ប្រជាជនកម្ពុជាភាគច្រើន ជាពិសេសយុវវ័យមួយចំនួនធំ បានដឹងរួចមកហើយថា​ ថ្ងៃនេះគឺជាថ្ងៃចុងក្រោយក្នុងការប្រឡងបញ្ចប់ទុតិយភូមិថ្នាក់ជាតិទូទាំងប្រទេស បន្ទាប់ពីមានការប្រឡងយ៉ាងស្វិតស្វាញក្នុងអំឡុងពេលប៉ុន្មានថ្ងៃចុងក្រោយ។

/

គួរបញ្ជាក់ផងដែរថា​ នៅម៉ោងប្រមាណជាង 11:30 នាទីព្រឹក ថ្ងៃទី 08 ខែសីហា ឆ្នាំ2012 នេះ ពោលគឺជាថ្ងៃចុងក្រោយ  នៃការប្រលងបញ្ជប់ទុតិយភូមិថ្នាក់ជាតិ   ក្រុមការងាររបស់ភ្នាក់ងារសារព័ត៌មាន Camnews ក៏បានចុះទៅផ្ទាល់ដល់មណ្ឌលប្រឡង នៃវិទ្យាល័យ ហ៊ុនសែន ប៊ុនរានីផ្សារដើមថ្កូវ ដើម្បីធ្វើកិច្ចសម្ភាសជាមួយនឹងបេក្ខភាព ដែលទើបតែបានចេញពីមណ្ឌលប្រលង។

/

ក្រោយពីធ្វើកិច្ចសម្ភាសន៍ជាមួយនឹងបេក្ខជនម្នាក់  ដែលជាបេក្ខភាពក្នុងការប្រឡងបញ្ចប់នោះបានអោយដឹងថា ដំណើរការនៃការប្រលងបញ្ចប់ទុតិយភូមិថ្នាក់ជាតិប្រចាំឆ្នាំនេះ​  ប្រព្រឹត្តិទៅបានយ៉ាងរលូន ពុំមានភាពអសកម្មណាមួយ  បានកើតឡើងនោះទេ  ហើយយុវសិស្សម្នាក់នេះ    ដែលមានឈ្មោះថា ចន្ធីឧត្តម មានវ័យ 19 ឆ្នាំ​ ដែលបានមកពីវិទ្យាល័យ  បឹងត្របែក បានបន្ថែមអោយដឹងថា វិញ្ញាសារដែលត្រូវប្រឡងបញ្ចប់ក្នុងថ្ងៃនេះ មានចំនួនពីរវិញ្ញាសារ គឺ វិញ្ញាគណិតវិទ្យា នឹង  វិញ្ញាសាភាសាបរទេស។  លើសពីនេះទៅទៀត យុវសិស្សម្នាក់នេះ ក៏បានបញ្ជាក់បន្ថែមផងដែរថា  គេមានសង្ឃឹមដល់ទៅជាង  80%   ឯណោះក្នុងការប្រលងជាប់  នេះក៏ដោយសារតែគេបានត្រៀមខ្លួនរួចជាស្រេច ពោលគឺគេបានព្យាយាមខិតខំរៀនសូត្រ មុនពេលដែលថ្ងៃប្រឡងបានចូលមកដល់។

/

គួរបញ្ជាក់ផងដែរថា  ដំណើរការនៃការប្រលងបញ្ចប់ទុតិយភូមិថ្នាក់ជាតិ ប្រចាំឆ្នាំនេះ ត្រូវបានប្រារព្វធ្វើឡើងទូទាំងប្រទេស ចាប់តាំងពីថ្ងៃទី  06  ខែ សីហា ឆ្នាំ 2012 ដល់ថ្ងៃទី  08  ខែសីហា  ឆ្នាំ 2012 ដោយឡែក បើយោងតាមសម្តីរបស់យុវសិស្សប្រចាំមណ្ឌលមួយនេះ  បានអោយដឹងថា លទ្ធផលនៃការប្រឡងនឹងត្រូវបានប្រកាសជាផ្លូវការ​ ក្នុងអំឡុងថ្ងៃទី 26 ខែសីហា​ ឆ្នាំ 2012 ខាងមុខនេះ៕

ដោយ ៖ មង្គល