យានអវកាសរបស់ NASA បានផ្ដល់នូវរូបភាពកម្រ អំពីផែនដី និងព្រះចន្ទ ដែលត្រូវបានថតពីភពព្រះអង្គារ ដែលមានចម្ងាយ ២០៥លានគីឡូម៉ែត្រ។

/

រូប​ថត​នេះ បង្ហាញអំពី​ព្រះចន្ទ និង​ផែនដី ដែល​ថត​ពី​ភព​ព្រះអង្គារ

យានសិក្សាស្រាវជ្រាវអំពីគន្លងគោចរភពព្រះអង្គារ (MRO) របស់ទីភ្នាក់ងារអវកាសអាមេរិក (NASA) បានប្រើប្រាស់ម៉ាស៊ីនថតលំដាប់កំពូល ថតយករូបភាពរបស់ផែនដី និងព្រះចន្ទ កាលពីថ្ងៃទី ២០វិច្ឆិកា ឆ្នាំ ២០១៦ នេះបើតាមទំព័រ Space ។ NASA ឱ្យដឹង នៅពេលកំពុងថត ភពព្រះអង្គារ និងផែនដី មានគម្លាតពីគ្នាប្រហែល ២០៥លានគីឡូម៉ែត្រ។

“រូបភាពនេះ បង្ហាញអំពីទីតាំង និងទំហំដ៏ត្រឹមត្រូវរបស់ផែនដី និងព្រះចន្ទ។ រយៈចម្ងាយរវាងផែនដី និងព្រះចន្ទ គឺធំជាងប្រហែល ៣០ដង ធៀបនឹងអង្កត់ផ្ចិតរបស់ផែនដី”។ ប៉ុន្តែ រយៈចម្ងាយពីព្រះចន្ទ ទៅផែនដីក្នុងរូបនេះ វាជិតជាង ព្រោះថា ការថតនេះត្រូវបានរៀបគម្រោងពីមុន ដើម្បីឱ្យព្រះចន្ទស្ថិតនៅត្រង់ខាងក្រោយផែនដី ពេលមើលពីភពព្រះអង្គារ” នេះបើតាម NASA។

រូបភាពថ្មីនេះ បង្ហាញយ៉ាងច្បាស់នូវទំហំរបស់បណ្ដាទ្វីបនៅលើផែនដី ចំនុចពណ៌ប្រផេះនៅកណ្ដាលផែនដីក្នុងរូបថតនេះ គឺអូស្ដ្រាលី។

បេសកកម្ម MRO តម្លៃ ៧២០លានដុល្លារ ត្រូវបានបាញ់បង្ហោះឡើងអវកាសកាលពីខែសីហាឆ្នាំ ២០០៥ និងហោះជុំវិញគន្លងគោចររបស់ភពព្រះអង្គារ ចាប់ពីខែមិនា ឆ្នាំ ២០០៦។ ក្នុងអំឡុងមួយទសវត្សរ៍កន្លងមក យានអវកាសនេះ បានសិក្សាស្រាវជ្រាវអំពីភូមិសាស្ដ្រភពអង្គារ តភ្ជាប់ទិន្នន័យជាមួយនឹងយាននៅលើដីនៃភពព្រះអង្គារ ដូចជារ៉ូបូត Curiosity និងជួយស្រាវជ្រាវទីតាំងដែលចុះចតដោយសុវត្ថិភាពសម្រាប់បេសកកម្មនានានៅពេលអនាគត។ MRO ហោះតាមគន្លងគោចរដែលមានរាងស្ទើរមូល និងមានចម្ងាយពីភពព្រះអង្គារប្រហែល ២៥០ ទៅ៣១៦គីឡូម៉ែត្រ៕

ប្រែសម្រួល ៖ តារាប្រភព ៖ RT