ការបញ្ជាទៅលើរ៉ូបូតដោយប្រើការគិតពីចម្ងាយ គឺជារឿងដែលមាននៅតែក្នុងភាពយន្តប៉ុណ្ណោះ ប៉ុន្តែពេលនេះ វាបានក្លាយជាការពិត ហើយវានឹងត្រូវអាមេរិក ប្រើប្រាស់នៅក្នុងកងទ័ពនាពេលដ៏ខ្លីខាងមុខ។

/

ឧបករណ៍បញ្ជាយន្ដហោះគ្មានមនុស្សបើករបស់ក្រុមអ្នកវិទ្យាសាស្ដ្រនៃសកលវិទ្យាល័យ Arizona

Huffington Post បានចុះផ្សាយថា ពីរឆ្នាំកន្លងមកនេះ ក្រុមអ្នកវិទ្យាសាស្ដ្រក្នុងវិស័យកំណត់ទិស និងបញ្ជារ៉ូបូត នៅសកលវិទ្យាល័យ Arizona បានធ្វើការជាមួយកងទ័ពអាមេរិក ទាក់ទឹននឹងការ បញ្ជារ៉ូបូតដោយប្រើការគិតទៅលើឧបករណ៍ហោះហើរគ្មានមនុស្សបើក ដូចទៅនឹងខ្សែភាពយន្ត Oblivion។

បច្ចុប្បន្ន បច្ចេកវិទ្យានេះ ត្រូវបានគេអភិវឌ្ឍដល់លំដាប់កំពូល អនុញ្ញាតឱ្យមនុស្សម្នាក់អាចគ្រប់គ្រងឧបករណ៍ហោះហើរគ្មានមនុស្សបើក ដោយប្រើការគិតពីចម្ងាយ។

នៅលើពិភពលោក បច្ចុប្បន្ន មានក្រុមអ្នកវិទ្យាសាស្ដ្រជាច្រើន កំពុងសិក្សាស្រាវជ្រាវដើម្បីបង្កើត បច្ចេកវិទ្យាគ្រប់គ្រងឧបករណ៍ហោះហើរដោយប្រើរលកខួរក្បាល។ កាលពីឆ្នាំទៅ ក្រុមអ្នកវិទ្យាសាស្ដ្រព័រទុយហ្គាល បានសាកល្បងហោះហើរ និងធ្វើការបញ្ជាដោយប្រើរលកខួរក្បាលរបស់អ្នកបញ្ជា ទៅលើឧបករណ៍ហោះហើរនោះ។

/

ឧបករណ៍​ហោះហើរ​ត្រូវបានបញ្ជាដោយ​ការគិត​ នៅក្នុង​បន្ទប់ពិសោធនៃសកលវិទ្យា​Arizona

ឧបករណ៍បញ្ជាយន្ដហោះគ្មានមនុស្សបើករបស់ក្រុមអ្នកវិទ្យាសាស្ដ្រនៃសកលវិទ្យាល័យ Arizona មានរូបរាងដូចមួក ដែលមាន អេឡិចត្រូតអានរលកខួរក្បាលចំនួន ១២៨ បន្ទាប់មក វាបញ្ជូនទៅកាន់កុំព្យូទ័រ។ កុំព្យូទ័រ នឹងធ្វើការវិភាគ រួចបញ្ជូនរលកសញ្ញាទៅកាន់យន្តហោះគ្មានមនុស្សបើក។

សាស្ដ្រាចារ្យ Panagiotis Artemiadis ប្រធានក្រុមស្រាវជ្រាវ ឱ្យដឹងថា “វិស័យមួយក្នុងចំណោម វិស័យថ្មីជាច្រើនដែលយើងខ្ញុំកំពុងតែសិក្សាស្រាវជា្រវ គឺធ្វើយ៉ាងណាដើម្បីកាត់បន្ថយគម្លាតរវាងមនុស្ស និងរ៉ូបូត”។

/

មនុស្ស និង​យន្តហោះគ្មានមនុស្សបើក នៅក្នុងខ្សែភាពយន្ត Oblivion

លោក Artemiadis អះអាងថា “យើងខ្ញុំសង្ឃឹមថា បច្ចេកវិទ្យានេះ អាចនឹងត្រូវបានយកទៅប្រើប្រាស់ក្នុងវិស័យកងទ័ព ក្នុងរយៈពេលពី ៥ ទៅ ១០ឆ្នាំខាងមុខ”។

ប្រែសម្រួល ៖ បុត្រា