ភ្នំពេញ ៖ ស្រ្តីម្នាក់ ដែលស្លាប់ បាត់បង់ជីវិត ខណៈកំពុងជិះ ឧបករណ៍ លេងកំសាន្ត ហៅថា Twin Twister ស្ថិតនៅក្នុង សួនកំសាន្ត ឌ្រីមលែន មានទីតាំង ស្ថិតខាងមុខ ណាហ្គាវើល សង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៣ នោះ គឺបណ្តាលមកពីកំហុស ខ្លួនឯងតែម្តង មិនបណ្តាលមកពី បច្ចេកទេស និងការដាច់ធ្លាក់ ឧបករណ៍ដូចសេចក្តីរាយការណ៍ មួយចំនួន និងពីដំបូងឡើយ។

អ្នកចាត់ការទូទៅ នៃសួនកំសាន្ត ឌ្រីមលែន បានឲ្យដឹងថា តាមពិត ស្រ្តីរងគ្រោះ ដែលស្លាប់ពេលកំពុង ឧបករណ៍ជិះកំសាន្តនោះ បានកើតឡើង ដោយសារតែ ជនរងគ្រោះ បានលូនចេញពីខ្សែក្រវ៉ាត់ ដោយខ្លួនឯង ខណៈមិត្តភក្រ័ជនរងគ្រោះ ជួយចាប់តែ ប៉ុន្តែមិនទាន់។

អ្នកចាត់ការទូទៅរូបនេះ បានឲ្យដឹងថា ឧបករណ៍ខាងលើនេះ មានតម្លៃជាង១លាន ដុល្លារឯណោះ ដូច្នេះការរៀបចំ បច្ចេកទេស នៅពេលជិះលេងកំសាន្ត មានការប្រុងប្រយ័ត្ន ខ្លាំងណាស់ ហើយម្យ៉ាងទៀត អ្នកកាន់បច្ចេសទេស នៅប្រចាំកន្លែងលេងនោះ បានប្រកាសថា បើសិនអ្នកដែលមានជំងឺ ខ្សោយបេះដូង ឫអារម្មណ៍ខ្សោយ សូមកុំចូលលេង ពីព្រោះអាចបណ្តាលឲ្យ ប៉ះពាល់ជីវិតដោយ ប្រការណាមួយ។

ជាមួយនឹងគ្រោះថ្នាក់ រហូតបាត់បង់ ជីវិតរបស់ស្រ្តី ខាងលើនេះ បានកើតឡើង ដោយមុនពេល កើតហេតុ ស្រ្តីរងគ្រោះ និងមិត្តភ័ក្រផ្សេងទៀត ក្នុងនោះ មានទាំងជនជាតិបរទេសមួយរូប ផងដែរ ដែលជាបុគ្គលិក នៅអង្គការ បាននាំគ្នាជួល ជិះឧបករណ៍ខាងលើនេះ ដែលមានតម្លៃចំនួន ៨០០០រៀល សម្រាប់ការជិះលេងកំសាន្តមួយដង ។ ខណៈដែលស្រ្តីរងគ្រោះ កំពុងជិះ និងឧបករណ៍ កំ-ពុងធ្វើចលនាខ្លាំងៗ ស្រាប់តែស្រ្តីរងគ្រោះ បានលូនចេញពីខ្សែក្រវ៉ាត់ការពារដោយខ្លួនឯង ហើយធ្លាក់ រងរបួសធ្ងន់តែម្តង និងក្រោយមកបានស្លាប់ ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ កាល់ម៉ែត។

អ្នកចាត់ការទូទៅរូបនេះ បានបន្តថា សម្រាប់ខ្សែក្រវ៉ាត់ ការពារសុវត្ថិភាពនៅពេលជិះម្តងៗ គឺមានភាពរឹងមាំណាស់ ពោលមិនងាយ ដាច់នោះឡើយ ហើយនៅពេល ឧបករណ៍ឈប់ ប្រហែល៣០វិនាទី ទើបអាចដោះចេញបាន ដូច្នេះជាការការពារ សុវត្ថិភាពខ្ពស់ណាស់ សម្រាប់ភ្ញៀវដែលចូលទៅជិះកំសាន្តនោះ។

ស្រ្តីរងគ្រោះរូបនេះមានឈ្មោះ គីម គង្គា ភេទស្រី អាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅ ស្រុកស្វាយទាប ខេត្តស្វាយរៀង និងបច្ចុប្បន្នជា បុគ្គលិកនៅអង្គការមួយ មានទីតាំងស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជាមួយគ្នានេះ អ្នកចាត់ការទូទៅ នៃសួនកំសាន្ត ឌ្រីមលែន សូមធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋ គ្រប់រូប កុំឲ្យមានការភ័នច្រឡំ ចំពោះព័ត៌មានទាំងនេះ តាមពិតស្រ្តីរងគ្រោះ បានស្លាប់ដោយសារតែ ខ្លួនឯងនោះទេ ពោលមិនបណ្តាលមកពីបច្ចេកទេស ឫការដាច់ធ្លាក់ឧបករណ៍នេះឡើយ៕

Photo

Photo

Photo

Photo

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល