ក្រសួងរតនាគារសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីៗ កាលពីថ្ងៃព្រហស្បតិ៍លើជនជាតិរុស្ស៊ីចំនួន ១៩ នាក់និងស្ថាប័នចំនួន ៥ ទៀតពីបទជ្រៀតជ្រែកក្នុងការបោះឆ្នោតអាមេរិកឆ្នាំ ២០១៦ និងការវាយប្រហារតាមអ៊ីនធឺណិតដ៏មហន្ដរាយមួយចំនួនទៀត។

ក្រសួងរតនាគា បានគូសបញ្ជាក់អំពីអំពើបង្កអស្ថិរភាពរបស់រុស្ស៊ី រួមទាំងកាវាយប្រហារការបោះឆ្នោតឆ្នាំ ២០១៦ និងការវាយប្រហារ NotPetya ដែលជាការវាយប្រហារតាមអ៊ិនធឺណិត ដែលត្រូវបានដាក់ការចោទប្រកាន់លើយោធារុស្ស៊ី កាលពីថ្ងៃទី ១៥  ខែកុម្ភៈកន្លងទៅនេះ។ សេចក្តីថ្លែងការណ៍នេះ បានចាត់ទុកការវាយប្រហារតាមអ៊ីនធឺណិតនេះថាជា ការវាយប្រហារតាមអ៊ីធឺណិតដ៏មហន្ដរាយ និងចំណាយប្រាក់ច្រើនបំផុត នៅក្នុងប្រវត្តិសាស្ត្រ ដែលបណ្តាលឱ្យមានការខាតបង់ថវិការាប់ពាន់លានដុល្លារ នៅទូទាំងទ្វីបអឺរ៉ុប អាស៊ី និងសហរដ្ឋអាមេរិក ព្រមទាំងបានបង្អាក់ដំណើរការដឹកជញ្ចូនទំនិញជាសលក ធ្វើឱ្យរអាក់រអួលដល់ពាណិជ្ជកម្ម មន្ទីរពេទ្យ និងការផលិតឱសថ។

/

លោក Steven Mnuchin រដ្ឋមន្រ្ដីក្រសួងខាងលើ បានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍ថា ការដាក់ទណ្ឌកម្មទាំងនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីដោះស្រាយការវាយប្រហារដ៏អាក្រក់ផ្សេងទៀត ដែលកើតចេញពីប្រទេសរុស្ស៊ី។ ក្រសូងរតនាគារ មានបំណងដាក់ទណ្ឌកម្ម CAATSA បន្ថែមទៀត ដែលបានផ្ដល់ដំណឹង ដោយសហគមន៍ចារកម្មរបស់យើងដើម្បីឱ្យក្រុមមន្ត្រីរដ្ឋាភិបាលរុស្ស៊ី និងពួកប្រមុខដឹកនាំ ចេញមុខទទួលខុសត្រូវ ចំពោះអំពើបង្កអស្ថិរភាពរបស់ខ្លួន ដោយបានបំបែកចូលដំណើរការប្រព័ន្ធហិរញ្ញវត្ថុរបស់អាមេរិកដោយខុសច្បាប់។

មនុស្ស ១៣ នាក់ និងស្ថាប័នចំនួន ៣ ទៀត ដែលត្រូវទទួលទណ្ឌកម្ម កាលពីថ្ងៃព្រហស្បតិ៍នេះ​ គឺអនុលោមទៅតាមបទបញ្ជាលេខ 13694 របស់លោកអូបាម៉ា  ដែលចែងថា៖  បទបញ្ជានេះ មានអានុភាពដាក់ទណ្ឌកម្ម ដោយការបិទចលនាទ្រព្យសម្បត្តិរបស់បុគ្គល ដែលជាប់ពាក់ព័ន្ធនឹងអំពើវាយប្រហារតាមអ៊ិនធឺរណិតដ៏គ្រោះថ្នាក់ ។ ការដាក់ទណ្ឌកម្មទាំងនេះ គឺជាការឆ្លើយតបដោយផ្ទាល់ចំពោះការជ្រៀតជ្រែកក្នុងដំណើរការបោះឆ្នោតឆ្នាំ ២០១៦ ដូចជាការបង្កើតគណនីប្រព័ន្ធផ្សព្វផ្សាយក្លែងក្លាយ របស់ភ្នាក់ងារស្រាវជ្រាវអ៊ីនធឺណិត (IRA) ព្រមទាំងយុទ្ធនាការដើម្បីជំរុញ(Boost) បេក្ខភាពប្រធានាធិបតីរបស់លោក Donald Trump។

/

សេចក្ដីប្រកាសព័ត៌មានមួយបានឱ្យដឹងថា តាមរយៈសកម្មភាពនេះ IRA បានបង្ហោះការផ្សាយពាណិជ្ជកម្មរាប់ពាន់ ដែលបានទៅមនុស្សរាប់លាននាក់ នៅលើបណ្ដាញអ៊ីនធឺណេត ។ ភ្នាក់ងារ IRA ក៏បានរៀបចំ និងសម្របសម្រួលដល់ការប្រមូលផ្តុំនយោបាយ អំឡុងពេលការបោះឆ្នោតឆ្នាំ ២០១៦ ខណៈភ្នាក់ងារនេះ បានលាក់បាំងអត្តសញ្ញាណប្រជាជនរុស្ស៊ីរបស់ខ្លួន។ មិនតែប៉ុណ្ណោះ ភ្នាក់ងារនេះ បានប្រើព័ត៌មានអត្តសញ្ញាណកម្មខុសច្បាប់ពីពលរដ្ឋអាមេរិកក្នុងការបើកគណនីហិរញ្ញវត្ថុដើម្បីជួយផ្តល់មូលនិធិដល់ប្រតិបត្តិការរបស់ IRA ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist