ការសិក្សាស្រាវជ្រាវថ្មីបង្ហាញថា បម្រែបម្រួលអាកាសធាតុ អាចធ្វើឱ្យលំហូរទឹកនៅលើបណ្ដាមហាសមុទ្រត្រូវជាប់គាំង ហើយបន្តិចម្ដងៗ ធ្វើឱ្យតំបន់ភាគខាងជើងនៃផែនដី ត្រលប់ទៅយុគសម័យទឹកកក។

/

ក្នុងខ្សែភាពយន្ត The Day After Tomorrow ឆ្នាំ ២០០៤ លំហូរទឹកក្នុងមហាសមុទ្របានឈប់ហូរ ដោយសារកំដៅផែនដីកើនឡើង។ លទ្ធផលនៃបញ្ហានេះ នោះគឺគ្រោះមហន្តរាយធម្មជាតិកើតឡើងនៅក្នុងទីក្រុងធំៗក្នុងពិភពលោក។

ក្រុមអ្នកជំនាញជឿថា ការនិពន្ធដ៏គួរឱ្យខ្លាចបែបនេះ ពិតជាអាចក្លាយទៅជាការពិត។

ការសិក្សាស្រាវជ្រាវថ្មីមួយ បានបង្ហាញថា បម្រែបម្រួលអាកាសធាតុ អាចធ្វើឱ្យខ្សែទឹកហូរនៅលើបណ្ដាមហាសមុទ្រត្រូវជាប់គាំង ហើយបន្តិចម្ដងៗ ធ្វើឱ្យតំបន់អឌ្ឍគោលខាងជើងនៃផែនដី ត្រលប់ទៅយុគសម័យទឹកកក។

ការសិក្សាស្រាវជ្រាវកន្លងមក បានបង្ហាញថា កម្រិតនៃ carbon dioxide (CO2) ក្នុងទឹកសមុទ្រ នឹងកើនឡើងទ្វេដង នៅឆ្នាំ ២១០០។ បើសិនបាតុភូតនេះនៅតែបន្ត នោះ ខ្សែលំហូរទឹកនៅក្នុងមហាសមុទ្រនឹងត្រូវគាំង នៅឆ្នាំ ២៤០០។

ការអះអាងខាងលើនេះ ត្រូវបានលើកឡើងដោយក្រុមអ្នកវិទ្យាសាស្ដ្រនៃមន្ទីរសមុទ្រសាស្ដ្រ Scripps របស់សកលវិទ្យាល័យ California។

ក្រុមខាងលើបានបកស្រាយថា ការចុះខ្សោយនៃខ្សែទឹកហូរក្នុងសមុទ្រ នឹងធ្វើឱ្យសីតុណ្ហភាពនៅតំបន់អឌ្ឍគោលខាងជើង(តំបន់ខាងជើងនៃខ្សែអេក្វាទ័រ) ត្រូវធ្លាក់ចុះខ្លាំង ហើយវាអាចធ្វើឱ្យតំបន់នេះ វិលត្រលប់ទៅយុគសម័យទឹកកក។ បើសិនខ្សែទឹកហូរត្រូវគាំង ការរលាយទឹកកកនៅប៉ូលខាងជើង និងតំបន់ Greenland នឹងនាំទឹកសាបយ៉ាងច្រើន ចូលទៅក្នុងសមុទ្រ ខណៈដែលវាត្រូវការឱ្យមានតុល្យភាព រវាងទឹកសាប និងទឹកសមុទ្រ។

/

លទ្ធផលនៃការសិក្សាស្រាវជ្រាវ បានព្យាករណ៍ថា ខ្សែទឹកហូរក្នុងសមុទ្រនឹង “ជាប់គាំង” ៣០០ឆ្នាំ ក្រោយពីកម្រិតនៃ CO2 កើនឡើងទ្វេដង។ ពេលនោះ សីតុណ្ហភាពនៅសមុទ្រអាត្លង់ទិកខាងជើង ធ្លាក់ចុះ ២,៤អង្សាសេ និងសីតុណ្ហភាពនៅតំបន់ពាយព្យអឺរ៉ុប នឹងធ្លាក់ចុះដល់ទៅ ៧អង្សាសេ៕

ប្រែសម្រួល ៖ តារាប្រភព ៖ Dailymail