ម៉ូដែលមួកកាទឹបដែលមានបោះពុម្ភអក្សរ USA និងលេខ ៤៥ ទើបត្រូវបានដាក់លក់នៅលើគេហទំព័ររបស់ក្រុម Donald Trump តម្លៃ ៤០ដុល្លារអាមេរិក។

/

ប្រធានាធិបតីរបស់អាមេរិកដែលទើបបានជាប់ឆ្នោត ត្រូវបានគេប្រទះឃើញពាក់មួកនេះ នៅក្នុងពិធីបុណ្យអំណរគុណ កាលពីចុងខែមុន។

មួកពណ៌ក្រហម មានអក្សរ USA ពណ៌ ស នៅខាងមុខ និងមានលេខ៤៥ និងទង់ជាតិអាមេរិកនៅខាងស្ដាំ និងខាងឆ្វេង។ ប្រការនេះ ចង់បញ្ជាក់ថា លោកនឹងក្លាយជាប្រធានាធិបតីអាមេរិកទី ៤៥ឆ្នាំ។

គេហទំព័រនៃក្រុមធ្វើយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump ឱ្យដឹងថានេះគឺជាអាសយដ្ឋានអនឡាញតែមួយគត់ដែលលក់មួកនេះ និងបានបន្ថែមថា ផលិតផលនេះ “មានមោទនភាពដោយវាផលិតនៅអាមេរិក” នេះបើតាមទំព័រ Telegraph។

ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត លោក Trump ធ្លាប់បានធ្វើឱ្យមានចំណាប់អារម្មណ៍ ជាមួយនឹងមួកកាតឹបពណ៌ក្រហម ដែលមានជយឃោស Make America Great Again (ធ្វើឱ្យអាមេរិកខ្លាំងពូកែឡើងវិញ)។ មួកនេះមានតម្លៃ ២៥ដុល្លារ ហើយវាតែងតែអស់ពីឃ្លាំងនៃគេហទំព័រផ្លូវការរបស់ក្រុមលោក Trump។

/

បន្ទាប់ពីមហាសេដ្ឋី Trump ឈ្នះឆ្នោតកាលពីថ្ងៃទី ៨វិច្ឆិកា ផលិតផលថ្មីមួយចំនួន ត្រូវបានគេដាក់លក់ជាបន្តបន្ទាប់ក្នុងទីផ្សារ ក្នុងនោះ មានសម្ភារៈតុបតែងដើមណូអែល ដែលយកតាមលំនាំមួក Make America Great Again មានតម្លៃ ៩៩ដុល្លារអាមេរិក៕

ប្រែសម្រួល ៖ តារាប្រភព ៖ telegraph