ក្រុមអាជ្ញាធរ បាននិយាយថា មនុស្ស ១៤ នាក់ត្រូវបានសម្លាប់ នៅពេលអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត បានបើកការវាយប្រហារមួយ នៅព្រលានយន្ដហោះក្រុងកាប៊ូល ក្នុងប្រទេសអាហ្គានីស្ថាន កាលពីថ្ងៃអាទិត្យ។ ពួកគេបាននិយាយថា ការបំផ្ទុះនោះ ពុំត្រូវចំអនុប្រធានាធិបតីរបស់ប្រទេសនេះ ដែលវិលត្រឡប់មកប្រទេសកំណើវិញ ក្រោយពីការរស់នៅប្រទេសេតួកគីរយៈពេលជាង ១ ឆ្នាំឡើយ។

លោក Najin Danish អ្នកនាំពាក្យក្រសួងមហាផ្ទៃ បាននិយាយថា ការបំផ្ទុះគ្រាប់បែកនេះ បានកើតឡើង នៅក្បែរព្រលានយន្ដហោះក្រុងកាប៊ូល ក្រោយពីក្បួនរថយន្ដអនុប្រធានាធិបតី ដែលមានពិរុទ្ធ បានចាកចេញពីព្រលានយន្ដហោះ។

/

លោក Danish បាននិយាយថា អគ្គមេបញ្ជាការលោក Abdul Rashid Dostum អតីតមេដឹកនាំយោធាជាន់ខ្ពស់ និងអ្នកអមដំណើររបស់លោក មិនបានរងគ្រោះថ្នាក់ដល់ជីវិតពីការបំផ្ទុះគ្រាប់បែកនេះនោះទេ។ ប៉ូលីស បាននិយាយថា មនុស្ស ១៤ នាក់ រួមមានទាំងជ​នស៊ីវិល និងកងកម្លាំងយោធាផងនោះ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ និងមនុស្ស ៥០ នាក់ផ្សេងទៀតរងរបួស។ 

អ្នកនាំពាក្យនគរបាល លោក Hashmat Stanikzai បានប្រាប់សារព័ត៌មាន BBC ថា បក្ខពួកក្នុងតំបន់របស់អង្គការរដ្ឋឥស្លាម ISIS បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ នៅលើគេហទំព័រនៃទីភ្នាក់ងារព័ត៌មាន Amaaq របស់ខ្លួន ដោយបានបញ្ជាក់ថា ពួកខ្លួនបានសម្លាប់ និងធ្វើឱ្យមនុស្សរងរបួស ១១៥ នាក់។ អ្នកវាយប្រហារ បានបំផ្ទុះគ្រាប់បែករបស់ខ្លួន នៅខាងក្រៅរបងព្រលានយន្ដហោះ។

/

អ្នកនាំពាក្យប្រធានាធិបតីលោក Haroon Chakhansuri បាននិយាយថា នៅក្នុងរបាយការណ៍មួយ ដែលថ្លែងចេញពីវិមានប្រធានាធិបតី ប្រធានាធិបតីអាហ្វហ្កានីស្ថាន បានថ្កោសទោសយ៉ាងខ្លាំងចំពោះការវាយប្រហារនោះ។  លោក Dostum បានទទួលការព្យាបាលផ្នែកវេជ្ជសាស្រ្ដ នៅក្នុងប្រទេសគួកគី ហើយឥឡូវនេះលោកបានធូរស្បើយ និងបានចូលបំពេញការងារវិញហើយ។

លោក Dostum បានចាកចេញពីប្រទេសអាហ្វហ្កានីស្ថាន ក្នុងឆ្នាំ ២០១៧ ក្រោយពីការិយាល័យអគ្គរដ្ឋអាជ្ញា បានបើកការស៊ើបអង្កេត ចូលក្នុងការសង្ស័យថា អ្នកក្រោមបង្គាប់របស់លោក បានធ្វើទារុណកម្ម  និងរំលោភបំពានផ្លូវភេទលើសម្ព័ន្ធមិត្ដម្នាក់ ដែលធ្វើឱ្យមិត្ដក្លាយជាគូប្រជែងនយោបាយ។ ចាប់ពីពេលនោះមក លោកត្រូវបានគេរាយការណ៍ថា ត្រូវបានរដ្ឋាភិបាលហាមឃាត់មិនឱ្យចូលប្រទេសអាហ្វហ្កានីស្ថានវិញទេ។

ភ្លាមៗនេះ វាមិនទាន់មានភាពច្បាស់លាស់នៅឡើយទេថា លោក Dostum នឹងប្រឈមនឹងការចោទប្រកាន់ណាមួយ ឬយ៉ាងណានោះ។ មន្រ្ដីមួយរូប ដោយសុំមិនបញ្ចេញឈ្មោះ ដោយសារលោកមិនត្រូវបានអញ្ញាតឱ្យអធិប្បាយលើបញ្ហានេះ បាននិយាយថា តុលាការក្នុងប្រទេសអាហ្វហ្កានីស្ថាន គឺជាស្ថាប័នឯករាជ្យមួយ ហើយស្ថាប័ននេះ និងអនុវត្ដកាតព្វកិច្ច និងទំនួលខុសត្រូវរបស់ខ្លួន នៅពេលដែលខ្លួន យល់ឃើញថា សមគួរ។

លោក Dostum ដែលរងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាម ប្រព្រឹត្ដក្រោយការដួលរលំរដ្ឋាភិបាលតាលីបង់កាលពីឆ្នាំ​២០០១  បានរងការរិះគន់ដោយសហរដ្ឋអាមេរិកសម្រាប់ការរំលោភបំពានសិទ្ធិមនុស្សរបស់លោក ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ cbsnews