នេះគឺជាលើកដំបូងហើយដែលជនល្មើសម្នាក់ត្រូវបានសម្លាប់ដោយរ៉ូបូត នៅក្នុង “សមរភូមិ”។
ខ្មាន់កាំភ្លើងដែលបានបាញ់ប្រហារទៅលើកងកម្លាំងនគរបាលនៅ Dallas អាមេរិក កាលពីម្សិលមិញ ត្រូវបានសម្លាប់ដោយការបំផ្ទុះគ្រាប់បែកដោយរ៉ូបូត។ ក្នុងសន្និសីទកាសែតផ្លូវការអំពីករណីបាញ់ប្រហារខាងលើ លោក David Brown មេបញ្ជាការនគរបាលនៅ Dallas ថ្លែងថា រ៉ូបូតត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ បន្ទាប់ពីការចរចាជាមួយជនល្មើស មិនបានសម្រេច។

រ៉ូបូតដែលតែងតែត្រូវបានទាហានអាមេរិកប្រើក្នុងសមរភូមិ
លោក David Brown បន្តថា “យើងខ្ញុំ មិនមានជម្រើសអ្វីផ្សេង ក្រៅតែពីប្រើប្រាស់រ៉ូបូតដើម្បីបំផ្ទុះគ្រាប់បែកនៅកន្លែងដែលជនល្មើសកំពុងលាក់ខ្លួន”។ ជនល្មើសត្រូវបានសម្លាប់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែករបស់រ៉ូបូត។
នៅក្នុងសេចក្ដីប្រកាសមុននេះ ចៅហ្វាយក្រុង Dallas បានឱ្យដឹងថា មានតែជនល្មើសម្នាក់គត់ដែលត្រូវបានសម្លាប់ដោយរ៉ូបូត។
រ៉ូបូតដែលត្រូវបានប្រើប្រាស់ក្នុងការសម្លាប់ជនល្មើសនេះ ក៏ត្រូវបាននគរបាល និងទាហានអាមេរិក ប្រើសម្រាប់គោលដៅផ្សេងៗគ្នា អាស្រ័យទៅលើមុខសញ្ញា និងភាពចាំបាច់នៃបញ្ហា។ ឧទាហរណ៍ដូចជា ករណីនគរបាល San Jose បានប្រើរ៉ូបូត បញ្ជូននំភីហ្ស៊ា និងទូរស័ព្ទទៅឱ្យបុរសម្នាក់ ដើម្បីបញ្ចុះបញ្ចូលគាត់កុំឱ្យធ្វើអត្តឃាតជាដើម។ ប៉ុន្តែ ក្រៅពីនេះ រ៉ូបូតនេះ ត្រូវបានគេប្រើដូចជាអាវុធទំនើប។

រូបភាពរ៉ូបូតដែលត្រូវប្រើប្រាស់ដើម្បីបញ្ជូននំភីហ្ស៊ា និងទូរស័ព្ទទៅឱ្យបុរសដែលកំពុងមានបំណងសម្លាប់ខ្លួន
មិនដូចរ៉ូបូតដែលត្រូវបានបំពាក់បច្ចេកវិទ្យាឆ្លាតវៃនោះទេ រ៉ូបូតដែលនគរបាលប្រើប្រាស់ក្នុងករណីបំផ្ទុះគ្រាប់បែកខាងលើ គឺជារ៉ូបូតដែលមនុស្សអាចបញ្ជាបានទាំងស្រុង។ ក្រៅពីការទម្លាក់គ្រាប់បែកដោយយន្តហោះគ្មានមនុស្សបើកនៅក្នុងសង្គ្រាម នេះគឺជាករណីទីមួយហើយដែលរ៉ូបូតត្រូវបានប្រើប្រាស់ដើម្បីសម្លាប់ជនល្មើសនៅក្នុងសមរភូមិ។
ប្រែសម្រួល ៖ បុត្រា