យន្តហោះមួយគ្រឿង បានផ្ទុះឆេះនៅលើផ្លូវរត់ក្នុងព្រលានយន្ដហោះ Dubai បានបង្កជាអណ្ដាតភ្លើង និងផ្សែងយ៉ាងសន្ធោសន្ធៅភ្លាមៗ បន្ទាប់ពីអ្នកដំណើរ និងបុគ្គលិកនាំគ្នារត់ចេញពីយន្ដហោះ។

/

យន្តហោះដែលមានស្លាកលេខ EK521 របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates កាលពីវេលាម៉ោង ១២និង៤៥នាទីម្សិលមិញ បានជួបនឹងបញ្ហាម៉ាស៊ីន ហើយវាត្រូវចុះចតដោយពោះ បណ្ដាលឱ្យផ្ទុះឆេះ នៅលើផ្លូវរត់ក្នុងព្រលានយន្តហោះអន្តរជាតិ Dubai ប៉ុន្តែ អ្នកដំណើរទាំង ២៧៥នាក់ រួមនឹងបុគ្គលិក បាននាំគ្នារត់ចេញពីយន្ដហោះទាន់ពេល និងត្រូវជម្លៀសទៅកាន់កន្លែងសុវត្ថិភាព។

ទំព័រ CNN បានចេញផ្សាយថា ក្នុងគ្រោះថ្នាក់នេះ បានបណ្ដាល​ឱ្យអ្នកពន្លត់អគ្គីភ័យម្នាក់ បាត់បង់ជីវិត​។

/

យន្ដហោះដែលជួបនឹងគ្រោះថ្នាក់នេះ បានហោះហើរពី Thiruvananthapuram នៃប្រទេសឥណ្ឌា ទៅកាន់ Dubai របស់អារ៉ាប់រួម(UAE)។

រូបភាពនៅលើបណ្ដាសង្គម ដែលត្រូវបានចុះផ្សាយឡើងវិញដោយទំព័រ Gulf News និងវីដេអូនៅលើ Youtube បានបង្ហាញថា មានអណ្ដាតភ្លើង និងផ្សែងយ៉ាងសន្ធៅសន្ធៅ ចេញពីយន្តហោះ ខណៈដែលមនុស្សរាប់រយនាក់ បានរត់ចេញឆ្ងាយពីយន្តហោះ។

ភ្លាមៗនោះ ក្រុមអ្នកពន្លត់អគ្គីភ័យ រួមនឹងក្រុមអ្នកជួយសង្គ្រោះ បានបាញ់ទឹកការពារ និងពន្លត់អណ្ដាតភ្លើង ប៉ុន្តែ នៅតែមិនអាចជួយសង្គ្រោះយន្តហោះនេះបាន។

ប្រែសម្រួល ៖ បុត្រា