សហរដ្ឋអាមេរិក បានប្រកាសផ្តល់ប្រាក់ ១០លានដុល្លារ ដើម្បីលុបបំបាត់ពលកម្មកុមារនៅកម្ពុជា។
យោងតាមក្រសួងការបរទេស ផ្នែកការងាររបស់សហរដ្ឋអាមេរិក ឲ្យដឹងថា ទឹកប្រាក់១០លានដុល្លារនោះ គឺដើម្បីកិច្ចព្រមពៀងសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងពលកម្មកុមារនៅកម្ពុជា ក្នុងវិស័យកសិកម្ម នេសាទ និងផ្នែកសេវាកម្មក្នុងស្រុកផ្សេងៗទៀត។ គម្រោងនេះ ផ្តល់ឲ្យក្នុងគោលដៅកាត់បន្ថយបញ្ហាមិនប្រក្រតីក្នុងសង្គម និងការលើកតម្កើងកាលានុវត្តភាពសេដ្ឋកិច្ចសំរាប់គ្រួសារដែលមាន កុមាររងគ្រោះ ដោយសារពលកម្ម។

របាយការណ៍របស់វិទ្យាស្ថានស្ថិតិនៃក្រសួងផែនការ ដែលចេញផ្សាយក្នុងឆ្នាំ២០០២ បង្ហាញថា កុមារប្រមាណជា ១លានកន្លះ ប្រឈមនឹងបញ្ហាពលកម្មកុមារ ដែលក្នុងនោះ ប្រមាណជា ៧៥០០០០នាក់ ស្ថិតក្នុងទម្រង់ពលកម្មបែបធម្មតា ហើយប្រមាណជា៣៥០០០០នាក់ ស្ថិតក្នុងទម្រង់ពលកម្មធ្ងន់ធ្ងរ។ តាមរយៈផែនការជាតិឆ្នាំ២០០៨ ដល់២០១២ វិស័យចំនួន១៦ ត្រូវបានចាត់ទុកថា ជាពលកម្មកុមារ រូមមានវិស័យកសិកម្ម សំណង់ នេសាទ និងសេវាបម្រើតាមផ្ទះជាដើម ។
ប្រធានគម្រោងលុបបំបាត់ពលកម្មកុមារនៅកម្ពុជា លោក អ៊ុក ស៊ីសុវណ្ណ បានមានប្រសាសន៍ថា ពលកម្មកុមារភាគច្រើន គឺចាប់ពីអាយុ ១២ឆ្នាំឡើង ហើយមូលហេតុនៃពលកម្មកុមារនេះ គឺដោយសារភាពក្រីក្រ ការឲ្យតម្លៃទាបលើប្រព័ន្ធអប់រំ ទស្សនៈបុរាណរបស់ពលរដ្ឋ និងការអូសទាញសំភារៈនិយម។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១២ ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន បានប្រកាសថា សហរដ្ឋអាមេរិកនឹងប្តេជ្ញាជួយលើកកម្ពស់សុខភាពប្រជាពលរដ្ឋ កម្ពុជា និងការជួយដល់កុមារកម្ពុជាដែលកំពុងរងគ្រោះ៕
ដោយ ៖ សីហាប្រភព ៖ wave3/vod