តារាវិទូទាំងឡាយថ្មីៗនេះ មានការសប្បាយចិត្តជាខ្លាំង ខណៈដែលយល់ថា មនុស្សនឹងអាចស្វែងរកឃើញមនុស្សភពផ្កាយ ក្នុងអំឡុង ១០ឆ្នាំទៀត។

ខាងលើនេះ គឺយោងទៅលើភ័ស្ដុងតាងថ្មីដែលគេទើបតែត្រូវបានរកឃើញភពចំនួនពីរនៅខាងក្រៅប្រព័ន្ធព្រះអាទិត្យ (exoplanet) ដែលមានលក្ខណៈស្រដៀងនឹងភពផែនដីរបស់មនុស្ស។ ភពទាំងពីរនេះ ត្រូវបានគេហៅថា TRAPPIST-1b និង TRAPPIST-1c ។

/

ភព TRAPPIST-1b និង TRAPPIST-1c អាចនឹងមានជីវិត​រស់នៅ​ ព្រោះថា វាស្ថិតក្នុង​តំបន់ដែលអាចមានទឹកក្នុង​សភាពរាវ

ភពទាំងពីរនេះ ធ្វើដំណើរវិលជុំវិញផ្កាយតូចមួយដែលមានឈ្មោះថា Trappist-1។ ប្រការដែលពិសេសគឺថា ភពទាំងពីរនេះ សុទ្ធតែស្ថិតនៅក្នុងរយៈចម្ងាយពីផ្កាយមេ ដែលអាចអនុញាតឱ្យមានទឹករាវកើតឡើង (Goldilocks)។

ប៉ុន្តែ ការដែលស្ថិតក្នុងតំបន់ Goldilocks (តំបន់ដែលអាចមានទឹករាវ) នឹងមិនមានន័យអ្វី បើសិនជាផ្ទៃ​ខាងលើរបស់ភពទាំងពីរនោះគឺជាឧស្ម័ន ដូចជាភពសៅរ៍ ភពព្រហស្បតិ៍ ឬភពណិបទូន(Neptune) ក្នុងប្រព័ន្ធព្រះអាទិត្យ។

ក៏ប៉ុន្តែ ក្រុមអ្នកវិទ្យាសាស្ដ្របានរកឃើញថា ភពទាំងពីរខាងលើ សុទ្ធតែមានផ្ទៃលើជាដី ដូចផែនដី និងភពអង្គារ។ ប្រការនេះបញ្ជាក់ថា វាអាចនឹងមានទឹក និងសភាវមានជីវិត។

បណ្ឌិត Julien de Wit ប្រធានក្រុមស្រាវជ្រាវនៃមន្ទីរ MIT ថ្លែងថា ៖ “នេះគឺជាភពដំបូងគេដែលមានបីកត្តាដែលយើងស្វែងរកកន្លងមកនេះ ៖ មានទំហំដូចផែនដី មានកំដៅល្មមឱ្យមានទឹករាវ និងទីតាំងពីឆ្ងាយសម្រាប់ការសិក្សាស្រាវជ្រាវ”។

បណ្ឌិត Julien de Wit បន្តថា “យើងអាចបញ្ជាក់បានថា ភពទាំងពីរនេះ មានធាតុដី”។ សំនួរនៅពេលនេះ នោះគឺ បរិយាកាសនៅទីនោះមានអ្វីខ្លះ?

សំនួរនេះ តាមពិតមិនមានអ្វីលំបាកក្នុងការឆ្លើយតបនោះទេ។ បណ្ឌិត Julien de Wit ថ្លែងថា យោងទៅលើតេឡេស្កូបអវកាស James Webb ដែលនឹងដំណើរការក្នុងឆ្នាំ ២០១៨ យើងនឹងអាចរកឃើញ និងបញ្ជាក់អំពីលទ្ធភាពនៃការរក្សាជីវិតរបស់ភពទាំងពីរ ក្នុងរយៈពេលពី ៥ ទៅ ១០ឆ្នាំខាងមុខ។

ប៉ុន្តែ បណ្ឌិត Julien de Wit បានប្រាប់ថា វានឹងពិបាកក្នុងការដឹងឱ្យប្រាកដថា មានមនុស្សភពផ្កាយឬអត់ នៅលើភពទាំងពីរនេះ។ ជីវិតនៅទីនេះ អាចនឹងមានត្រឹមតែសត្វល្អិត ប៉ុន្តែ វាក៏អាចនឹងមានមនុស្សភពផ្កាយរស់នៅផងដែរ។

ការសិក្សាស្រាវជ្រាវខាងលើ ត្រូវបានចុះផ្សាយនៅលើទំព័រទស្សនាវដ្ដី Nature៕

ប្រែសម្រួល ៖ បុត្រា