ។ លោក Schumer បានបន្ថែមទៀតថា ប្រសិនបើលោក Rod Rosenstein អគ្គរដ្ឋអាជ្ញារង បដិសេធមិនតែងតាំង រដ្ឋអាជ្ញាពិសេសម្នាក់ទេ ពលរដ្ឋអាមេរិកគ្រប់រូប នឹងសង្ស័យថា ការសម្រេចចិត្តបណ្ដេញលោកនាយក Comey  ចេញពីតំណែងនេះ គឺជាផ្នែកមួយនៃចេតនាបិតបាំងកំហុស ។ លោកបានថ្លែងថា៖ «ការស៊ើបអង្កេតលើករណីនេះ ត្រូវតែធ្វើឡើងឱ្យបានល្អិតល្អន់ តាមតែអាចធ្វើទៅបានពីសេតវិមាន »៕

/

ប្រែសម្រួល៖ សារ៉ាត

 

ប្រភព៖ The Hill