ភ្នំពេញ៖ យុវជន៣នាក់ បានរងរបួសធ្ងន់ស្រាល ខណៈពួកគេបាន ជិះម៉ូតូមួយគ្រឿងឌុបគ្នា តាមបណ្តោយផ្លូវព្រះសីហនុ ខណៈមកដល់កែងផ្លូវ១៤៣ ស្រាប់តែលិច មុខជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានជិះម៉ូតូមកអែបក្បែរពួកគេទាំង៣នាក់ រួចដកកាំភ្លើងខ្លីវាយបណ្តាល ឲ្យរងរបួសធ្ងន់ស្រាល ទាំង៣នាក់តែម្តង ដោយមិន ដឹងថាមានរឿងអីជាមួយគ្នា តាំងពីពេលណា កន្លែងណាមកនោះទេ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង ២០នាទី យប់រំលងអាធ្រាត្រឈាន ចូលថ្ងៃទី២៩ មិថុនា ២០១៣ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ។
យុវជន រងគ្រោះទាំង៣នាក់ខាងលើនេះ ទី១ឈ្មោះ ង៉ែត វណ្ណធី អាយុ២២ឆ្នាំ មុខរបរជាជាងសំណង់នៅបុរីប៉េងហួត និងជាអ្នកបើកម៉ូតូ បានរងរបួសធ្ងន់ ទី២ ឈ្មោះ នាក់ ទូច អាយុ២១ឆ្នាំ និងទី៣ឈ្មោះ នី អាយុ១៨ ឆ្នាំ មុខរបរជាជាងសំណង់នៅបុរីប៉េងហួតដូចគ្នា បានរងរបួសស្រាល។ បើតាមយុវជនឈ្មោះ នាក់ ទូច និង នី បាននិយាយរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ គឺពួកគេទាំង៣នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1E-2231 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុ ខណៈមកដល់កែងផ្លូវ១៤៣ ស្រាប់តែលិចមុខបុរសម្នាក់ ដែលមិនស្គាល់អត្តសញ្ញាណបានជិះម៉ូតូមួយគ្រឿងម៉ាក ស៊ីរូស អត់ចាំស្លាកលេខ ជិះមកតាមពួកគេដល់ចំណុចកើតហេតុខាងលើ ក៏ដកកាំភ្លើងខ្លីមួយដើមម៉ាក K54 ធ្វើសកម្មភាពវាយមក លើពួកគេបណ្តាលឲ្យរងរបួសធ្ងន់ ស្រាលតែម្តង ដោយមិនដឹងមូលហេតុថា ធ្លាប់មានរឿងរ៉ាវអីជាមួយគ្នាដែលឬយ៉ាងណានោះទេ ហើយជនសង្ស័យនោះក៏បានជិះម៉ូតូរត់គេចខ្លួនបាត់ភ្លាមៗតែម្តង បន្ទាប់ពីវាយពួកគេឲ្យរងរបួសហើយ។
បន្ទាប់ពីកើតហេតុ ជនរងគ្រោះ ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូត្រូវសមត្ថកិច្ចនាំយក ទៅរក្សាទុកឲ្យនៅអធិការ ដ្ឋាននគរបាលខណ្ឌចំការមន៕

ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល